
ក្រុមព្រះខ័នរាជស្វាយរៀង បានអបអរជ័យជម្នះ សម្រាប់ការយកឈ្នះក្រុម Shan United ៦-២ នៅលើទឹកដីខ្លួនឯង។ រូបថត ស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានយកឈ្នះលើក្រុម Shan United រហូតដល់ ៦-២ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League 2024-2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលខ្សែប្រយុទ្ធ Cristian Dos Santos រកបាន៣គ្រាប់តែម្នាក់ឯង។
ជាមួយការដណ្តើមបានជ័យជម្នះយ៉ាងធំនេះ បានធ្វើឱ្យអ្នកគាំទ្រ មានការកោតសរសើរទៅដល់គុណភាពលេងបានយ៉ាងល្អរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែលោក Pep Munoz បានអះអាងថា កូមក្រុមរបស់លោក ធ្វើមិនទាន់បានល្អទៅតាមអ្វីដែលលោកចង់បាននោះទេ។
គ្រូបង្គោលក្រុមស្វាយរៀង លោក Pep បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «យើងដឹងហើយថា លទ្ធផលនេះ វាល្អសម្រាប់យើង ប៉ុន្តែបើនិយាយពីការប្រកួតទាំងមូល គឺរបៀបលេងរបស់យើង មិនសូវបានល្អ។ ពាក់ព័ន្ធនឹងចង្វាក់លេង និងផែនការលេងរបស់យើង នៅថ្ងៃនេះ វានៅមិនទាន់បានល្អណាស់ណាទេ ព្រោះយើងត្រូវរក្សាបាល់ឱ្យបានច្រើនជាងហ្នឹងទៀត»។
លោក Pep បានអះអាងថា ការមានបាល់លេងច្រើន សម្រាប់ការប្រកួតនេះ ដោយសារតែក្រុម Shan United បានទម្លាក់លេងបែបការពារច្រើន ហើយនៅតង់ទី២ កូនក្រុមរបស់លោក គួរតែបង្កើតចលនាលេងបាល់នៅក្រោយខ្នងឱ្យបានច្រើន ព្រមទាំងធ្វើចលនានៃការបញ្ជូនបាល់ និងគ្រប់បាល់ ពីផ្នែកម្ខាងទៅម្ខាងទៀតឱ្យបានលឿន។
បន្ថែមលើនេះ ការរកបាន២គ្រាប់វិញរបស់ក្រុម Shan United ក៏កើតឡើងដោយសារការបង្កើតកំហុសរបស់ក្រុមស្វាយរៀងផងដែរ ហើយជាមួយចំណុចខ្វះខាតនេះ លោក Pep បានជំរុញឱ្យក្រុមស្វាយរៀង ត្រូវបង្កើនគុណភាពលេងឱ្យបានល្អ ដើម្បីធ្វើការប្រកួតប្រជែងឱ្យបានខ្លាំងជាងនេះទៀត ទើបអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ AFC Challenge League 2024-2025 នេះបាន។

ការប្រកួតរវាងក្រុមស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃព្រហស្បតិ៍។ រូបថត ស្វាយរៀង
លោក Pep បានបញ្ជាក់ថា៖ «នៅក្នុងការប្រកួតពានរង្វាន់មួយនេះ វាមិនទាន់បញ្ចប់នោះទេ គឺយើងត្រូវធ្វើដំណើរទៅលេងនៅលើទឹកដីក្រុម Shan United នៅជើងទី២វិញ ដែលវាមិនងាយស្រួលនោះទេ ពាក់ព័ន្ធនឹងកត្តាបរិយាកាសផ្សេងៗ ទីលាន និងអ្នកគាំទ្រ ហេតុនេះបើយើងចង់លេងដល់វគ្គផ្តាច់ព្រ័ត្រ គឺយើងត្រូវធ្វើម៉េចឱ្យការប្រកួតប្រជែងរបស់យើងខ្លាំងជាងនេះទៀត»។
តាមរយៈការយកឈ្នះក្រុម Shan United ៦-២ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ ខ្សែប្រយុទ្ធ ប្រេស៊ីល Cristian Dos Santos ជាអ្នករកបានគ្រាប់បាល់ទី១ និងទី២ ឱ្យក្រុមស្វាយរៀង ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេច នៅនាទីទី១៧ និងស៊ុតបញ្ចូលទី១គ្រាប់ទៀត នៅនាទីទី៣១ មុនពេលកីឡាករ Khun Kyaw Zin Hein រកបាន១គ្រាប់វិញ ឱ្យ Shan United នៅនាទីទី៣៩។
ឈានចូលតង់ទី២ កីឡាករជប៉ុន Ryo Fujii បានរកឃើញគ្រាប់បាល់ទី៣ឱ្យក្រុមស្វាយរៀង នៅនាទីទី៥៤ ហើយ Cristian បានស៊ុតបាល់ពិន័យ១១ម៉ែត្រ បាន១គ្រាប់ទៀត នៅនាទីទី៦០ មុនពេលខ្សែការពារ Zwe Khat Min របស់ Shan United ភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង នៅនាទីទី៦៥ ហើយខ្សែប្រយុទ្ធ មិន រតនៈ បានបន្ថែមគ្រាប់បាល់ទី៦ នៅនាទីទី៧៥ រីឯ២គ្រាប់របស់ក្រុម Shan រកបានដោយកីឡាករ Khun Kyaw Zin Hein នៅនាទីទី ៣៩ និង Efrain Rintaro Da Silva នៅនាទីទី៨៧។
ម្ចាស់អាវលេខ២១ Cristian បានបង្ហាញភាពរីករាយខ្លាំង សម្រាប់ការរកបាន៣គ្រាប់តែម្នាក់ឯងនេះ។ Cristian បានអរគុណដល់មិត្តរួមក្រុម ដែលបានជួយឱ្យរូបគេរកបាន៣គ្រាប់នេះ ដើម្បីទទួលបាន MVP ប្រចាំការប្រកួត ប៉ុន្តែរូបគេ ជំរុញក្រុមទាំងមូលត្រូវខំប្រឹងធ្វើឱ្យបានល្អថែមទៀត ដើម្បីបន្តទៅទទួលបានជ័យជម្នះ ក្នុងការប្រកួតជើងទី២ នៅលើទឹកដីមីយ៉ាន់ម៉ា នាថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។
ខ្សែប្រយុទ្ធ Cristian បាននិយាយថា៖ «យើងពិតជាសប្បាយចិត្ត ដែលទទួលបានជ័យជម្នះ ហើយខ្ញុំក៏បានទាត់បញ្ចូលទី៣គ្រាប់ ដើម្បីជួយដល់ក្រុម។ ចំពោះសកម្មភាពមួយចំនួន យើងធ្វើបានល្អ ប៉ុន្តែយើងត្រូវធ្វើការឱ្យបានខ្លាំងបន្ថែមទៀត នៅក្នុងការប្រកួតជើងទី២ ព្រោះយើងត្រូវការឈ្នះបន្តទៀត»។
ចំណែកលោក Ono Hiroki គ្រូបង្គោលក្រុម Shan United បានចាត់ទុកការចាញ់ក្រុមស្វាយរៀង យ៉ាងជូរចត់នេះថា ជាមេរៀនមួយ សម្រាប់ក្រុមទាំងមូលកែប្រែនូវកំហុស ដើម្បីត្រៀមការប្រកួតកាត់សេចក្តីជើងទី២ នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ាវិញ ខណៈការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ លោកថា មានស្មៅក្រាស់ និងវែងពេក បង្កជាបញ្ហានាំឱ្យកីឡាកររបស់លោក ពិបាកលេង និងត្រូវប្រើកម្លាំងខ្លាំងលើការបញ្ចូនបាល់។
លោក Ono Hiroki បាននិយាយថា៖ «ស្មៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ វាក្រាស់ជាងនៅមីយ៉ាន់ម៉ា នាំឱ្យការបញ្ជូនបាល់ផ្សេងៗ មានការពិបាក គឺវាជាការប្រកួតដ៏ពិបាក។ គូប្រកួតរបស់យើង ពិតជាខុសប្លែកច្រើនណាស់ ហើយយើងព្យាយាមការពារច្រើន ប៉ុន្តែនៅតែរបូតដល់៦គ្រាប់។ វាគឺជាមេរៀនសម្រាប់យើង»៕