
សកម្មភាពការប្រកួតកីឡាគុនដាវ ដែលសហព័ន្ធកីឡាគុនដាវកម្ពុជា បានរៀបចំនាពេលកន្លងមក។ រូបថត សហព័ន្ធ
សហព័ន្ធកីឡាគុនដាវកម្ពុជា បានកំណត់យកការប្រកួតកីឡាគុនដាវពានរង្វាន់វេស្ទើន លើកទី៤ ឆ្នាំ២០២៥ ( 4th Western Cup 2025) ដើម្បីអនុវត្តគោលដៅថ្មី សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ក៏ដូចជាការតេស្តនៃការចាប់ផ្តើមការកំណត់ចំណាត់ថ្នាក់ (Ranking) ដល់អត្តពលិក ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា។
ការប្រកួតកីឡាគុនដាវពានរង្វាន់ Western Cup 2025 នេះ នឹងត្រូវរៀបចំឡើង នៅជាន់ទី៣ នៃសាកលវិទ្យាល័យវេស្ទើន ស្ថិតនៅផ្លូវ ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែមីនា ដោយមានអត្តពលិកចូលរួមចំនួន១៣១នាក់ មកពី១១ក្លិប។
អ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នា ទៅតាមប្រភេទអាយុ គឺអាយុក្រោម១៣ឆ្នាំមាន៤វិញ្ញាសា ការប្រកួតយុវជនអាយុក្រោម១៨ និងអាយុលើស១៨ឆ្នាំឡើង មាន៦វិញ្ញាសាដូចគ្នា ប៉ុន្តែសហព័ន្ធកីឡាគុនដាវកម្ពុជា បានសម្រេចលុបការប្រកួតយុវជនចំនួន៤វិញ្ញាសាចេញវិញ គឺវិញ្ញាសាឯកត្តជនដាវតូចបុរស ដាវធំនារី ដាវកាប់បុរស និងដាវកាប់នារី ព្រោះវិញ្ញាសាទាំង៤នេះ មានអត្តពលិកចុះឈ្មោះ មិនគ្រាប់ចំនួន ដែលអាចឱ្យប្រកួតបាន។
យ៉ាងណាក៏ដោយ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានអះអាងថា ការថយចុះចំនួនអត្តពលិកជាយុវជនអាយុក្រោម១៨ឆ្នាំ សម្រាប់ការប្រកួត Western Cup 2025 នេះ វាមិនបានប៉ះពាល់ដល់អភិវឌ្ឍធនធានអត្តពលិក សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួត Asian Youth Games 2029 នោះទេ។
លោកបញ្ជាក់ថា៖ «ការមានចំនួនយុវជន ចូលរួមតិចតួចនៅឆ្នាំនេះ វាអត់ប៉ះពាល់ដល់ផែនការការអភិវឌ្ឍរបស់យើងទេ ព្រោះផែនការថ្មីបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ គឺយើងដាក់គោលដៅសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលគេកំណត់អ្នកចូលរួមបានក្នុងអាយុចន្លោះពី១៤ទៅ១៧ឆ្នាំ អ៊ីចឹងវាស្របទៅនឹងផែនការអភិវឌ្ឍក្មេងៗអាយុក្រោម១៣ឆ្នាំរបស់យើង គឺទម្រាំដល់ឆ្នាំ២០២៩ ពួកគេនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតតំណាងឱ្យជាតិ»។

កិច្ចប្រជុំរបស់លោកស្រី Maita Cabrera ជាមួយក្រុមអាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីត្រៀមចូលរួមកាត់សេចក្តី និងរៀបចំការប្រកួតកីឡាគុនដាវ ពានរង្វាន់វេស្ទើន ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួត Western Cup 2025 នេះ មានអត្តពលិកជាកុមារាកុមារីអាយុក្រោម១៣ឆ្នាំ ចូលរួមរហូតដល់៦៣នាក់ ក្នុងចំណោមអ្នកចូលរួមសរុបទាំង១៣១នាក់ ហើយនេះជាភាពជោគជ័យមួយរបស់សហព័ន្ធ ដែលអាចទាញបានការចាប់អារម្មណ៍ពីអាណាព្យាបាល ក្នុងការអនុញ្ញាតឱ្យកូនៗរបស់ពួកគាត់ ចូលរួមហ្វឹកហាត់ និងប្រកួតកីឡាគុនដាវ ខណៈកន្លងមកពួកគាត់បានរារាំង ព្រោះយល់ថា គុនដាវ ជាកីឡាបង្កឱ្យមានគ្រោះដល់ក្មេងៗ។
ជាមួយគ្នានេះ លោក សុខ អាង បានទម្លាយថា ការប្រកួតកីឡាគុនដាវពានរង្វាន់ Western Cup ក៏ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានរៀបចំការប្រកួតកីឡាបឋមសិក្សា មធ្យមសិក្សា និងការប្រកួតកីឡាសាកលវិទ្យាល័យ សម្រាប់សិស្សនិស្សិត។
លោកនិយាយថា៖ «Western Cup ជាគោលមួយក្នុងការរៀបចំការប្រកួត School Games នៅក្រោមសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ដោយយើងបានយកគោលការណ៍ហ្នឹង មកអនុវត្ត ដើម្បីទាក់ទាញឱ្យមានអ្នកចូលរួមកាន់តែច្រើន ជាពិសេសយើងចង់លើកទឹកចិត្តឱ្យសាលាទាំងអស់នៅកម្ពុជា មានការហ្វឹកហាត់កីឡាគុនដាវមួយដែរ ក្នុងចំណោមប្រភេទកីឡាផ្សេងៗទៀត»។
បន្ថែមលើនេះ សហព័ន្ធកីឡាគុនដាវកម្ពុជា បានយកការប្រកួត Western Cup 2025 នេះ ជាការចាប់ផ្តើមធ្វើចំណាត់ថ្នាក់ឱ្យកីឡាករ កីឡាការិនីគុនដាវ ដើម្បីត្រៀមចូលរួមទាំងការប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ីហ្គេម អូឡាំពិកហ្គេម និង ASEAN University Games ក៏ដូចជាការឆ្ពោះទៅកាន់ការប្រកួត Asian Youth Games 2029 ផងដែរ។
លោក សុខ អាង បញ្ជាក់ថា៖ «យើងត្រូវធ្វើតេស្តនៅឆ្នាំនេះសិន ថាតើការធ្វើចំណាត់ថ្នាក់នេះ នឹងទទួលបានជោគជ័យអត់ ក្នុងការជ្រើសរើសកីឡាករឆ្នើម ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិនានា ជាពិសេសការប្រកួតអន្តរជាតិ ដែលស្ថិតនៅក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា»៕