
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។ រូបថត NOCC
កម្ពុជាគ្រោងរៀបចំឱ្យមានទិវារត់ប្រណាំងតាមឆ្នេរសមុទ្ធធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតយកខេត្តព្រះសីហនុ ជាគោលដៅធំ ដោយសារខេត្តនេះមានភាពអំណោយផលខ្លាំង ទាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ជាពិសេសមានផ្លូវរត់តាមតំបន់ឆ្នេរសមុទ្រវែងជាងគេ ដែលមានបរិយាកាសល្អ។
គម្រោងនេះ ត្រូវបានបង្ហើបឡើងដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ដោយព្រឹត្តិការណ៍នេះ បានបញ្ចប់ដោយជោគជ័យ មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមជាង៤ពាន់នាក់ មកពី៤៨ប្រទេស គឺបានបំបែកកំណត់ត្រាអ្នកចូលរួមរត់ដ៏ច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមក។
លោក វ៉ាត់ ចំរើន បានអះអាងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្ដល់នូវភាពកក់ក្ដៅដល់គណៈកម្មការជំនាញក្នុងការរៀបចំ ជាពិសេសការរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដើម្បីធានាសុវត្ថិភាពដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលចូលរួមរត់លើគ្រប់វិញ្ញាសា រហូតទទួលបានការស្ងើចសរសើរ។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួតថា៖ «ក្រោមកិច្ចសហការយ៉ាងល្អរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឱ្យអ្នកបច្ចេកទេសរបស់យើង មានភាពកក់ក្តៅ ហើយអ្នករត់ទាំងអស់ បានលាន់មាត់ថា ការរត់នៅខេត្តព្រះសីហនុនេះ មានភាពងាយស្រួលណាស់ ព្រោះមានបរិយាកាសល្អ ធាតុឱកាសពេលព្រឹកក៏អំណោយផល ជាពិសេសការរត់នៅតាមដងសមុទ្រ ដែលមានខ្យល់បរិសុទ្ធ គឺជារឿងមួយ ដែលពួកគាត់ មានការចង់ចាំ និងចង់មកចូលរួមទៀត»។
គ្រប់វិញ្ញាសារត់ទាំងអស់ ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុនេះ គឺដំណើរទៅបានយ៉ាងល្អ និងពោរពេញដោយស្នាមញញឹម ដោយគ្មានបញ្ហាអ្វីកើតឡើងនោះទេ ហេតុនេះវាជាសកម្មភាពរត់ប្រណាំងដ៏ល្អ ក្នុងការលើកមុខមាត់ដល់ខេត្តព្រះសីហនុ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍ ដែលបង្ហាញថា ពួកយើងទាំងអស់គ្នាមកទីនេះ ដើម្បីបង្ហាញទៅពិភពលោក ក៏ដូចជាមតិជាតិ និងអន្ដរជាតិថា ខេត្តព្រះសីហនុ នៅតែជាខេត្តមានសក្ដានុពល ខាងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងខាងផ្នែកវិស័យផ្សេងៗ ដែលត្រូវនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលជាខេត្តពហុបំណងនៃសេដ្ឋកិច្ចជាតិរបស់យើង»។
ចំណែកលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមរត់ផ្ទាល់ ក្នុងទិវារត់ប្រណាំងនេះដែរ គឺលោកបានថ្លែងអំណរគុណដល់ NOCC និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍រត់ប្រណំាំងនេះប្រកបដោយជោគជ័យ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «ទិវារត់ប្រណាំងនេះ យើងទទួលបានលទ្ធផលល្អយ៉ាងត្រចះត្រចង់ ដោយសារក្រុមការងាររបស់យើងទាំងអស់ អនុវត្តតាមតួនាទីបានល្អ។ ខ្ញុំសង្ឃឹមថា នឹងមានព្រឹត្តិការណ៍បែបនេះនៅក្នុងខេត្តរបស់យើង នាឆ្នាំក្រោយៗទៀត ហើយនឹងមានប្រជាពលរដ្ឋចូលរួមកាន់តែច្រើន ខណៈព្រឹត្តិការណ៍កីឡានេះ គឺដើម្បីសុខភាព មិត្តភាព និងការទាក់ទាញអ្នកទេសចរណ៍ឱ្យមកលេងខេត្តព្រះសីហនុរបស់យើងបានកាន់តែច្រើន»។
ជាមួយហេតុផលនេះ NOCC គ្រោងកែប្រែទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ឱ្យក្លាយទៅជាព្រឹត្តិការណ៍កីឡា ដែលធំជាងគេ នៅក្នុងតំបន់អាស៊ាន។ លោក វ៉ាត់ ចំរើន បានបង្ហើបថា៖ «តាមគម្រោងយើងធ្វើម៉េច ជំរុញខេត្តព្រះសីហនុ ពិសេសទិវារត់ប្រណាំងតាមឆ្នេរសមុទ្រនេះ ឱ្យក្លាយជាព្រឹត្តិការណ៍ធំជាងគេនៅអាស៊ាន»។
លោកបន្ថែមថា៖ «ពេលនេះព្រឹត្តិការណ៍រត់ប្រណាំង ដែលធំជាងគេ និងមានមនុស្សខ្ទង់ម៉ឺននាក់ គឺមាននៅភូកេតម៉ារ៉ាតុង ប្រទេសថៃ និងដាណាងម៉ារ៉ាតុង ប្រទេសវៀតណាម ប៉ុន្តែនៅទីនោះ សក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរសុទ្រ អត់ដូចយើងទេ គឺយើងស្អាតជាង ហើយការនិយាយបែបនេះ ដោយសារអ្នកមកចូលរួមរត់ផ្ទាល់នៅទីនេះថា យើងមានការរត់តាមឆ្នេរសមុទ្រវែងជាងគេ»។
ជាមួយចក្ខុវិស័យនេះ NOCC ចង់ទាក់ទាញបរទេសឱ្យបានជាង១ម៉ឺននាក់ សម្រាប់ការចូលរួមរត់ប្រណាំងនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៥ឆ្នាំទៀត។
លោក ចំរើន បញ្ជាក់ថា៖ «យើងធ្វើយ៉ាងម៉េចឱ្យជនបរទេសមកចូលរួម និងឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ គឺមានលក្ខណៈសមស្រប ដើម្បីទទួលស្វាគមន៍ពួកគាត់ ទាំងផ្ទះសំណាក់ សណ្ឋាគារ និងការធ្វើដំណើរ មានទាំងព្រលានយន្ដហោះ និងផ្លូវល្បឿនលឿន ដែលអាចធ្វើដំណើរទៅមកយ៉ាងងាយស្រួល»។
បន្ថែមលើនេះ NOCC ក៏កំពុងចាប់ដៃជាមួយប្រទេសផ្សេងៗ ដូចជាកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ នៅចិនជាដើម ដើម្បីទាក់ទាញអ្នករត់នៅតាលីម៉ារ៉ាតុងមករត់នៅកម្ពុជា ពិសេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ ដោយគ្មានការព្រួយបារម្ភ និងមានភាពកក់ក្ដៅ សម្រាប់ការរៀបចំក្រោយៗទៀត។
លោក ចំរើន បានសង្កត់ធ្ងន់ថា៖ «នេះជាចក្ខុវិស័យរបស់យើង ដែលយើងនឹងខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងថាមពលខ្លាំងក្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជំរុញឱ្យមានកម្មវិធីច្រើន សម្រាប់កម្មវិធីកីឡារបស់យើង ដើម្បីបំផុសចលនាជាតិផង និងជួយដល់សេដ្ឋកិច្ចជាតិផង ព្រោះរាល់កម្មវិធីទាំងអស់នេះ បានជួយច្រើនណាស់ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង»៕