
ការប្រកួតរវាងក្រុមវិសាខា ជាមួយក្រុមក្រសួងមហាផ្ទៃ A កាលពីថ្ងៃពុធ ដោយ វិសាខា បានចាញ់ ៣-១។ រូបថត សហព័ន្ធ
ក្រុមបាល់ទះវិសាខា មិនអាចរក្សាភាពខ្លាំងរបស់ខ្លួន នៅក្នុងការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី២ (Wurkz Special Volleyball Cup 4x4 Season 2) បាននោះទេ ដោយក្រុមការពារតំណែងជើងឯកមួយនេះ បានធ្លាក់ចេញពីការប្រកួតកម្រិតថ្នាក់ជាតិ នៅត្រឹមវគ្គចែកពូល។
ចំពោះព្រឹត្តិការណ៍កីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស ឆ្នាំ២០២៥នេះ ក្រុមវិសាខា ព្រមទាំងក្រុមក្រសួងមហាផ្ទៃ A ក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការរាជធានីភ្នំពេញ A ត្រូវបានដាក់ឱ្យឈរចាំប្រកួត នៅជុំផ្តាច់ព្រ័ត្រ កម្រិតថ្នាក់ជាតិនេះ ជាមួយក្រុមចំនួន១០ផ្សេងទៀត ដែលដណ្តើមបានកៅអីមកពីមណ្ឌលពោធិ៍សាត់, សៀមរាប, កំពង់ចាម, កណ្តាល និងមណ្ឌលកែប ដោយក្រុមទាំង១៤នេះ ចែកការប្រកួតជា៤ពូល។
យ៉ាងណាក៏ដោយ ក្រុមវិសាខា ដែលឈរនៅពូលD ជាមួយក្រុមក្រសួងមហាផ្ទៃ A និងក្រុមស្នងការរាជធានីភ្នំពេញ B នោះ បានចាញ់ទាំង២ប្រកួតតែម្តង គឺពួកគេបានចាញ់ក្រុមស្នងការរាជធានីភ្នំពេញ B ៣សិតដាច់ (៣-០) នាការប្រកួតបើកឆាក កាលពីថ្ងៃអង្គារ និងបានបន្តចាញ់ក្រុមក្រសួងមហាផ្ទៃ A ៣-១ កាលពីថ្ងៃពុធ។
ការបរាជ័យទាំង២លើក ដែលធ្វើនៅវិមានពហុកីឡដ្ឋានជាតិនេះ ធ្វើឱ្យក្រុមការពារតំណែងជើងឯក វិសាខា ធ្លាក់ចេញពីការប្រកួតនេះ ត្រឹមវគ្គចែកពូលដ៏គួរឱ្យភ្ញាក់ផ្អើកបំផុត ចំណែកក្រុមក្រសួងមហាផ្ទៃ A និងក្រុមស្នងការរាជធានីភ្នំពេញ B ត្រូវដឹកដៃគ្នា ទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ដោយក្រុមទាំង២ ត្រូវប្រកួតគ្នា ដណ្តើមយកលេខ១ និងលេខ២ ប្រចាំពូលDនេះ នៅល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍នេះ។

ការប្រកួតរវាងក្រុមស្នងការរាជធានីភ្នំពេញ A ជាមួយក្រុមស្នងការខេត្តកោះកុង នៅវិមានពហុកីឡដ្ឋានជាតិ។ រូបថត សហព័ន្ធ
យ៉ាងណាក៏ដោយ ការធ្លាក់ចេញពីការប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី២នេះ គឺដោយសារក្រុមវិសាខា បានដាក់កីឡាករអាយុក្រោម១៩ឆ្នាំ ឱ្យចូលរួមប្រកួត ព្រោះកីឡាករក្រុមធំ ដែលធ្លាប់ឈ្នះពាននេះ កាលពីឆ្នាំ២០២៤ រួមមាន គួន មុំ, សឿន ហេង, មួន និមល, ផុល រតនៈ និង ពីន សារុន ជាដើម សុទ្ធតែចាប់ភារកិច្ច ត្រៀមខ្លួនទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament, Taichung 2025 នៅតៃវ៉ាន់ ដែលនឹងធ្វើពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា។
ជុំវិញបញ្ហានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា៖ «ចំពោះអត្តពលិក ដែលមានឈ្មោះ ទៅប្រកួតពានរង្វាន់ WSVI Tournament នៅតៃវ៉ាន់ គឺមិនបានចូលលេងការប្រកួតកីឡាបាល់ទះ ៤x៤ នោះទេ គឺពួកគាត់ ត្រូវបិទខ្ទប់ធ្វើការហ្វឹកហាត់ចូល១ខែមកហើយ ដើម្បីត្រៀមការពារតំណែងជើងឯក នៅតៃវ៉ាន់ ខាងមុខនេះ»។
ដោយឡែកការប្រកួតប្រជែងក្នុងពូលចំនួន៣ទៀត គឺក្រុមស្នងការនគរបាលខេត្តកោះកុង ទទួលបានលេខ១ប្រចាំពូលA ដោយឈ្នះទាំង៣ប្រកួត រីឯក្រុមស្នងការរាជធានីភ្នំពេញ A ជាប់លេខ២ ដោយឈ្នះ២ ចាញ់១ប្រកួត ចំណែកក្រុមក្រសួងមហាផ្ទៃ B និងក្រុមបាល់ទះសីហាសាមគ្គី ត្រូវឡើងទៅប្រកួតវគ្គ៨ក្រុមតំណាងឱ្យពូលC ហើយក្រុមស្នងការនគរបាលខេត្តសៀមរាប និងក្រុមបាល់ទះខេត្តតាកែវ ជាបេក្ខភាព ត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយតំណាងឱ្យពូលB៕