ក្រុម​ភ្នំពេញ​ក្រោន បាន​បន្ត​យក​​ឈ្នះ​លើ​ក្រុមបឹងកេត ៣-២ ទាំង​លំបាក ដើម្បី​តាមប្រជែង​ជាមួយ​ក្រុមកំពូល​តារាង ​ព្រះខ័នរាជស្វាយរៀង ដែល​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម​ដែរ ចំណែ​ក​ក្រុម​វិសាខា ក៏​ដណ្តើម​បាន៣ពិន្ទុ​ពី​ក្រុម​ណាហ្គាវើលដ៍ដូចគ្នា សម្រាប់ការ​ប្រកួត​គ្នា​រវាងក្រុមកំពូល​តារាងទាំង​៦ (Top6) នៃ​លីគ​កំពូល​កម្ពុជា កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមក​នេះ។

យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi ​មិន​ពេញ​ចិត្ត​នឹងការកាត់​សេចក្តី​របស់​លោក​អាជ្ញាកណ្តាល ជី សាមឌី ​នោះ​ទេ។

លោកបានចាត់​ទុក​ការ​ពិន័យ​របស់​លោកអាជ្ញាកណ្តាល​ទៅលើ​ប្រធាន​ក្រុមភ្នំពេញ​ក្រោន អ៊ន ចាន់ប៉ូលីន ដែល​បានប៉ះ​ទង្គិច​គ្នាជាមួយ សៀង ចន្ទា ថា ជារឿង​មិនសម​ហេតុ​ផល ធ្វើ​ឱ្យក្រុមបឹងកេត អាច​រក​បាន​គ្រាប់បាល់​ តាម​រយៈ​ការ​​ផ្តល់​បាល់​ហ្រ្វីឃីកនោះ។

លោក Oleg បាន​និយាយ​ក្រោ​យការ​ប្រកួត​ថា៖ «យើងមានការចាប់ផ្តើមល្អ ប៉ុន្តែ បឹងកេតអាចរកគ្រាប់បាល់ត្រឡប់​មកវិញបាន។ គ្រាប់បាល់ខ្លះកើតឡើងលើសពីការរំពឹងទុក ព្រោះខ្ញុំមិនយល់ថា ហេតុអ្វីផ្តល់បាល់ហ្វី្រឃីក​នោះ​ទេ»។

​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែន​រូប​នេះ បាន​បន្ថែម​ថា៖​ «វាជាការប៉ះទង្គិចគ្នាធម្មតាសម្រាប់កីឡាករ ហើយ​ការប៉ះទង្គិចគ្នាបែបនោះ វាកើតឡើងជិត​១០ដងក្នុងការប្រកួត ប៉ុន្តែ​នៅក្នុងស្ថានភាពខ្លះអាជ្ញាកណ្តាលផ្តល់ការពិន័យ រីឯ​​ស្ថានភាពខ្លះបែរជាអត់ពិន័យ​ទៅវិញ»។

ការ​ប្រកួត​រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង និង​ក្រុមអង្គរ​ថាយហ្គឺរ ដោយក្រុមស្វាយរៀង បាន​យក​ឈ្នះ ៥-២។ រូប​ថត CPL

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ​ក្រុម​ភ្នំពេញក្រោន អាច​រក​បាន​គ្រាប់បាល់នាំមុខ​ក្រុម​បឹងកេត ២-០ យ៉ាងលឿនបំផុត គឺ​​ខ្សែ​បម្រើប្រយុទ្ធ Nieto Rondon បានស៊ុត​បញ្ចូល​ទី​​គ្រាប់បាល់ដំបូង ត្រឹមរយៈពេល​​៤៥វិនាទី ហើយ​​ខ្សែ​ប្រយុទ្ធ Nnamdi Ofufu Ibeh បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៦។

យ៉ាង​ណា​ក៏ដោយ ​ការ​ជ្រុល​ជើងទាត់​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ពីក្រោយបណ្តាល​ឱ្យដួល ​ពីសំណាក់ប្រធាន​ក្រុម អ៊ន ចាន់ប៉ូលីន នាំ​ឱ្យលោក​អាជ្ញាកណ្តាល  ជី សាមឌី សម្រេច​ផ្តល់បាល់​ហ្រ្វីឃីក​ទៅឱ្យក្រុមបឹងកេត ហើយ​កីឡាករ Scott Charlie Thomas ជាអ្នក​ស៊ុតបាល់នេះ​បានសម្រេច​នៅនាទីទី​៣៥ ហើយ​ សៀង ចន្ធា រកបាន​១​គ្រាប់​ទៀត តាមស្មើ ២-២ នៅនាទីទី​៤៥+១។

ប៉ុន្តែ​​នៅនាទីទី ៤៥+៦ ក្រុម​ភ្នំពេញ​ក្រោន បាន​ទទួល​បាល់​ហ្រ្វីឃីក​វិញ ហើយ​កីឡាករ Yudai Ogawa ជាអ្នក​ស៊ុតបាន​សម្រេច ហើយ​ក៏ជា​គ្រាប់បាល់​ចុងក្រោយ ​ជួយ​ឱ្យក្រុម​ភ្នំពេញក្រោន យក​ឈ្នះ​ក្រុមបឹងកេត ៣-២ ទាំង​លំបាក​ សម្រាប់ជំនួប​លើកនេះ​ផងដែរ។

តាម​រយៈការ​ដណ្តើម​បាន​៣ពិន្ទុ​នេះ បានជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន នៅតែមាន​ភាគ​រយ​ខ្ពស់ ក្នុងការ​តាមប្រជែង​ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែលបាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ៥-២ កាលពី​ថ្ងៃសៅរ៍ ​ធ្វើ​ឱ្យ​គម្លាត​ពិន្ទុ​នាំ​មុខ​រវាងក្រុម​ខ្លាំង​ទាំង​២នេះ ខុសគ្នា​៤ពិន្ទុ​​ដដែល គឺ​៥៨ទល់​នឹង​៥៤ពិន្ទុ។

ក្រុមវិសាខា បានអបអរ​ការ​រក​បានត្រឹម​១​គ្រាប់ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​វិសាខា ១-០ នៅលើ​ទឹក​ដី​ខ្លួនឯង កាលពី​ថ្ងៃអាទិត្យ។ រូប​ថត CPL

ចំណែក​ក្រុមម្ចាស់​ផ្ទះ ​វិសាខា បាន​យក​ឈ្នះក្រុមណាហ្គាវើលដ៍ ១-០ ទាំង​លំបាក កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ដើម្បី​បន្ត​ឈរ​នៅលេខ​៣ មាន​៥០ពិន្ទុ ខណៈ​ក្រុម​អង្គរថាយហ្គឺរ មាន៤០ពិន្ទុ និងណាហ្គាវើលដ៍ មាន​៣៦ពិន្ទុ រីឯ​ក្រុម​បឹងកេត ឈរនៅលេខ​រៀងទី​៦ក្រោយគេ ដោយ​មាន​ត្រឹម៣០ពិន្ទុ ហើយ​ក៏ជា​ក្រុមដំបូង​គេ ដែល​អស់ឱកាស​ក្នុងការ​ប្រជែង​យក​ពាន នៅ​ក្នុង Top6 នេះ​ផងដែរ។

យ៉ាង​ណា​ក៏ដោយ លោក Conor Nestor គ្រូ​បង្គោល​ក្រុម​បឹងកេត ​មិន​បាន​បង្ហាញការ​សោក​ស្តាយ​​ទៅនឹងការ​បាត់បង់ឱកាស​ប្រជែងយក​ពាន​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ខកចិត្ត​នោះ គឺ​ក្រុមបឹងកេត មិនអាច​នាំ​យក​ទម្រង់លេង​ដ៏ល្អ ដូច​ពេល​ប្រកួតចាញ់​ក្រុម​ស្វាយរៀង ១-០ កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ​ដើម្បី​មកដណ្តើម​យក​លទ្ធផល​ល្អ ចំពោះការ​ប្រកួតជាមួយក្រុម​ភ្នំពេ​ញក្រោន លើក​នេះ។​

លោក​បាន​​បញ្ជាក់​​ថា៖ «ខ្ញុំគិតថា យើងមិនមានឱកាសប្រជែងពាន​តាំងពី​៣ខែមុនម្ល៉េះ ប៉ុន្តែអ្វីដែលខ្ញុំខកចិត្តនោះ គឺយើងមិនអាចរក្សាការលេងដ៏ល្អរបស់យើង កាលពីសប្ដាហ៍មុន ទល់នឹងក្រុម​ស្វាយរៀង ឱ្យមក​បន្តលេងល្អ និងទទួលលទ្ធផលល្អនៅថ្ងៃនេះ»។

«ថ្ងៃនេះយើងលេងបានល្អតែពាក់កណ្ដាល ហើយការលេងជាមួយក្រុមកំពូល មានគ្រូល្អដូច្នេះ អ្នកមិនអាចឈ្នះជាមួយការលេងល្អតែពាក់កណ្ដាលបាននោះទេ»។ លោក Conor Nestor បាន​បន្ថែម ខណៈ​ការ​ប្រកួត Top6 ដើម្បីប្រជែង​គ្នាយក​ពាន​នេះ នៅសល់​ការ​ប្រកួត​ចំនួន​៨​ដង​ទៀត នឹងបញ្ចប់​ហើយ៕