
លោក Pep Munoz គ្រូបង្វឹកក្រុមស្វាយរៀង បានចាប់ដៃស្វាគមន៍គ្រូបង្គោលក្រុម Shan United លោក Ono Hiroki ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធ។ រូបថត PCL
ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ពីគោលដៅយ៉ាងប្រាកដប្រជារបស់ខ្លួន គឺត្រូវយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ឱ្យបានសម្រាប់ការប្រកួតជើងទី១ ក្នុងទឹកដី នាវគ្គជម្រុះ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League 2024-2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ម៉ោង៧ ថ្ងៃព្រហស្បត្តិ៍ស្អែកនេះ តែក្រុម Shan United ក៏ត្រៀមលេងទម្រង់បិទ ដើម្បីកាត់បន្ថយការរកគ្រាប់បាល់របស់ម្ចាស់ផ្ទះផងដែរ។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានទទួលស្គាល់ថា ការជួបក្រុម Shan United លើកនេះ វាខុសពីជំនួបក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ ខែកុម្ភៈ ដែលក្រុមស្វាយរៀង បានយកឈ្នះ Shan United ៤-២ ប៉ុន្តែលោកមានការជឿជាក់ខ្លាំងទៅលើកីឡាកររបស់លោក ក្នុងការនាំយកភាពរីករាយជូនអ្នកគាំទ្រម្តងទៀត។
លោកបានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធនេះថា៖ «ជំនួបលើកមុន ជាការប្រកួតសន្សំពិន្ទុ ដើម្បីដណ្តើមយក៣ពិន្ទុ ប៉ុន្តែលើកនេះ ជាការប្រកួតចាញ់ធ្លាក់ ដើម្បីយកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៊ីចឹងយើងមានកម្លាំងចិត្តខ្លាំងមែនទែន ចំពោះការប្រកួតនេះ»។
ជាមួយគ្នានេះ លោក Pep បានទម្លាយថា កីឡាករដែលមានរបួសកន្លងមក គឺភាគច្រើនអាចចូលលេងបានវិញហើយ ហើយមិនចាំបាច់មានការលើកទឹកចិត្តអ្វីបន្ថែមទៀតទេ ព្រោះក្រុមរបស់លោក បានធ្វើតាំងពីដើមរដូវកាលមក អ៊ីចឹងយើងនឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីបង្ហាញពីគុណភាពលេង ដើម្បីឈានទៅសម្រេចគោលដៅ ជូនដល់អ្នកគាំទ្រ សម្រាប់ការប្រកួតនៅលើទឹកដីលើកនេះ។

ការប្រកួតរវាងក្រុមស្វាយរៀង និង Shan United ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 កាលពីថ្ងៃទី៥ ខែកុម្ភៈ។ រូបថត ស្វាយរៀង
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz បានបញ្ជាក់ថា៖ «យើងមានក្រុមកីឡាករ ដែលមានគុណភាពច្រើនទាំងកីឡាករបរទេស និងកីឡាករខ្មែរ ហើយយើងនឹងរៀបចំឱ្យបានល្អ ព្រោះគោលដៅសំខាន់របស់ក្រុមទាំងមូល គឺត្រូវឈ្នះការប្រកួតនៅក្នុងទឹកដីលើកនេះ»។
ចំណែកខ្សែការពារ សឿយ វិសាល ក៏បានប្តេជ្ញាចិត្តដណ្តើមយកជម្នះដូចគ្នា ដោយរូបគេបាននិយាយថា៖ «កីឡាកររបស់យើងបានមកជួបជុំគ្នាវិញអស់ហើយ ដោយសារពួកគាត់បានជាពីរបួស អ៊ីចឹងវាមិនមានបញ្ហាអ្វីនោះទេ គឺពួកយើងប្តេជ្ញាចិត្ត យកជ័យជម្នះឱ្យបាន សម្រាប់ការប្រកួតនេះ»។
យ៉ាងណាក៏ដោយ លោក Ono Hiroki គ្រូបង្វឹក Shan United ក៏បានអះអាងពីការកែប្រែចំណុចខ្វះខាត ដើម្បីវិលមកជួបក្រុមស្វាយរៀងលើកនេះដូចគ្នា។
«ទោះបីជាលើកមុន យើងចាញ់ ក្រុមស្វាយរៀង ៤-២ តែលើកនេះ ក្រុមទាំងមូលមានទំនុកចិត្តក្នុងការប្រកួត បន្ទាប់ពីយើងរៀបចំក្រុមជាថ្មី ហើយបានកែប្រែចំណុចខ្វះខាតមួយចំនួន។ យើងដឹងថា ការប្រកួតនេះ ពិតជាពិបាក តែយើងនឹងធ្វើឱ្យបាក តែយើងនឹងធ្វើឲ្យវិលមកជួបក្រុមស្វាយរៀងបានល្អ»។
ជាមួយគ្នានេះ លោក Ono Hiroki បានអះអាងថា លោកបានស្វែងយល់ច្រើនពីរបៀបលេងរបស់ក្រុមស្វាយរៀង និងទម្រង់លេងជាលក្ខណៈបុគ្គល ទាំងកីឡាករបរទេស និងខ្មែរ រួមទាំងខ្សែប្រយុទ្ធប្រេស៊ីល Matheus Moresche និង Breno Caetano ដែលក្រុមស្វាយរៀង ទើបនាំចូលមក ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Challenge Leagueនេះ គឺទាមទារឱ្យក្រុមរបស់លោក ត្រូវផ្តោតឱ្យបានខ្លាំង ដើម្បីកាត់បន្ថយកុំឱ្យមានការស៊ុតបញ្ចូលទីច្រើនគ្រាប់។
លោកបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ទៅកីឡាកររបស់ខ្ញុំ ជាពិសេសខ្សែការពារ ត្រូវប្រមូលអារម្មណ៍ ដោយផ្តោតសំខាន់ទៅលើខ្សែប្រយុទ្ធបរទេសរបស់ក្រុមស្វាយរៀង ក៏ដូចជាខ្សែប្រយុទ្ធជាកីឡាករខ្មែរដូចគ្នា ព្រោះពួកគេសុទ្ធតែ មានគុណភាពក្នុងការបញ្ចប់ទី អ៊ីចឹងយើងនឹងខំប្រឹងប្រែងធ្វើឱ្យអស់ពីលទ្ធភាព សម្រាប់ការប្រកួតនេះ»។
គ្រូបង្វឹកក្រុម Shan United រូបនេះ បានបន្ថែមថា៖ «យើងត្រូវកាត់បន្ថយការទាត់បញ្ចូលទីរបស់គូប្រកួត សម្រាប់ការប្រកួតនៅក្រៅទឹកដីលើកនេះ ដើម្បីយើងមានអាទិភាពវិញ សម្រាប់ការប្រកួតនៅក្នុងទឹកដីរបស់យើង ដើម្បីយើងមានឱកាសឈានទៅកាន់ការប្រកួតនៅជុំបន្តទៀត»៕