ក្លិបបាល់​ទះ​វិសាខា បាននាំ​យក​កីឡាករ​កម្រិត​អាជីព​របស់បារាំង​៣នាក់ និង​អាល្លឺម៉ង់​១​នាក់ មក​ចូលរួម​ជាមួយ​កីឡាករ​ក្នុងស្រុក​ចំនួន​១០នាក់​ផ្សេង​ទៀត សម្រាប់​ដំណើរ​ឆ្ពោះ​ទៅការពារ​តំណែង​ជើងឯក​ការ​ប្រកួត​ពានរង្វាន់បាល់ទះ Win+Streak Volleyball Invitational (WSVI) Tournament, Taichung 2025 នៅតៃវ៉ាន់ ដែលនឹងប្រកួតពីថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៤ ខែឧសភា។

ចំពោះ​កីឡាករ​បរទេស​​ទាំង​៤នាក់​នេះ រួមមាន​កីឡាករ​បារាំង Francois Rebeyrol និង Titouan Halle ដែល​អ្នក​ទាំង​២នេះ ជាអ្នកវាយប្រយុទ្ធ​ស្តាំ រីឯ​កីឡាករ​បារាំង Thomas Gill គឺ​ជាអ្នក​លើកបាល់ ចំណែក​កីឡាករ​អាល្លឺម៉ង់ Sebastian Rosler ជា​អ្នក​ធ្វើរនាំង​កណ្តាល ហើយ​អ្នកទាំង​៤នេះ បានបង្ហាញ​វត្តមាន នៅក្នុង​សន្និសីទកាសែត​ កាលពី​ថ្ងៃអង្គារ​។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ​អនុ​ប្រធាន និងជាអគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បានអះអាង​ថា អត្តពលិក​បរទេស​ទាំង​៤នាក់ ដែល​​វិសាខា បាននាំ​មក​ជួយ​ក្លិប សម្រាប់ការ​ប្រកួតនៅតៃវ៉ាន់នេះ សុទ្ធតែ​ជាប្រភេទ​​កីឡាករ​អាជីព គឺ​ភាគ​ច្រើន​លេង​នៅលីគ​A​របស់បារាំង និងអាល្លឺម៉ង់ ហើយ​កីឡាករ​ប្រភេទ​អាជីពនេះ គឺ​ទាំង​វិន័យ ការ​ហ្វឹក​ហាត់ និងការ​ហូបចុក​ សុទ្ធតែ​មាន​រៀបរបប​ទាំងអស់។

ជាមួយគ្នានេះ លោកបានដាស់តឿនអត្តពលិក​របស់​កម្ពុជា​ទាំងអស់ ត្រូវ​រៀនយក​​ទម្លាប់​ល្អៗ ពី​កីឡាករ​ប្រភេទ​​អាជីព​ទាំង​៤នាក់នេះ ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​ឯង​ទៅជា​កីឡាករ​អាជីព​ដែរ ទាំងវិន័យ​នៃ​ការ​ហ្វឹកហាត់ ការដើរហើរ និងវិន័យនៃ​ការ​ហូប​ចុក ព្រោះនេះជា​ពេល​វេលា​ដ៏លំបំផុត ដែល​កម្រ​នឹងកើតមាន​ណាស់។

លោក សិរីពិសិដ្ឋ បានបញ្ជាក់​ថា៖ «កម្រិត​របស់​យើង មិន​ងាយ​មានឱកាស​បានហ្វឹក​ហាត់​ជាមួយ​កីឡាករ​អាជីព​ទេ! បើ​សិនជា​ថ្នាក់​ដឹកនាំ​ក្លិប​វិសាខា មិននាំ​ចូល​កីឡាករ​អាជីព​ទាំង​៤នាក់នេះមក​ទេ យើង​អាច​ប្រើភាសាថា មួយជីវិត​របស់​យើង មិនអាចចាប់​ដៃគូ​ជាមួយ​ប្រភេទ​កីឡាករ​អាជីព ​លេង​នៅ​លីគបារាំង និងលីគអាល្លឺម៉ង់ បែប​នេះ​​ឡើយ អ៊ីចឹង​យើងត្រូវ​​រៀន​យកអ្វី​ដែល​ល្អៗពីពួកគាត់ ដើម្បី​អាចអភិវឌ្ឍ​សមត្ថ​ភាព​របស់​យើង ក្លាយទៅជា​ប្រភេទ​កីឡា​អាជីព​ទៅ​ថ្ងៃអនាគត»។

សមាសភាព​កីឡាករវិសាខា ​ទាំង​១៤នាក់ រួមទាំង​គ្រូ​បង្វឹក ដែល​ត្រូវចេញទៅ​ប្រកួត​ពានរង្វាន់បាល់ទះ WSVI Tournament 2025 នៅតៃវ៉ាន់ បាន​ថតជាមួយថ្នាក់ដឹកនាំ និង​ម្ចាស់​ឧបត្ថម្ភ ក្នុងសន្និសីទកាសែត។ រូប សហព័ន្ធ

ងាកមកចាប់អារម្មណ៍សមាសភាព​ក្រុម ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួមការ​ប្រកួតពានរង្វាន់បាល់ទះ WSVI Tournament, Taichung 2025នេះ លោក អាំង សិរីពិសិដ្ឋ បាន​ទម្លាយ​ថា សុទ្ធតែ​ជាក្រុម​​ខ្លាំង ដែលនឹងមាន​​ប្រកួត​​ប្រជែង​តាន​តឹង​ខ្លាំងជាង​ជាការ​ប្រកួត កាលពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ ក្រុម​វិសាខា ឈរ​នៅ​ពូល A ជាមួយ​ក្រុម Hyundai Capital Skywalkers របស់​កូរ៉េខាងត្បូង ក្រុម MBSA Pelican របស់​ម៉ាឡេស៊ី  និង​ក្រុម​ Taichung Bank ​របស់​តៃវ៉ាន់។

ចំណែក​ពូល B មាន​ក្រុម Win+Streak របស់​តៃវ៉ាន់ ​ក្រុម Jakarta Garuda របស់​ឥណ្ឌូណេស៊ី ក្រុម Nakhon Ratchasima របស់​ថៃ និង​ក្រុម Armed Forces ​របស់​កូរ៉េខាងត្បូង។ ការ​ប្រកួត​តាមពូល​ទាំង​២នេះ ចាប់​ផ្តើម​ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី២ ខែឧសភា ដើម្បី​យក​ក្រុមលេខ​១ និងលេខ​២​នៃពូលទាំង​២ ទៅប្រកួត​ខ្វែង ឬវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​៣ ឧសភា រួច​យក​ក្រុម​ឈ្នះ​ឡើងទៅប្រកួត​ផ្តាច់​ព្រ័ត្រ នៅថ្ងៃទី​៤ ខែឧសភា។

យ៉ាង​ណាក៏​ដោយ តាមសមាសភាព​កីឡាករទាំង​១៤នាក់ ជាពិសេស​អត្តពលិក​បរទេស​ទាំង​៤នាក់​ ដែល​ក្លិប​វិសាខា បាន​នាំ​យកមក​ជួយ​ក្រុម​​​លើកនេះ គឺ​នៅតែ​ធ្វើ​ឱ្យ វិសាខា មាន​អាទិភាព​ច្រើន ក្នុងការ​បន្ត​ឈ្នះ​ជើងឯក។ ​លោក អាំង សិរីពិសិដ្ឋ ​បានបញ្ជាក់ថា៖​ «យើងអាច​រំពឹង​គិត​ថា ពួកយើង​ក្បែ​រ​ នឹងប្រភេទ​​កីឡាករអាជីព​ទៅ​ហើយ ដែល​នឹង​ទទួល​យក​តំណែង​ជើងឯក នៅកោះ​តៃវ៉ាន់បាន»។

លោក​បន្ថែម​ថា៖ «​​កីឡាករ​១៤នាក់ ដែល​យើង​បញ្ជូន​ទៅ​​នេះ សុទ្ធតែ​មានគុណ​សម្បត្តិ​ស្មើៗ​គ្នា នៅពេល​ដែល​យើង​ទទួលបាន​ជយលាភី​ជា​ម្ចាស់​ជើងឯក ព្រោះ​បើ​ពួក​យើង​លេង​មិនកើត ក៏​អត្តពលិក​បរទេស​៤នាក់នេះ ទៅលេងមិន​​ឈ្នះ​គេ​នោះ​ដែរ អ៊ីចឹង​វា​ត្រូវ​តែ​មានការ​រួមបញ្ជូន​គ្នា បូក​រួម​ទាំងគណៈ​គ្រូ​បង្វឹក​នៅ​ទីនេះ ដែល​សុទ្ធតែ​អ្នកមានចំណែក សម្រាប់ការ​ឆ្ពោះ​ទៅការពារ​តំណែង​ជើងឯក នៅកោះតៃវ៉ាន់ លើក​​នេះ»។

ជាមួយគ្នា​នេះ លោក​ លាង ម៉េង សហស្ថាបនិក និង​ជា​ប្រធាន​អគ្គនាយក​ក្រុម​ហ៊ុន ខ្មែរ​ប៊ែវើរីជីស ដែល​ជា​​អ្នក​ឧបត្ថម្ភ​ធំ ដល់​ក្រុម​វិសាខា សម្រាប់​ដំណើរ​ឆ្ពោះ​ទៅការពារ​តំណែង​ជើងឯក​ពានរង្វាន់បាល់ទះ WSVI Tournament, Taichung 2025 នៅតៃវ៉ាន់នេះ បាន​បង្ហាញសុទិដ្ឋិនិយម​ខ្ពស់​ថា ក្រុម​វិសាខា នឹង​អាច​ឈ្នះតំណែង​ជើងឯក​ម្តង​ទៀត ហើយ​លោក​ក៏ត្រៀម​រៀបចំពិធីជប់លៀង និងកាដូពិសេស សម្រាប់ការ​នាំ​យក​ជ័យជម្នះ​​ត្រឡប់មកវិញ ​របស់​ក្រុមតំណាង​ឱ្យកម្ពុជាមួយ​នេះ​ដែរ។

លោក លាង ម៉េង បាន​ថ្លែង​ថា៖ «សហព័ន្ធ​ ​លោកបាន​មើល​ឃើញ​ច្បាស់​ហើយ​ថា កីឡាករ​ ដែល​ត្រូវបានជ្រើស​រើសយក​ទៅ​ប្រកួតនេះ សុទ្ធតែ​មាន​សមត្ថ​ភាព អាច​ការពារ​តំណែង​ជើងឯក​នេះ​បាន ហើយក្នុង​នាមខ្ញុំ​ជា​អ្នក​ដឹកនាំ​កំពូល​មួយ​រូប​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស បាន​ខិតខំ​​ចូលរួម​ចំណែក​ឱ្យ​បាន​ខ្លាំង​ និងគាំ​ទ្រ​ពេញ​ទំហឹង គឺ​ធ្វើម៉េច​​ឱ្យកីឡា​របស់យើងកាន់តែ​​ខ្លាំង​ ដើម្បីធ្វើ​ឱ្យប្រទេស​ផ្សេងៗ ក៏ដូចជាពិភព​លោក មានការជឿជាក់​លើ​ក្រុមបាល់​ទះ​របស់កម្ពុជា​យើង»៕