
លោក Gordon Tang ពេលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤។ រូបថត សហការី
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីជំហានសំខាន់ក្នុងការអភិវឌ្ឍកីឡា Mixed Martial Arts (MMA) តាមរយៈការឧបត្ថម្ភយុទ្ធសាស្រ្តពីលោក ហ្គ័រដិន តាង (Gordon Tang) អនុប្រធាន NOCC និងជាអនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយលោកបានឧបត្ថម្ភដល់អត្តពលិក MMA ឈានមុខគេរបស់កម្ពុជាចំនួន៥ នាក់ ឪ្យទៅហ្វឹកហាត់រយៈពេលមួយឆ្នាំនៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព សម្រាប់ចូលរួមការប្រកួតកីឡាអាស៊ី ហ្គេម ឆ្នាំ ២០២៦ នៅ Aichi–Nagoya ប្រទេសជប៉ុន។
ទោះបីជាលោក ហ្គ័រដិន តាង មិនបានចូលរួមក្នុងមហាសន្តិបាតរបស់ NOCC កាលពីថ្ងៃទី ២៧ មីនា ដោយសារលោកជាប់បំពេញភារកិច្ចនៅសិក្ខាសាលាពង្រឹង និងប្រឡងផ្លូវការរបស់សមាគមកីឡា MMA អាស៊ី (AMMA) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី២៨ ដល់ទី៣០ ខែ មីនា ប៉ុន្តែលោក តាង បានឲ្យជំនួយការលោក Meng Wang ជាអ្នកបញ្ជាក់ពីការឧបត្ថម្ភដ៏រឹងមាំនេះដល់ក្រុមអត្តពលិក MMA កម្ពុជា។
យុទ្ធសាស្ត្រនេះជាផ្នែកមួយនៃបេសកកម្មទូលំទូលាយរបស់លោក តាង ក្នុងការលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយជាអ្នកចូលរួមសំខាន់លើឆាកអន្តរជាតិ ស្របពេលកីឡា MMA ត្រូវបានបញ្ចូលឲ្យមានការប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ និងកីឡាយុវជនអាស៊ី លើកទី ៣ នៅបារ៉ែន (ខែតុលា ឆ្នាំ ២០២៥) ហើយក្នុងនាមជាអ្នកដឹកនាំគណៈកម្មាធិការអូឡាំពិកអាស៊ីសម្រាប់កីឡា Esports, Martial Arts និង Mind Sports លោក តាង ក៏បានកំពុងនឹងគាំទ្រយ៉ាងខ្លាំងដល់ការលើកកម្ពស់កីឡា MMA ឲ្យបញ្ចូលក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម នៅពេលអនាគតផងដែរ។
គួររំឭកថា នៅមុនការចំណាយ ក្នុងការបញ្ជូនអត្តពលិក MMA កម្ពុជា ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិនលើកនេះ លោក តាង ក៏ធ្លាប់បានឧបត្ថម្ភដល់ក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធ កីឡាគុនដាវ និងកីឡាលើកទម្ងន់កម្ពុជាចំនួន៦នាក់ ចេញទៅហ្វឹកហាត់លើជំនាញកម្រិតខ្ពស់ នៅប្រទេសចិន កាលពីឆ្នាំ២០២៤ផងដែរ ហើយការវិនិយោគនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក តាង ក្នុងការជួយពង្រឹងគុណភាពវិស័យកីឡាកម្ពុជា និងជួយដល់ចលនាអូឡាំពិកកម្ពុជាផងដែរ។

ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ រូបថត NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖«ការដឹកនាំយ៉ាងឆ្លាតវៃរបស់លោក ហ្គ័រដិន តាង ក្នុងការធានាឲ្យ MMA ត្រូវបានបញ្ចូល ក្នុងការប្រកួតកីឡាអាស៊ីហ្គេម ឆ្នាំ ២០២៦ រួមជាមួយនឹងការឧបត្ថម្ភដល់អត្តពលិកឆ្នើម MMA ៥ នាក់ឲ្យទៅហ្វឹកហាត់យ៉ាងតឹងរឹងនៅប្រទេសចិន គឺមិនត្រឹមតែជួយដល់ឱកាសឈ្នះមេដាយរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ»។
« ការវិនិយោគក្នុងវិស័យ MMA របស់កម្ពុជា នេះ បានបញ្ជាក់ពីការប្តេជ្ញារបស់លោក ហ្គ័រដិន តាង ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធកីឡាជាតិ និងលើកកម្ពស់យុទ្ធគុនខ្មែរបុរាណ ឲ្យកាន់តែមានឈ្មោះបោះសំឡេងនៅលើពិភពលោក»។ លោក វ៉ាត់ ចំរើន បានបន្ថែម។
ជាមួយគ្នានេះ ការគាំទ្រដ៏អត់ធ្មត់របស់លោក តាង ក៏ជាការសម្របសម្រួល ស្របទៅនឹងយុទ្ធសាស្ត្រជាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីអភិវឌ្ឍវិស័យកីឡាកម្ពុជា និងលើកស្ទួយកីឡាយុទ្ធគុនខ្មែរបុរាណ ហើយលោក តាង ក៏បានសហការជាមួយរដ្ឋាភិបាលក្នុងការរៀបចំការប្រកួត MMA ជើងឯកអាស៊ីលើកទី ២ នៅកម្ពុជា និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយកម្ពុជាឈ្នះបានមេដាយមាស១ ប្រាក់៥ និងមេដាយសំរឹទ្ធ៩ ក្នុងនាមជាម្ចាស់ផ្ទះ។
លោក តាង ក៏បានសន្យាថា នឹងគាំទ្រកម្ពុជាក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ ក្នុងនាមជាម្ចាស់ផ្ទះ ដោយសម្រេចឲ្យប្រទេសកម្ពុជាក្លាយជាគន្លងសំខាន់សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ហើយជំរុញឲ្យយុវជនខ្មែរមានកម្លាំងចិត្តក្នុងការសម្រេចកិត្តិយស នៅលើទឹកដីខ្លួនឯង។
ក្រៅពី MMA លោក តាង ក៏បានអភិវឌ្ឍវិស័យកីឡាដទៃទៀតដូចជា Olympic និងកីឡាថ្មីៗ ហើយលោកក៏ជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ដោយបានដឹកនាំប្រភេទកីឡានេះឲ្យឈ្នះមេដាយជាលើកដំបូងជាប្រវត្តិសាស្ត ក្នុងការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣។
លើសពីនេះ លោក ហ្គ័រដិន តាង បានបង្ហាញឆន្ទៈក្នុងបន្តជួយដល់វិស័យកីឡានៅកម្ពុជាឲ្យមានការរីកចម្រើន និងមានស្ថិរភាព ដើម្បីជួយឲ្យកីឡាករកីឡាការិនីកម្ពុជា អាចកសាងបានស្នាដៃលេចធ្លោ នៅលើឆាកអន្តរជាតិបន្តទៀត៕