សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា (FFC) បានបង្ហាញ​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត អំពីករណី​​សង្ស័យ​លើ​ការ​ប្រព្រឹត្ត​នូវទង្វើ​​រៀបចំកំណត់​លទ្ធផល​ទុកជាមុន​របស់​អ្នក​ចាំទី​​ក្រុមជម្រើស​ជាតិ​កម្ពុជា វីរៈ ដារ៉ា ដោយ FFC បាន​បញ្ជាក់តាម​សេចក្តី​ប្រកាស​របស់ខ្លួន​​ថា វីរៈ ដារ៉ា មិន​បានជាប់ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​នេះ​ទេ។

ការ​មន្ទិល​សង្ស័យទៅលើ​អ្នកចាំទី វីរ់ ដារ៉ា នេះ បាន​កើតមាន​ឡើង ក្នុងការ​ប្រកួត​​ផ្លូវការ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​​ក្រុមជម្រើសជាតិ​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅកីឡដ្ឋានជាតិសិង្ហបុរី កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​កាល​នោះ វីរៈ ដារ៉ា បានភ្លាត់​ស្នៀត​នៅមុខ​ទី ធ្វើ​ឱ្យ​របូត​គ្រាប់បាល់​​២​គ្រាប់​ជាប់ៗ​គ្នា នាំ​ឱ្យក្រុមកម្ពុជា ចាញ់​ក្រុមម្ចាស់​ផ្ទះ​​សិង្ហបុរី ២-១ ទាំងសោក​ស្តាយបំផុត។

FFC បានបញ្ជាក់កាលពី​ព្រលប់​ថ្ងៃពុធ​ថា៖ ​«​ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ធ្វើ​ការ​តាមដាន និងស៊ើប​អង្កេត​តាម​សមត្ថកិច្ចជំនាញ​​រួច​រាល់ និងរួម​ផ្សំ​ដោយ​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​សុចរិត​ភាព​​របស់​សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា ទៅតាមនីតិ​វិធី​ជាក់​​លាក់​ និង​ដោយការ​យក​ចិត្តទុកដាក់ ជាមួយ​​នឹងអង្គភាពជំនាញ​​ក្រៅ​ប្រទេស​មួយចំនួន​កន្លងមក បាន​បង្ហាញ​លទ្ធផល​ជា​អវិជ្ជមាន​រួមគ្នាថា កីឡាករជម្រើសជាតិ វីរៈ ដារ៉ា ពុំ​មាន​អ្វី​ពាក់​ព័ន្ធទៅនឹង​ការ​សង្ស័យ​ទាំង​អស់នោះ​ទេ»។

«ផ្ទុយ​ទៅ​វិញ កំហុស​ដែល​កើតឡើង​នាពេល​នោះ គឺជាកំហុស​បច្ចេក​ទេស​នៃ​ការ​លេង ដោយអចេតនា​ប៉ុណ្ណោះ»។ FFC បានបញ្ជាក់​បន្ថែម  ហើយ​ FFC ក៏​បាន​ប្រកាន់គោលជំហរ ក្នុងការ​បន្ត​ធ្វើ​ការ​ស៊ើបអង្កេត​​ស្រាវ​ជ្រាវ​នូវ​រាល់​ករណី​មន្ទិល​សង្ស័យ​​ទាំង​ឡាយ​ណា ដែល​កើតមានអំឡុង​ពេល​ដំណើរ​ការនៃ​ការ​ប្រកួត ដើម្បី​រក្សា​បាន​នូវសុចរិត​​ភាព ​នៅ​ក្នុង​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា។

ជាមួយ​ការ​រក​ឃើញ​នូវ​យុត្តិធម៌​វិញ​នេះ វីរៈ ដារ៉ា បានបង្ហោះសារ​​​​អរគុណ​​ជាពិសេសដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង និង​​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា ដែល​បាន​ខិតខំ​ជួយ​ស្វែងរក​នូវ​ភាពស្អាត​ស្អំ​មក​ជូន​​ដល់​​រូបគេ​​វិញ លើ​ករណី​សង្ស័យ​រៀបចំ​កំណត់​​លទ្ធផល​​ទុក​ជា​មុន​​នេះ។

អ្នកចាំទី​ដៃទី​១​​របស់​​ក្រុមព្រះខ័នរាជស្វាយរៀង​​ វីរៈ ដារ៉ា បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្ដីរីករាយជាពន់ពេក ពេលដែល​ឃើញនូវ​សេចក្ដីច្បាស់ការណ៍​មួយនេះ។ ខ្ញុំបាទមានតែម្រាមដៃដប់ សូមអរ​គុណ​ទៅ​ដល់​ថ្នាក់ដឹកនាំ ដែលតែងតែ​យក​ចិត្តទុក​ដាក់​មក​កាន់​ខ្ញុំបាទ»។

ទន្ទឹម​នឹងនេះ វីរៈ ដារ៉ា ក៏បានសម្តែងការអរ​គុណ និង​ដឹង​​គុណ ដល់​ពុកម៉ែបងប្អូន​ជាអ្នកគាំ​ទ្រ ដែល​តែងតែ​​គាំ​ទ្រ និង​លើក​​ទឹក​ចិត្ត​ដល់​​រូបគេ ជាពិសេស​​គឺ​​ក្រុម​​គ្រួសារ​របស់គេ ដែល​តែងតែ​នៅ​ពី​ក្រោយ ក្នុងអំឡុងពេលដែល វីរៈ ដារ៉ា បាន​ជួប​​ហេតុការណ៍​​ដ៏​អាក្រក់ ធ្វើ​ឱ្យ​រូបគេ​មាន​ការបាក់​ទឹក​​ចិត្ត​យ៉ាងខ្លាំង​នេះ។

តែទោះបីជា​យ៉ាងណា វីរៈ ដារ៉ា នៅតែ​​ទទួល​​កំហុស​​លើ​ករណី​​ភ្លាត់ស្នៀត​ធ្វើឱ្យ​របូត​គ្រាប់បាល់​​នាការ​ប្រកួត​​ពេល​នោះ។ ដារ៉ា បានបញ្ជាក់​តាមសារស័ព្ទ​របស់​ខ្លួន​ថា៖ «ខ្ញុំបាទ វីរៈ ដារ៉ា សុំទោសទៅដល់​អ្នកគាំទ្រទាំងអស់ នៅក្នុងវិស័យបាល់ទាត់កម្ពុជា ដោយខ្ញុំបានបង្កើតឡើងនូវ​កំហុសយ៉ាងធំដោយអចេតនាមួយនេះ។ ខ្ញុំបាទក៏បានទទួលស្គាល់នូវ​កំហុសដែល​បានកើតឡើង​»។

យ៉ាងណា​មិញ ​ដើម្បី​ទប់​ស្កាត់លើករណី​រៀបចំកំណត់​លទ្ធផល​ទុកជាមុន ក្នុង​ក្រុមជម្រើសជាតិកម្ពុជា​​នេះ FFC បានដាក់​​ចេញ​នូវ​វិធានការ ដែលបាន​ប្រកាស​​នៅ​​ក្នុង​មហាសន្និបាត លើក​ទី​១៩ ​របស់​ខ្លួន កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ លើការ​បែង​ចែក​ភាគលាភ​ ដែល​បាន​មក​ពី​ការ​លក់សំបុត្រ​នៃ​ការ​រៀបចំ​ប្រកួត​របស់​ក្រុមជម្រើសជាតិ បន្ទាប់ពី​ដក​ចំណាយ​លើ​ប្រតិបត្តិការណ៍ និងពន្ធរួចរាល់។

ចំពោះភាគលាភ ដែលនៅសល់ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​ផ្នែក​ពាក់ព័ន្ធ​ចំនួន​៤ គឺ​ទី​១ FFCផ្ទាល់ ដែលនឹង​ទទួលបាន​២៥ភាគ​រយ ទី​២ សមាគម/ក្លិប ដែល​មាន​កីឡាករ​ជាប់​ក្នុង​ក្រុមជម្រើសជាតិ នឹង​ទទួលបាន​២៥ភាគ​រយ ហើយ​ទី​៣ និង​ទី​៤ គឺ​ក្រុមជម្រើសជាតិ និង​សុខុមាល​ភាព ដែល​នឹង​ទទួលបាន​ភាគ​លាភ​ចំនួន​២៥ភាគ​រយដូចគ្នា៕