
ប្រតិភូកីឡាប្រដាល់គុនខ្មែរ និងប្រតិភូកីឡាសហរដ្ឋអាមេរិក ពេលទៅជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្រ្តី ថោង ខុន នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃអង្គារ។ រូបថត NOCC
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រកួតប្រដាល់រវាងក្រុមកីឡាករកម្ពុជា និងក្រុមកីឡាករប្រដាល់មកពីអាមេរិក ដែលមានទាំងការប្រកួតដណ្តើមខ្សែក្រវាត់ និងប្រកួតមិត្តភាពអន្តរជាតិ សរុប៥គូ ធ្វើនៅផ្លូវ៦០ម៉ែត្រ ក្រុងសៀមរាប ខេត្តសៀមរាប នាយប់ថ្ងៃសុក្រខាងមុខនេះ ជាឱកាសដ៏ល្អក្នុងការជំរុញការផ្សព្វផ្សាយក្បាច់គុនខ្មែរ ក៏ដូចជាកម្ពុជា ទៅកាន់ពិភពលោក។
ការលើកឡើងបែបនេះ នៅពេលលោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡាគុនខ្មែរ និងប្រតិភូកីឡាសហរដ្ឋអាមេរិក ដឹកនាំដោយលោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃអង្គារ។
នៅក្នុងឱកាសនោះ លោក វ៉ា សុធា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យវិស័យកីឡាប្រដាល់គុនខ្មែរ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។
ជាមួយគ្នានេះ លោក សុធា បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរពិភពលោក «តេជោសន្តិភាព» ជាលើកទី៣ រវាងកីឡាករកម្ពុជា ធឿន ធារ៉ា និងកីឡាករអាមេរិក Max Crus រួមទាំងការប្រកួតមិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា៤នាក់ទៀត ជាមួយកីឡាករអាមេរិក ដែលនឹងធ្វើនៅខេត្តសៀមរាប ថ្ងៃទី២៨ ខែមីនានេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក ឬ World Championship Kickboxing (WCK) ហើយក៏នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតនេះ ទៅកាន់សហរដ្ឋអាមេរិកដែរ។
ជាការឆ្លើយតប លោកនាយករដមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានីយទូរទស្សន៍ថោន ដែលបានសហការជាមួយស្ថាប័ន WCK ក្នុងការបន្តរៀបចំឱ្យមានការប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរពិភពលោក «តេជោសន្តិភាព» នៅខេត្តសៀមរាប។ លោកបានបញ្ជាក់ថា «ព្រឹត្តិការណ៍នេះជាឱកាសដ៏ល្អមួយ ក្នុងការជំរុញការផ្សព្វផ្សាយ និងការលើកកម្ពស់ស្មារតីសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក»។

លោក ហ៊ុន ម៉ាណែត ពេលជួបពិភាក្សាការងារជាមួយប្រតិភូកីឡាប្រដាល់គុនខ្មែរ និងប្រតិភូកីឡាសហរដ្ឋអាមេរិក នៅវិមានសន្តិភាព កាលពីថ្ងៃអង្គារ។ រូបថត STPM
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ និងបានវាយតម្លៃខ្ពស់ចំពោះ ស្ថាប័ន WCK ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ព្រោះក្បាច់គុនជាវប្បធម៌របស់កម្ពុជានេះ មិនត្រឹមជាសិល្បៈការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងជាស្ពានក្នុងការកសាងមិត្តភាពផងដែរ។
លោកនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ រួមមានការដាក់បញ្ចូលគុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ និងបានដាក់យុទ្ធគុន មួយចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជា គុនល្បុក្កតោ យុទ្ធក្រមខម និងគុនខ្មែរ ជាដើម។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកចង់ឃើញ យុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់ នៅតាមបណ្ដាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត ហើយលោកបានលើកទឹកចិត្តឱ្យស្ថានីយទូរទស្សន៍ថោន បន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិជាមួយនឹងស្ថាប័នប្រដាល់អន្តរជាតិនានា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនខ្មែរឱ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក។
កាលពីព្រឹកថ្ងៃអង្គារនោះដែរ ប្រតិភូកីឡាគុនខ្មែរ និងប្រតិភូកីឡាសហរដ្ឋអាមេរិក ក៏បានចូលជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ ហើយក្នុងឱកាសនោះ លោក ថោង ខុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Dennis Warner ប្រធាន WCK សម្រាប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតគុនខ្មែរ។
លោក ថោង ខុន បានថ្លែងថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានជួបលោក នៅថ្ងៃនេះ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រដល់គុនខ្មែរ។ ខ្ញុំក៏សូមអរគុណដល់ស្ថានីយទូរទស្សន៍ថោន សហព័ន្ធគុនខ្មែរអន្តរជាតិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង WCK ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាបេះដូងនៃគុនខ្មែរ»។
ជាមួយគ្នានោះ លោក ថោង ខុន បានបញ្ជាក់ថា គុនខ្មែរ មានប្រវត្តិដ៏យូរអង្វែងដែលមាន អាយុកាលរាប់ពាន់មកហើយ ហើយលោកបានប្រាប់ទៅលោក Dennis Warner ប្រធាន WCK ក៏ដូចជាកីឡាករអាមេរិក និងអ្នកពាក់ព័ន្ធផ្សេងទៀត អាចចុះទៅស្រាវជ្រាវស្វែងយល់បន្ថែម ពីប្រវត្តិគុនខ្មែរ តាមរយៈការទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាចម្លាក់នៅតាមប្រាសាទបាយ័ន៕