ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើក​ទី​១០ ឆ្នាំ​២០២៥ បានចាប់​ផ្តើម​បើកការ​ប្រកួត​ជា​ផ្លូវការ​ហើយ ដើម្បីស្វែង​រក​ក្រុមម្ចាស់​ជើងឯក ក្នុង​​ខួប​១០​ឆ្នាំ​របស់​ខ្លួន។ ចំណែក​​លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជន​កម្ពុជា ដែលជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ឱ្យមាន​​ពាន​រង្វាន់នេះ​ឡើង បាន​អះអាង​ថា ការ​ប្រកួត​ឆ្នាំ​នេះ នឹងតាង​តឹង​ខ្លាំងជាង​ឆ្នាំ​មុនៗ ព្រោះ​គ្រប់ក្រុម សុទ្ធ​តែ​ត្រៀម​ខ្លួនបាន​ល្អ គឺ​គ្មាន​ក្រុមណា​ត្រៀម​ខ្លួន​ប្រកួត ដើម្បី​ចាញ់នោះ​ទេ។

លោក ហ៊ុន ម៉ានី បានចាត់ទុក​​ការ​ប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន»នេះ ជាការ​ផ្តល់ឱកាសដល់​មន្រ្តី​រាជការ បាន​ចេញ​ពី​ការិយាល័យ ដើម្បី​មកជួបជុំ​គ្នា នៅលើ​ទី​លាន ហើយ​ប្រកួតបាល់​ទាត់​ជាមួយ​​​គ្នា ដើម្បី​រឹតចំណង​មិត្ត​ភាព សាមគ្គីភាព និងការ​ពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការ។

យ៉ាង​ណាក៏​ដោយ រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ​​រូបនេះ មិន​បានគិត​ថា ​​ពាន​រង្វាន់មិត្តភាព​នេះ ជាការ​ប្រកួតបែប​ធម្មតាៗ និងសប្បាយៗ ដើម្បីតែសុខភាព​នោះ​ទេ។

លោកថ្លែង​ថា៖ «ការប្រកួតពានរង្វាន់​មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ឆ្នាំ​នេះ មិនត្រឹម​តែ​មាន​ចំនួន​ក្រុមចូល​រួម​ច្រើន​ជាងមុន​ៗ​ប៉ុណ្ណោះ​ទេ តែ​តាម​ដឹង​ក្រុម​នីមួយៗ ក៏បាន​​រក​គ្រូ​បង្វឹក​បន្ថែម​ដែរ អ៊ីចឹង​ឆ្នាំ​នេះ​ ប្រហែលជា​លើសពី​ឆ្នាំមុនៗ គឺជា​ការ​ប្រកួត​ប្រជែង​​​​មិនធម្មតា​ពេក​នោះ​ទេ»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានអះអាង​ថា ​ក្រុមក្រសួងមុខងារសាធារណៈ របស់​លោក ​ក៏បាន​រក​គ្រូ​បង្វឹក​មក​ជួយ​បង្ហាត់​បន្ថែម​ដូចគ្នា ដើម្បី​ត្រៀម​ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥នេះ ព្រោះ​លោក​យល់​ថា ក្រុមទាំង​អស់ ដែលបានចូលរួម​លើក​នេះ សុទ្ធតែ​មាន​មហិច្ឆតា​ចង់​ឈ្នះ ដណ្តើម​យក​ពាន​ដូចគ្នា។

«ពិតណាស់ កីឡាលេង​ដើម្បី​មិត្ត​ភាព ប៉ុន្តែ​គ្មាន​ក្រុមណា​ត្រៀម​ចូលរួម​ប្រកួត​ដើម្បីចាញ់នោះ​ទេ គឺ​ត្រូវការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ដូចគ្នា»។ លោក ហ៊ុន ម៉ានី បានបញ្ជាក់។

តែទោះបីជា​យ៉ាង​ណា លោកបាន​លើក​ទឹក​ចិត្ត​ឱ្យគ្រប់​ក្រុមទាំង​អស់ ប្រកួតគ្នា​ដោយ​ Fair play ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ ដំណើរ​ទៅ​បាន​ល្អ និងបញ្ចប់​ដោយ​ជោគ​ជ័យ។

លោក ហ៊ុន ម៉ានី បាន​លើក​ឡើងបែបនេះ នៅ​ក្នុងពិធីបើក​​ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើក​ទី​១០ ឆ្នាំ​២០២៥ នៅកីឡដ្ឋាន​ស្តាតចាស់ កាលពី​ថ្ងៃទី​១ ខែមីនា ហើយក៏ជាពេល​ដែល​ក្រុមម្ចាស់​ជើងឯកឆ្នាំ​២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាញ់​ក្រុម​ក្រសួងការពារជាតិ ១-០ នាការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A ផងដែរ រីឯ​ក្រុមក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏បានចាញ់​ក្រុម​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣-២ កាលពី​យប់ថ្ងៃសៅរ៍​នោះ​ផងដែរ។

តាម​របាយការណ៍​របស់​លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន បាន​ឱ្យ​ដឹង​ថា ការប្រកួតពាន «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើក​ទី​១០នេះ មានក្រុម​ចូលរួម​ចំនួន​៣៥ គឺ​បានបំបែក​កំណត់​ត្រា​ សម្រាប់ការ​ប្រកួត​កាលពី​ឆ្នាំ​២០២៤ ដែលមាន​៣៤ក្រុម។

ក្រុមទាំង​៣៥នេះ ​ចែក​​ជា​៨ពូល ដោយ​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃទី​១ ខែមីនា រហូត​ដល់​ថ្ងៃទី​២៤ ខែឧសភា។

​សម្រាប់ការ​ប្រកួត​ចំនួន​៩​លើក​កន្លងមក ក្រុម​ក្រសួង​សុខាភិបាល និង​ក្រុម​ក្រសួងការងារ និងបណ្តុះបណ្តាល​​វិជ្ជាជីវៈ បានឈ្នះ​ពាន​ចំនួន​៣​លើក​ដូចគ្នា ចំណែក​ក្រុម​ក្រសួងបរិស្ថាន ក្រុម​ក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រុម​ក្រសួងអប់រំ យុវជន និ​ងកីឡា បាន​ឈ្នះ​ពាន​ចំនួន​១លើក​ដូចគ្នា៕