
ខ្សែប្រយុទ្ធ មិន រតនៈ បានអបអរគ្រាប់បាល់ជាមួយ Bounphachan Bounkong និង Gabriel Silva Costa។ រូបថត ស្វាយរៀង
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានប្រគល់ភាពជោគជ័យទៅឱ្យកូនក្រុមរបស់លោក ដែលពួកគេបានបង្ហាញគុណភាពលេងយ៉ាងល្អ ដើម្បីយកឈ្នះក្រុម Madura United FC របស់ឥណ្ឌូនេស៊ី ៣-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League 2024-2025 កាលពីយប់មិញ។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក Pep បានមើលឃើញថា ក្រុម Madura ពិតជាមានគុណភាពលេងបានល្អ និងផ្តោតខ្លាំងទៅលើការគ្រប់គ្រងបាល់ឱ្យបានច្រើនដូចក្រុមស្វាយរៀង ដែរ ប៉ុន្តែកូនក្រុមរបស់លោក ធ្វើបានល្អជាង ជាពិសេសការរកបាន២គ្រាប់យ៉ាងលឿន ក្នុងរយៈពេលត្រឹម៦នាទី។
ខ្សែប្រយុទ្ធប្រេស៊ីល Breninho ជាអ្នករកបានគ្រាប់បាល់នាំមុខ តាមរយៈការស៊ុតបញ្ចូលទីបានយ៉ាងស្អាតរបស់គេ នៅនាទីទី៤ ហើយខ្សែប្រយុទ្ធរបស់ឡាវ Bounphachan Bounkong ជាអ្នករកបានគ្រាប់បាល់ទី២ នៅនាទីទី៦ មុនពេល មិន រតនៈ បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៨៩ តាមរយៈការបញ្ចូលបាល់យ៉ាងស្អាតបំផុតរបស់ Gabriel Silva Costa។
លោក Pep Munoz បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «នេះជាការប្រកួតមួយដ៏ល្អ ស្របទៅតាមផែនការដែលយើងរៀបចំ និងរបៀបនៃការលេងរបស់យើង។ នៅក្នុងតង់ទី១ យើងធ្វើបានល្អមែនទែន វាដូចអ្វីដែលខ្ញុំបាននិយាយមុនការប្រកួត គឺយើងអាចឈ្នះ នៅពេលដែលយើងគ្រប់គ្រងបាល់ ហើយយើងពិតជាធ្វើបានល្អ នៅពេលយើងមានបាល់»។

ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (ខៀវ) និងក្រុម Madura United កាលពីយប់មិញ។ រូបថត ស្វាយរៀង
លោកបានបន្ថែមថា៖ «ចូលដល់តង់ទី២ សកម្មភាពមួយចំនួនរបស់យើង ពិតជាអស្ចារ្យមែនទែន ជាពិសេសចង្វាក់លេង ពិតជាធ្វើបានល្អខ្លាំង ហើយការប្រកួតនៅថ្ងៃនេះដែរ បើសិនជាអត់មានអ្នកគាំទ្រទេ ក៏យើងមិនអាចលេងបានល្អដល់ថ្នាក់ហ្នឹងដែរ អ៊ីចឹងសង្ឃឹមថា កីឡាកររបស់យើង នឹងចងចាំការប្រកួតដ៏ល្អនេះ»។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ មានអ្នកចូលរួមទស្សនាផ្ទាល់ជាង១ម៉ឺននាក់ និងមានអ្នកទស្សនាតាមការផ្សាយផ្ទាល់រាប់ម៉ឺននាក់ទៀត ខណៈការប្រកួតរបស់ក្រុមស្វាយរៀង និងក្រុម Madura នេះ ពិតជាមានភាពស្វិតស្វាញខ្លាំង ហើយនេះជាអ្វីដែលលោក Pep Munoz បានប្រគល់ភាពជោគជ័យនេះ ទៅឱ្យកីឡាករគ្រប់រូបរបស់លោក ដែលបានប្រឹងប្រែងយ៉ាងល្អ ដើម្បីយកឈ្នះ ៣-០។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep បានបញ្ជាក់ថា៖ «អ្នកដែលឈ្នះការប្រកួតនេះ គឺកីឡាករ ដោយយើងមានកីឡាករមានគុណភាព ទាំងកីឡាករខ្មែរ និងបរទេស ចំណែកខ្ញុំគ្រាន់តែជាអ្នកដាក់កីឡាករឱ្យចូលលេង ប៉ុន្តែកីឡាករខ្លួនឯងទៅវិញទេ ជាអ្នកប្រឹងប្រែងលេងបានយ៉ាងល្អ ដើម្បីឈ្នះការប្រកួតនេះ»។
ចំណែកលោក Angel Afredo Vera គ្រូបង្វឹកក្រុម Madura United បានបង្ហាញការសោកស្តាយ ចំពោះការចាញ់ក្រុមស្វាយរៀង ៣-០ នៅជើងទី១នេះ ដែលកើតឡើង ដោយសារការលេងមិនបានល្អទៅតាមផែនការ។ «យើងលេងជាមួយនឹងដៃគូដ៏ល្អមួយ ហើយពួកគេរកបាន ២គ្រាប់យ៉ាងលឿន។ យើងលេងមិនបានល្អ ទៅតាមគម្រោងរបស់យើងនោះទេ»។

ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (ខៀវ) និងក្រុម Madura United កាលពីយប់មិញ។ រូបថត ស្វាយរៀង
យ៉ាងណាក៏ដោយ លោក Angel Afredo Vera បានដាក់គោលដៅវាយបកយកលទ្ធផលល្អត្រឡប់មកវិញ សម្រាប់ការប្រកួតជើងទី២ នៅលើទឹកដីរបស់ខ្លួនឯង នៅថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។ លោកបញ្ជាក់ថា៖ «យើងនៅ៩០នាទីទៀត ដែលត្រូវលេង ដើម្បីអ្នកគាំទ្ររបស់យើង។ យើងសង្ឃឹមថា យ៉ាងហោចណាស់ យើងនឹងរកបានលទ្ធផលតាមស្មើលទ្ធផលនេះ ហើយនឹងឈ្នះពួកគេ»។
ចំពោះការប្រកួតជើងទី២ នៅឥណ្ឌូនេស៊ី ខាងមុខនេះដែរ លោក Pep Munoz បានគិតទុករួចហើយថា វាមិនងាយស្រួលនោះទេ។ តែទោះបីជាយ៉ាង ការយកឈ្នះក្រុម Madura United ៣-០ នៅជើងទី១នេះ វាជាផលចំណេញមួយសម្រាប់ក្រុមស្វាយរៀង ដោយលោក Pep អះអាងថា លោកនឹងព្យាយាម ដើម្បីរក្សាជ័យជម្នះជាថ្មី នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី៕

ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (ខៀវ) និងក្រុម Madura United កាលពីយប់មិញ។ រូបថត ស្វាយរៀង