គ្រូ​បង្វឹក​ដែលមាន​ស្នាដៃ​ល្អ ​ក្នុងការ​បណ្តុះ​ធនធាន​កីឡាករ លោក អេ ភូថង បានអះអាង​ថា ការឡើង​​ប្រកួតការពារ​ខ្សែ​ក្រវាត់​រវាង​ជើងខ្លាំង ធឿន ធារ៉ា និង អេ អាំម៉ារីនភូថង ពីការ​មកដណ្តើម​របស់​អ្នកប្រដាល់​ព័រទុយហ្គាល់ ដែល​រៀបចំ​ឡើង​ដោយសង្វៀន​ថោន នៅទីរួម​ខេត្តព្រៃវែង នា​ព្រលប់​ថ្ងៃទី​១៤ ខែមេសា ខាងមុខ​នេះ នឹងក្លាយជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត  មិន​ធ្វើ​ឱ្យ​​អ្នកខេត្ត​ព្រៃវែងខកបំណង​ឡើយ។

លោក​គ្រូ អេ ភូថង បាន​ទទួលស្គាល់​ថា ប្រទេស​ព័រទុយហ្គាល់ ពិតជា​ខ្លាំង​លើ​​វិស័យ​កីឡាបាល់​ទាត់ ជាពិសេស​វីរភាព​ដ៏​ល្បី​ល្បាញ​របស់ខ្សែ​ប្រយុទ្ធ Cristian Ronaldo ប៉ុន្តែ​ចំពោះ​ការ​ប្រកួតប្រដាល់ ​​រវាង​ក្រុម​ប្រដាល់​គុនខ្មែរ និង​ក្រុម​អ្នក​ប្រដាល់​ព័រទុយហ្គាល់ ចំនួន​៥​គូ នៅ​ខេត្ត​ព្រៃវែង ថ្ងៃទី​១៤ ខែមេសា​​នេះ  លោក អេ ជឿថា ក្រុមគុនខ្មែរ នឹង​ធ្វើបានល្អ​ជាង ដើម្បីដណ្តើម​យក​ជ័យជម្នះ។

ជាមួយគ្នា​នេះ លោក អេ ភូថង បាន​ផ្តោតខ្លាំង​ទៅលើការ​ប្រកួត​ការពារ​ខ្សែ​ក្រ​វាត់​​សិស្ស​របស់លោក ធឿន ធារ៉ា និងកូនប្រុស​បង្កើត​របស់​លោក អេ អាំម៉ារីនភូថង ដោយ​លោកជឿជាក់​ថា ពួកគេ នឹង​ធ្វើបាន​ល្អ។ លោកនិយាយ​ថា ៖ ​«ខ្ញុំ​ទទួលបានដំណឹង ពីការ​ប្រកួត​​ការពារ​ខ្សែ​ក្រវាត់​នេះជាង​​១ខែ​ហើយ អ៊ីចឹង​យើ​ងត្រៀមខ្លួន​រួច​ស្រេច​ហើយ ហើយ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត ​ដឹង​តែ​ពេញសាច់​​តែម្តង»។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ត្រឹម​៣ទឹក ជាមួយ​អ្នក​ប្រដាល់អាមេរិក Max Crus នៅ​ក្រុង​សៀម​រាប ខេត្តសៀម​រាប កាលពី​យប់​ថ្ងៃ​​ទី​២៨ ខែមីនា គឺ ធឿន ធារ៉ា ឆាប់អស់ម្លាំង​​សុហ្វ និងបាន​យក​ឈ្នះ​ Max Crus ដោយពិន្ទុ​ទាំង​វេទនា បន្ទាប់ពី​រូបគេ​ខកខាន​ប្រកួតប្រមាណ​៤ខែ។

ចំពោះ​ចំណុច​ខ្វះ​ខាតនេះ​​របស់ ធឿន ធារ៉ា នេះ ​​លោក អេ ភូថង ​បញ្ជាក់​ថា៖​ «​យើងបានដឹង​ហើយ​ថា ធឿន ធារ៉ា ខានវ៉ៃ​យូរ កម្លាំង​សុហ្វ​មិនទាន់មាន​​គ្រាប់វិញ​ទេ គឺ​ក្បាច់គុននៅមាន តែ​​លើក​ដៃលើក​ជើង​អត់ចង់​រួច ប៉ុន្តែ​​ក្រោម​ការ​ហ្វឹកហ្វឺន​របស់​ខ្ញុំ គឺ​ការ​ខ្វះ​ខាតនេះ យើងដឹង​តែពេញ​វិញ​ហើយ»។

ចំណែក​ការ​ត្រៀមខ្លួន​របស់ អេ អាំម៉ារីន​ភូថង វិញ លោក អេ ភូថង បាន​បញ្ជាក់​ថា ពិតជា​ល្អ​ខ្លាំង។ «អេ អាំម៉ារីន ហាត់ពេញ​តែម្តង គ្មាន​ទាស់កន្លែង​ណា​នោះ​ទេ ហើយ​នឹង​បន្ត​ហ្វឹក​ហាត់​ទៀត ដើម្បីវ៉ៃនៅ​ខេត្តព្រៃវែងឱ្យ​​ល្អមើល​»។

អេ អាំម៉ារីនភូថង vs ភូឡូ មីឡូ ។ ថោន

ចំណែកកីឡាករ អេ អាំម៉ារីនភូថង ដែល​បាន​ខកខាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​ប្រទេសជប៉ុ​នោះ បានអះអាងថា រូបគេ​ពិតជា​ហ្វឹកហាត់ត្រៀម​បានល្អ ដើម្បីការពារ​ខ្សែ​ក្រវាត់ Dragon Kun Khmer ដែល​រូបគេ​ដណ្តើម​បានជាង​២​ឆ្នាំ​មកនេះ ឱ្យបាន។

អាំម៉ារីន បានបញ្ជាក់ថា៖ «ខ្ញុំ​បាន​ហ្វឹកហាត់រហូត ត្រៀម​ទៅ​ប្រកួត​នៅជប៉ុន ប៉ុន្តែ​ដោយសារ​ការ​ប្រកួត​នោះ ត្រូវបានលុបចោល​វិញ ខ្ញុំបានផ្តោត​មក​​ការ​ត្រៀមខ្លួន ​ប្រកួតការពារ​ខ្សែ នៅខេត្ត​ព្រៃវែងនេះ​វិញ គឺ​ខ្ញុំ​បាន​​ត្រៀម​ពេញ​តែម្តង។ ​ខ្ញុំនឹង​ប្រឹងប្រែង​វ៉ៃឱ្យអស់ពីសមត្ថភាព ហើយ​​នឹងដកស្រង់​យក​ក្បាច់ពិសេសៗ​ទៅ​ប្រកួត មិន​ឱ្យ​​​ខ្សែ​ក្រវាត់ហ្នឹង​​បាន​ទៅ​​គេ​​ទេ គឺ​ខ្សែ​ក្រវាត់​នេះនឹងស្ថិត​នៅ​កម្ពុជា​រហូត»។

ចំណែក លោក អេ ភូថង បានបញ្ជាក់ជារួម​ថា៖ «ចំពោះ​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​របស់ ធឿន ធារ៉ា និង អេ អាំម៉ារីន នៅ​ខេ​ត្ត​ព្រៃវែងនេះ ខ្ញុំ​ប្តេជ្ញា​ថា មិន​ធ្វើ​ឱ្យ​អ្នក​ខេត្តព្រៃវែង​ខកបំណង​នោះ​ទេ ហើយ​សង្ឃឹម​ថា ការ​ប្រកួតនេះ នឹង​មាន​អ្នក​ទស្សនិកជនទៅ​គាំ​ទ្រ​ច្រើនកុះករ ដើម្បី​ផ្សព្វ​ផ្សាយគុនខ្មែរ​ទៅ​កាន់​ពិភព​លោក»។

ចំពោះ​ការ​ប្រកួតរវាងក្រុមគុនខ្មែរ និង​ក្រុម​អ្នក​ប្រដាល់ព័រទុយហ្គាល់​ នៅទីរួម​ខេត្តព្រៃវែង​នេះ ជើង​ខ្លាំង ធឿន ធារ៉ា ​ត្រូវ​​ប្រកួតការពារ​ខ្សែក្រវាត់​ Dragon  Kun Khmer ទម្ងន់​៧៣​គីឡូក្រាម ​ជាមួយ​កីឡាករ​ព័រទុយ​ហ្គាល់ Lucas Carlos Da Silva រីឯ អេ អាំម៉ារីនភូថង ត្រូវការពារខ្សែ​ក្រវាត់ទម្ងន់​៦៦​គីឡូក្រាម​ជាមួយ​អ្នកដាល់ Paulo Melo ចំណែក​កីឡាករ​កម្ពុជា ឯម ឡេងលី, ឡុង អាឆើត និង រិទ្ធ វិបុល ត្រូវបានដាក់​ឱ្យប្រកួត​មិត្តភាពអន្តរជាតិ​ជាមួយកីឡាករព័រទុយហ្គាល់ នៅ​យប់​ថ្ងៃ​ទី​១៤ មេសា​នោះ​ដូចគ្នា៕