អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានចាត់​ទុក​ ការ​សម្រេច​​ដាក់​បញ្ចូល​ប្រភេទ​កីឡាយុទ្ធ​គុនចម្រុះ (MMA) ​ទៅ​ក្នុងការ​ប្រកួត Aichi Nagoya Asian Games 2026 នៅ​ប្រទេសជប៉ុន គឺ​ជាសញ្ញាណ​ល្អ សម្រាប់​យុទ្ធគុនចម្រុះ​ខ្មែរ​បុរាណ ក្នុងការ​ពង្រឹង​សក្តានុពល ​ឈាន​ទៅ​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្តរជាតិ។

ការ​លើក​ឡើង​បែបនេះ​របស់លោក វ៉ាត់ ចំរើន គឺ​ដោយសារ​តែ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) និងគណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ីហ្គេម Aichi Nagoya Asian Games Organizing Committee ​(NINAGOC) បានសម្រេច​​ដាក់​បញ្ចូល​កីឡា MMA ​ទៅ​ក្នុងការ​​ប្រកួត​ Aichi Nagoya Asian Games 2026  នៅ​ប្រទេសជប៉ុន ជា​ផ្លូវការ​ តាម​សេចក្តីជូន​ដំណឹង​​របស់ខ្លួន ដែល​បាន​ផ្ញើ​ទៅកាន់គណៈកម្មាធិការអូឡាំពិកនៃបណ្តា​ប្រទេសជាសមាជិក​របស់ OCA នៅ​ក្នុង​តំបន់​អាស៊ី កាលពី​ថ្ងៃទី​២ ខែមីនា។

តាម​សេចក្តី​ជូនដំណឹង​​​ដដែល​នេះ ​បាន​បញ្ជាក់ថា ​​ការ​ប្រកួត​ Aichi Nagoya Asian Games ​នៅប្រទេសជប៉ុន ​ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៦ខាង​មុខ គឺ​មានការ​ប្រកួត​ ​​MMA ទាំងផ្នែក​បុរស និង​នារី ក្នុង​នោះ​​​វិញ្ញាសា​ប្រយុទ្ធ​ MMA បែបទំនើប មានការ​​ប្រកួត​ទម្ងន់ក្រោម៦០គីឡូក្រាម ទម្ងន់​​ក្រោម​៧១គីឡូក្រាម ផ្នែកបុរស និង​ទម្ងន់​ក្រោម​៥១គីឡូក្រាម​ផ្នែកនារី រីឯ MMA បែប​ប្រពៃណី មានការ​ប្រកួត​ទម្ងន់​ក្រោម​​៦៥​គីឡូក្រាម ទម្ងន់​ក្រោម​៧៧គីឡូក្រាម​ផ្នែកបុរស និង​​ទម្ងន់​ក្រោម៦០គីឡូ​ក្រាម​ផ្នែកនារី។

លោក វ៉ាត់ ចំរើន ពេល​ថ្លែង​ក្នុងសន្និសីទកាសែត នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥។ រូប​ថត NOCC

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុនចម្រុះកម្ពុជា​ផង​នោះ បាន​ឱ្យ​ដឹង​ថា កម្ពុជា ក្រោម​គំនិត​ផ្តួច​ផ្តួម​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ទើប​ចាប់​ផ្តើម​រៀបចំ​ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ​២០២៤ កាល​ពីថ្ងៃទី១៨ ដល់​ទី​២០ ខែតុលា  ដើម្បី​អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនខ្មែរបុរាណ ​របស់​ដូនតា បានបន្សល់ទុកឱ្យកូនចៅជំនាន់​ក្រោយ។

នៅក្នុង​ន័យនេះ លោក វ៉ាត់ ចំរើន យល់​ថា ការដាក់​ MMA ទៅ​ក្នុងការ​ប្រកួត​កីឡាអាស៊ី ជាលើកដំបូង នៅ​ប្រទេស​ជប៉ុន ឆ្នាំ​២០២៦ខាងមុខ​នេះ នឹង​ក្លាយជា​ផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការ​ជួយជំរុញ​ដល់​ការ​អភិវឌ្ឍន៍​យុទ្ធគុនចម្រុះ​ខ្មែរ​បុរាណ ក៏​ដូចជា​អ្នក​ហាត់​គុន នៅលើប្រភេទ​កីឡា​ប្រយុទ្ធ​ផ្សេងៗនៅ​កម្ពុជា ឱ្យកាន់តែ​ខិតខំ​ពង្រឹង​សមត្ថ​ភាព ឈាន​ទៅកាន់​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ។

លោក ចំរើន ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារ​នេះ​ថា៖​ «ការដាក់ MMA ទៅក្នុងការ​ប្រកួត​កីឡាអាស៊ីនេះ វាជាសញ្ញាណ​ល្អ​មួយ សម្រាប់កីឡាយុទ្ធគុន​ចម្រុះ​របស់យើង និង​ជួយ​ដល់​​កីឡា​ប្រពៃណីអត្តសញ្ញាណជាតិ​របស់​យើង ដូចជាអ្នក​ហាត់គុនខ្មែរ គុនល្បុក្កតោ ចំបាប់ យុទ្ធក្រមខម និងក្បាច់​គុនប្រយុទ្ធ​ផ្សេងៗ​ទៀត​ ឱ្យ​​មានឱកាស​ឈាន​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ តាម​រយៈការ​ដាក់បញ្ចូល MMA ​ក្នុងការ​ប្រកួត​កីឡាអាស៊ី​នេះ»។

លោក​បានបន្ថែម​ថា៖​ «បើ​​នៅ​ថ្ងៃ​ក្រោយប្រភេទ​កីឡា MMA ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ដល់ការ​ប្រកួត​​កីឡា​អូឡាំពិក​ហ្គេម​ទៀតនោះ វាកាន់តែ​មាន​ផ្លូវ​ច្រើនសម្រាប់​យើង​ ព្រោះ​កម្ពុជា​មានសក្តានុពល និង​ធនធាន​ច្រើន​នៃកីឡា​ប្រយុទ្ធ​ ហើយ​យើង​អាច​កសាងសមត្ថភាព​លេចធ្លោបាន​ នៅ​​ថ្ងៃ​ក្រោយ»​។

យ៉ាង​ណាក៏​ដោយ លោក វ៉ាត់ ចំរើន បានជំរុញ​ឱ្យក្រុម​អត្តពលិក​យុទ្ធគុនចម្រុះ​កម្ពុជា ត្រូវពង្រឹង​សមត្ថ​ភាពឱ្យ​បាន​​ល្អថែម​ទៀត ដើម្បីមានឱកាស​បានចូលរួមការ​ប្រកួតកីឡាអាស៊ី ដោយ​​លោកជឿ​ថា កីឡាករ​ កីឡាការិនី​​កម្ពុជា អាច​មាន​លទ្ធភាព​​ប្រជែងជាមួយ​គេ​បាន ព្រោះ​ពួកគេ ក៏ទើបដណ្តើម​បានមេដាយមាស​១ ប្រាក់៥ និងសំរឹទ្ធ​៩ ពី​​ការ​ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd Asian Mixed Martial Arts Championship) ឆ្នាំ២០២៤ ក្នុងនាមជា​ម្ចាស់​ផ្ទះ​ផងដែរ ដើម្បី​បាន​ចំណាត់​ថ្នាក់លេខ​​៥ ក្នុងចំណោម​ប្រទេស​ចូលរួម​ទាំង​១៥។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «​ក្រុមអត្តពលិក​យុទ្ធគុនចម្រុះ​របស់យើង ធ្លាប់ដណ្តើម​បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពី​ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះជើងឯក​អាស៊ី ដែល​កម្ពុជា​​ធ្វើជា​ម្ចាស់​ផ្ទះ​ អ៊ីចឹង​យើង​ត្រូវពង្រឹងសក្តានុពល និង​រក្សាការងារ​បច្ចេក​ទេស​នេះ ឱ្យ​ឈាន​ទៅ​​​ដល់​ការ​ប្រកួត​កីឡាអាស៊ីហ្គេម​នេះ»៕