ថ្នាក់ដឹកនាំក្លិបបាល់​ទាត់នៅកម្ពុជា រួមទាំង​គ្រូ​បង្វឹក កីឡាករ កីឡាការិនី និង​អ្នកគាំទ្រ ដែលជា​មហាគ្រួសារ​បាល់​ទាត់​កម្ពុជា បាន​បង្ហាញការ​សោក​ស្តាយ​ខ្លាំង ចំពោះ​មរណភាព​របស់​កីឡាករ ទេស សម្បត្តិ ព្រោះ​គេជា​ខ្សែ​ការពារ​ដ៏មានគុណ​ភាព ដែលបានរួមចំណែក​យ៉ាងច្រើន ក្នុងការ​លើក​កម្ពស់វិស័យ​កីឡាបាល់​ទាត់កម្ពុជា​ ទាំងការ​លេង​នៅលីគ​ក្នុងស្រុក និងលើ​ឆាក​អន្តរជាតិ។​

អតីត​កីឡាករជម្រើសជាតិ ដែលកំពុងលេង​ឱ្យក្លិប​វិសាខា ទេស សម្បត្តិ បានបាត់បង់​ជីវិត​យ៉ាងរន្ធត់ កាលពី​យប់​ថ្ងៃទី​២០ ខែមេសា ដោយ​រូបគេ​បានជិះម៉ូតូ​ម៉ាក ADV ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 ធ្លាក់ទឹកស្ទឹងបណ្ដាលឱ្យ​លង់ស្លាប់ ដែល​មានទីតាំងស្ថិតនៅ ភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមព័ត៌​មានជាបឋម ទទួលបាន​ពី​ប្រជាពល ដែល​ឃើញ​ហេតុការណ៍នេះ។

ចំណែក​ក្លិប​បាល់​ទាត់វិសាខា ទើប​តែ​បាន​ជូន​ដំណឹងពីមរណភាព​របស់កីឡាករ ទេស សម្បត្តិ កាលពី​រសៀល​ម៉ោង ១២:១៦ នា​ថ្ងៃចន្ទនេះ ដោយបានបញ្ជាក់​ថា  កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្លិបវិសាខា បានចាត់ទុក មរណភាពរបស់ ទេស សម្បត្ដិ ជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។

ក្លិប​វិសាខា បានបញ្ជាក់​តាម​រយៈ​ការ​បង្ហោះសាររបស់​ខ្លួន​បែប​នេះថា៖ ​«តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ»។

«ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ។ ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្លិប​វិសាខា បានបញ្ជាក់​បន្ថែម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​របស់​ក្លិប​ផ្សេងៗ​ទៀត ព្រមទាំងគ្រូ​បង្វឹក កីឡាករ កីឡាការិនី និង​អ្នកគាំ​ទ្រ ដែលជា​មហាគ្រួសារ​បាល់​ទាត់​កម្ពុជា បាន​បង្ហោះសារព្រោង​ព្រាត ដើម្បី​ចូលរួម​​រំលែក​ទុក្ខ ចំពោះមរណភាព​របស់​ ទេស សម្បត្តិ។ គ្រប់​គ្នា​មានការ​សោក​ស្តាយ​ខ្លាំង និង​មិនអាច​ទទួល​យក​បាន នៅពេល​ទទួលបានដំណឹង​ថា ទេស សម្បត្តិ បានបាត់បង់ជីវិត ដោយ​ហេតុការណ៍​ដ៏​រន្ធត់​បែបនេះ។

បើទោះបីជា​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ទេស សម្បត្តិ មិនសូវ​បាន​បង្ហាញ​វត្ត​មាន នៅលើ​ទីលាន ហើយលែងមាន​ឈ្មោះ​នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយសារ​រូបគេ​មានរបួសជាបន្ត​បន្ទាប់ ប៉ុន្តែគ្រប់​គ្នា​នៅ​តែ​ចងចាំ​ពីវីរភាព​ដ៏ក្លាហាន​របស់​ខ្សែការពារ​រូបនេះ ដែលមាន​ភាព​រវៀសរវៃ និងមានជំនាញខ្ពស់ ក្នុងការបិទ​ទៅលើ​គូ​ប្រកួត ក្នុងអំឡុងពេល​រូបគេពាក់​ស្លាក​ជា​ប្រធាន​ក្រុមនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា និងក្រុម​បឹងកេត មុនពេល​រូបគេ​បាន​ប្តូរ​មក​លេង​ឱ្យ​ក្លិប​វិសាខា ​នៅ​ឆ្នាំ​២០២១។

ដោយបាន​ចូល​ហ្វឹកហាត់បាល់​ទាត់ នៅសាលា​កីឡាបាល់​ទាត់ជាតិ​បាទី តាំងពី​ឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨​នោះ ទេស សម្បត្តិ ធ្លាប់​ជាប់​ជម្រើសជាតិតាំងពី​នៅជា​យុវជន​អាយុ​ក្រោម​ ១៥​​ឆ្នាំ រួច​បន្ត​ជាប់​នៅ​អាយុ​ក្រោម១៩ ​ឆ្នាំ ​អាយុ​ក្រោម ២៣​ ឆ្នាំ និងក្រុមធំជម្រើសជាតិ ប៉ុន្តែ​អ្វីដែល សម្បត្តិ ខកបំណង​បំផុត​នោះ គឺ​រូបគេ​មិនអាច​ជួយក្រុមជម្រើសជាតិកម្ពុជា ពេល​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅវៀតណាម ដោយសារពេល​នោះ​រូបគេ​មានរបួសកជើង ក្នុងអំឡុងពេល​ប្រកួត​លីគកំពូល​កម្ពុជា។

«​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់ ព្រោះ​វា​ជា​ស៊ី​ហ្គេមចុងក្រោយ​សម្រាប់​ខ្ញុំ​ផង​។ គោលដៅ​របស់ខ្ញុំ គឺ​តាំងពី​ចប់​​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន ឆ្នាំ​​២០១៩ មកម្ល៉េះ ព្រោះ​វា​ជា​គោលដៅ​ធំ សម្រាប់​អាជីព​របស់ខ្ញុំ​​»​។ នេះជាការបញ្ជាក់​របស់ ទេស សម្បត្តិ ជុំវិញការ​ខកខាន មិនបាន​​ប្រកួត​​នៅស៊ីហ្គេម ឆ្នាំ​២០២២​នោះ ប៉ុន្តែពេលនេះ រូបគេ​បានលារហូត​ហើយ៕