
អង្គមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់ NOCC នារសៀលថ្ងៃទី២៧ ខែមីនា។ រូបថត NOCC
លោកទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើឱ្យអង្គមហាសន្និបាតរបស់គណៈកម្មាធិការប្រតិបត្តិ NOCC រៀបចំខ្លួន និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបន្តជ្រោងទង់កីឡាជាតិ ឱ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត។
ការលើកឡើងបែបនេះរបស់លោក ថោង ខុន ត្រូវបានលើកឡើង ក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC នារសៀលថ្ងៃទី២៧ ខែមីនា ដោយមានគ្រប់ភាគីពាក់ នៅក្នុងវិស័យកីឡាបានចូលរួម ដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយការសម្លឹងទៅមុខ ឆ្ពោះទៅបំពេញបេសកកម្មថ្មីៗថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។
លោក ថោង ខុន បានថ្លែងថា៖ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំង៣ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ»។
«ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យ ត្រូវការស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នា ក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំង៣ ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។ លោក ថោង ខុន បានបន្ថែម។
ជាមួយគ្នានេះ លោក ថោង ខុន បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ប្រព័ន្ធការងារកីឡា ដែលបានប្រទាក់ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិ កីឡាជាតិ និងប្រទេសជាតិជាធំរបស់សសរស្តម្ភទាំង៣ ទើបធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ និងប្រជាជន។
តែទោះបីជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែ អ្វីៗទាំងអស់នៅតែពឹងផ្អែកទាំងស្រុងទៅលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមានឱកាសបង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យជាបន្តបន្ទាប់ ស្របទៅនឹងបាវចនា “កីឡារស់ក្នុងសន្តិភាព”»។
បន្ថែមលើនេះ លោក ថោង ខុន បានស្នើឱ្យអង្គមហាសន្និបាតរបស់ NOCC ទាំងអស់ ត្រូវត្រៀមខ្លួន ដើម្បីស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ក្រៅពីការរំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាល ក្នុងឆ្នាំ២០២៤ ខ្ញុំសូមឱ្យអង្គមហាសន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិ ឱ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត»។
សម្រាប់ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបន្តជ្រោងទង់កីឡាជាតិ ឱ្យលេចត្រដែតនេះ គឺលោក ថោង ខុន ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។
ជាពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងកម្រិតការប្រកួតពហុកីឡាប្រចាំទ្វីបអាស៊ី គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ “4th Asian Youth Games” និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ “6th Asian Youth Para Games” ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក។
ចំពោះការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើនេះ លោក ថោង ខុន បានប្រាប់ឱ្យមានការជំរុញល្បឿននៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡា ឱ្យមានសង្គតិភាពទៅនឹងនិន្នាការ រីកចម្រើននៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡា ពិសេសក្នុងនិន្នាការសកលនៃប្រើប្រាស់បច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត “AI” ក្នុងវិស័យកីឡា និងចលនាអូឡាំពិកអន្តរជាតិ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤។
ជាទីបញ្ចប់ លោក ថោង ខុន បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងមហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី-ខេត្ត ដែលតែងតែផ្តល់នូវកិច្ចសហការ សម្របសម្រួល ដល់ដំណើរការបម្រើសេវារៀបចំសកម្មភាពការងារផ្សព្វផ្សាយចលនាកីឡាឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាគុណប្រយោជន៍ដល់សង្គមជាតិ»៕