ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ ៤x៤ ទូទាំង​ប្រទេស រដូវកាល​ទី​២ (Wurkz Special Volleyball Cup 4x4 Season 2) បានចាប់​ផ្តើម​ប្រកួត​ប្រជែង​ដំណាក់កាល​ថ្នាក់ជាតិ​ហើយ ដើម្បីស្វែង​រក​ក្រុម​ម្ចាស់​ជើងឯក ស្រប​ពេល​​ប្រាក់​រង្វាន់​មាន​ការ​កើន​ឡើង​​ដល់​៧០​លាន​រៀល បើ​ធៀប​ឆ្នាំ​ចាស់ ​មាន​ត្រឹម​៥០លាន​រៀល​ប៉ុណ្ណោះ។

នៅ​​ក្នុងការ​ប្រកួត​ថ្នាក់​ជាតិ ដែលជា​ដំណាក់កាល​ដ៏សំខាន់​​នេះ គឺ​ក្រុម​ទទួល​បានចំណាត់ថ្នាក់លេខ​១ និង​លេខ​២ ពីការ​ប្រកួតជម្រុះ នៅតាម​​មណ្ឌល​ពោធិ៍សាត់, មណ្ឌល​សៀមរាប, មណ្ឌល​កំពង់ចាម, មណ្ឌល​​​កណ្តាល និង​មណ្ឌល​កែប សរុបចំនួន​១០​ក្រុម ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សមាជិក​ពានរង្វាន់​តេជោលីគ ចំនួន​៤​ក្រុម​ផ្សេង​ទៀត ដែល​ឈរ​ចាំ​នៅ​មណ្ឌល​ភ្នំពេញនេះ។

ក្រុមទាំង​១៤នេះ ត្រូវបានបែងចែក​ការ​ប្រកួតជា​៤ពូល ហើយ​យោង​តាម​លទ្ធផល​​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង​ម៉េហ្គាម៉ល ​កាល​ពី​​ថ្ងៃ​សៅរ៍ គឺ​ពូល A មាន​​ក្រុម​ស្នងការ​នគរបាល​ខេត្ត​កោះកុង, ​​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង, ស្នងការ​រាជធានី​ភ្នំពេញ A និង​​ក្រុម​​សូត្រនិគមក្លិប រីឯ​ពូល B មាន​ក្រុម​ជីកសិករណាណូ, ក្រុម​បាល់ទះ​ខេត្ត​តាកែវ និង​ក្រុម​​ស្នងការនគរបាល​ខេត្ត​សៀមរាប។

ចំណែក​ពូល​C មាន​​ក្រុម​​ស្នងការ​នគរបាល​ខេត្ត​រតនគីរី, សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ B, ​ក្រុម​​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង, ក្រុម​​បាល់ទះ​សីហាសាមគ្គី និង​ពូល D មាន​សមាគម​បាល់ទះ​ក្រសួងមហាផ្ទៃ, សមាគម​បាល់ទះ​វិសាខា, ក្លិប​ស្នងការ​រាជធានី​ភ្នំពេញ B ហើយការ​ប្រកួតថ្នាក់ជាតិនេះ ត្រូវ​ធ្វើ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ​ចាប់​ផ្តើម​ពី​ថ្ងៃចន្ទ ​ទី​២១ នេះ រហូត​ដល់ថ្ងៃទី​​២៧ ខែ​មេសា ឆ្នាំ​២០២៥។

នៅក្នុងពិធីចាប់ពូល កាលពី​ថ្ងៃសៅរ៍​​ទី​១៩ ខែមេសា កន្លងមកនេះ ​លោក​ លាង ម៉េង សហស្ថាបនិក និង​ជា​ប្រធាន​អគ្គនាយក​ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស ឯ.ក ​ដែល​ជា​ដៃ​គូ​ឧបត្ថម្ភ​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បានប្រកាស​ពីការបង្កើន​ប្រាក់​រង្វាន់ពី​៥០លាន​រៀល កាលពី​ឆ្នាំមុន ទៅជា​៧០លាន​រៀល​វិញ នៅ​ឆ្នាំ​២០២៥នេះ។

កីឡាករ និងគ្រូបង្វឹកតំណាង​ឱ្យក្រុមទាំង​១៤ បានថតជាមួយថ្នាក់ដឹកនាំ និងម្ចាស់​ឧបត្ថម្ភ នៅ​ក្នុងពិធីចាប់ពូល កាលពី​ថ្ងៃសៅរ៍។ រូប​ថត សហព័ន្ធ

ជុំ​​វិញ​ការ​បង្កើន​ប្រាក់​រង្វាន់​ ដល់​ក្រុម​ម្ចាស់​ជយលាភី នៅ​ឆ្នាំ​នេះ ​លោក​ លាង ម៉េង បាន​បញ្ជាក់​ថា ​ដោយ​សារ​​ក្រុមហ៊ុន​របស់លោក ​ចង់​ឱ្យ​ក្រុម​ទាំង​អស់ ​កាន់​តែ​ខិតខំ​ប្រឹងប្រែងប្រកួត​ប្រជែងគ្នា​ខ្លាំង ព្រោះ​គោល​បំណង​សំខាន់​ គឺ​​​ក្រុមហ៊ុន​ចង់​ឃើញ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​មេដាយ​មាស​ នៅ​ស៊ីហ្គេម នា​ពេល​ខាង​មុខ។

ចំណែក​​លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​ជំរុញ​ឱ្យ​ក្រុម​ទាំង​អស់ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកួតគ្នា​​អស់​ពី​សមត្ថភាព ព្រោះ​​ថា​ការ​ប្រកួត​នេះ ​មិនមែន​ក្រុម​ទាំង​អស់​តំណាង​តែ​ខេត្ត​របស់​ខ្លួន​នោះ​ទេ តែ​ក៏​ជា​បេក្ខភាព​តំណាង​មណ្ឌល​របស់​ខ្លួន​ដែរ ហើយ​ការ​បង្កើន​ប្រាក់​រង្វាន់រហូត​ដល់​៧០​លាន​រៀល គឺជា​ទឹកប្រាក់​ដ៏ច្រើន ដែលបាន​រួមចំណែកកាន់តែ​ខ្លាំង ក្នុងការ​អភិវឌ្ឍ​វិស័​យ​បាល់​ទះ នៅទូទាំង​២៥ រាជធានី-ខេត្ត។

លោក​បានបញ្ជាក់ថា៖ ​«ការ​បង្កើន​ប្រាក់រង្វាន់​ដល់​៧០​លានរៀល​នេះ គឺ​នៅតំបន់​អាស៊ី សឹងតែ​យើង​ហើយ អ៊ីចឹង​ធ្វើ​ឱ្យ​ឱកាស​នៃ​ការអភិវឌ្ឍ​ក្លិប​នៅតាមបណ្តា​រាជធានី-ខេត្ត​ កាន់តែ​មានលំហ​ធំធេង​ថែម​ទៀត ពី​ព្រោះ​ថា នៅពេលមានការ​ប្រកួតប្រជែង​​ច្រើន ទទួល​បានប្រាក់រង្វាន់​ច្រើន គឺ​ឱកាស​នៅក្នុងការ​ពង្រឹង ក៏​ដូចជា​ពង្រីក​សមាជិកក្លិប​របស់​យើង និងគុណផល​របស់យើង កាន់តែ​ល្អ​ថែម​ទៀត»។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់ថា រយៈពេល​មិនដល់​៥​ឆ្នាំ​ទេ ២៥​រាជធានី-ខេត្ត​របស់យើង សុទ្ធ​តែ​មាន​អត្តពលិក ដែលមានគុណ​ផល​ខ្ពស់ទាំង​អស់។ នេះ​ជា​ទិសដៅ​របស់សហព័ន្ធ ព្រោះនៅពេល​ក្លិប​ខ្លាំង ប្រាកដ​ណាស់ ក្រុមជម្រើសជាតិ​របស់យើង នឹង​ខ្លាំង ព្រោះ​សហព័ន្ធ ចម្រាញ់​ជ្រើស​រើស​អត្តពលិក​នៅតាមបណ្តា​ក្លិប ដែលមានគុណ​ផល​ខ្ពស់ ដើម្បីមកចូលរួមជាមួយក្រុមជម្រើសជាតិ»៕