
អ្នកចាំទី វីរៈ ដារ៉ា បានលើកដៃសំពះ ជាការឧទ្ទិសជ័យជម្នះលើក្រុមបឹងកេត ទៅឱ្យដួងវិញ្ញាណក្ខន្ធខ្សែការពារ ទេស សម្បត្តិ ដែលទើបបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមេសា។ រូបថត ស្វាយរៀង
អ្នកចាំទីរបស់ក្រុមព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា បានសម្រក់ទឹកភ្នែកឧទ្ទិសជ័យជម្នះលើក្រុមបឹងកេត ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៥ កាលពីយប់មិញ ទៅឱ្យដួងវិញ្ញាណក្ខន្ធខ្សែការពារជារៀមច្បង ទេស សម្បត្តិ ដែលទើបទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០ ខែមេសា។
នៅមុនការប្រកួតចាប់ផ្តើម នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃពុធនោះ គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមទាំងអស់ ក៏មានការស្មឹងស្មាតរយៈពេល៣០វិនាទី ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់ ទេស សម្បត្តិ ផងដែរ ព្រោះខ្សែការពារ ដែលធ្លាប់លេងឱ្យក្រុមបឹងកេត ក្រុមវិសាខា និងក្រុមជម្រើសជាតិរូបនេះ គឺជារនាំងការពារ ដែលមានភាពលេចធ្លោជាងគេ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
បន្ទាប់ពីការគោរពដល់វិញ្ញាណក្ខន្ធ ទេស សម្បត្តិ រួចហើយ ក្រុមម្ចាស់ផ្ទះ បឹងកេត និង ព្រះខ័នរាជស្វាយរៀង បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ព្រោះក្រុមទាំង២នេះ សុទ្ធតែមានមហិច្ឆតា ដណ្តើមយកជ័យជម្នះ នៅក្នុងជើងទី១នេះ ដើម្បីមានឱកាសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួតនេះ ទាំងក្រុមបឹងកេត និង ស្វាយរៀង សុទ្ធតែមានឱកាសរៀងៗខ្លួន ក្នុងការរកគ្រាប់បាល់ ប៉ុន្តែជំនួបយ៉ាងតានតឹងរវាងក្រុមទាំង២នេះ មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ទេ គឺការតែតបាល់បញ្ចូលទីយ៉ាងស្អាតរបស់ ជូ ស៊ិនទី ពីការលើកបាល់កាត់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ខ្សែប្រយុទ្ធឡាវ Bounpachan Bounkong នៅនាទីទី៩។
គ្រាប់បាល់ជ័យជជម្នះរបស់ ជូ ស៊ិនទី បានធ្វើឱ្យក្រុមស្វាយរៀង កំពុងដើរលើគន្លងចាស់ ក្នុងការឈានទៅទម្លាក់ក្រុមបឹងកេត នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជាថ្មីម្តងទៀត បន្ទាប់ពីពួកគេ ធ្វើបានសម្រេចម្តងហើយ កាលឆ្នាំ២០២៤ ដោយការឈ្នះ បឹងកេត ទាំង២ជើងជាមួយលទ្ធផល ៤-៣ ខណៈការប្រកួតជើងទី២ ត្រូវធ្វើនៅលើទឹកដីក្រុមស្វាយរៀង វិញម្តង។
យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលដែលគ្រប់គ្នា បង្ហាញភាពរីករាយ ចំពោះការយកឈ្នះក្រុមបឹងកេត ១-០ នៅជើងទី១ កាលពីយប់ថ្ងៃពុធនោះ អ្នកចាំទី វីរៈ ដារ៉ា បានដោះអាវអ្នកចាំទីក្រៅចេញ ដើម្បីបង្ហាញអាវយឺតពណ៌សនៅខាងក្នុង ដែលមានរូបថត ទេស សម្បត្តិ អមជាមួយការសរសេរពាក្យថា « Never Forget You Tes Sambath មានន័យថា មិនអាចបំភ្លេចអ្នកបានទេ ទេស សម្បត្តិ»។
អ្នកចាំទី វីរៈ ដារ៉ា ដែលមានអនុស្សាវរីយ៍ច្រើនជាមួយខ្សែការពារ ទេស សម្បត្តិ កាលពួកគេលេងជាមួយគ្នា នៅក្នុងក្លិបវិសាខា ជាពិសេសការលេងនៅក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីអាយុក្រោម១៩ឆ្នាំ រហូតដល់ក្រុមធំជម្រើសជាតិនោះ បានលើកដៃសំពះឡើងលើទាំងទឹកភ្នែករហាម ដើម្បីឧទ្ទិសជ័យជម្នះលើក្រុមបឹងកេត ១-០ នេះទៅឱ្យវិញ្ញាណក្ខន្ធ ទេស សម្បត្តិ។
អ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា បានបង្ហោះសារខ្លី បង្កប់ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយ ទេស សម្បត្តិ បែបនេះថា៖ «បងប្រុស ថ្ងៃហ្នឹងពួកយើងបានជ័យជជម្នះហើយបង Tes Sambath»។ ដារ៉ា បានបន្ថែមថា៖ «ថ្ងៃហ្នឹងបងខ្ញុំ MVP Tes Sambath»។
ចំណែកលោក Pep Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់ថា ក្រុមបឹងកេត បានដាក់សម្ពាធក្រុមរបស់លោកតាំងពីនាទីដំបូង ព្រោះពានរង្វាន់សម្តេច ហ៊ុន សែន នេះជាឱកាសចុងក្រោយ ដែលក្រុមបឹងកេត នៅមានសង្ឃឹមប្រជែងយកពាន ហេតុនេះពួកគេ មិនសប្បាយចិត្ត ចំពោះការចាញ់ ១-០ នៅជើងទី១នេះទេ។
លោក Pep បាននិយាយក្រោយការប្រកួតថា៖ «លទ្ធផលថ្ងៃនេះ ខ្ញុំជឿថា បឹងកេត អត់សប្បាយចិត្តទេ ហើយខ្ញុំយល់ថា បឹងកេត គួររកបានគ្រាប់បាល់ ប៉ុន្តែបាល់ទាត់ វាអាស្រ័យទៅលើការទាត់បញ្ចូលទី បើយើងទាត់មិនចូលទី យើងអត់ឈ្នះទេ»។
យ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាត់អេស្ប៉ាញ លោក Pep Munoz បានអះអាងថា លទ្ធផលឈ្នះក្រុមបឹងកេត ១-០ នៅជើងទី១នេះ វាមិនទាន់ជាលទ្ធផលផ្លូវការនោះទេ។ «វាជាការប្រកួត២ជើង អ៊ីចឹងសម្រាប់លទ្ធផលនេះ វាមិនទាន់បញ្ចប់ទេ ព្រោះយើងឃើញជាក់ស្តែង កាលពីឆ្នាំមុន យើងបានយកឈ្នះ ៣-១ នៅក្នុងទឹកដីបឹងកេត តែជើងទី២នៅទឹកដីយើងវិញ បឹងកេត ស៊ុតបាន២គ្រាប់វិញ ទើបយើងរកបាន១គ្រាប់តាមពីក្រោយ នៅចុងម៉ោង ដើម្បីឈ្នះទាំង២ជើង ៤-៣»។
លោក Pep បានបន្ថែមថា៖ «ការប្រកួត២ជើងនេះ វាពិបាកសម្រាប់យើង ព្រោះយើងទាត់ចូលទីនៅក្នុងទឹកដីគេ អ៊ីចឹងគេក៏អាចទាត់ចូលទី នៅក្នុងទឹកដីយើងដូចគ្នា។ ការនាំមុខ ១-០ នេះ វាគ្រាន់តែជាអាទិភាពបន្តិចបន្តួចសម្រាប់យើង ហេតុនេះយើងត្រូវឱ្យបានល្អថែមទៀត នៅជើងទី២»៕