ក្រុមព្រះខ័នរាជស្វាយរៀង កាន់តែមាន​ភាគ​រយខ្ពស់ ក្នុងការ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា បន្ទាប់ពី​ពួកគេ ដណ្តើម​បាន​៣ពិន្ទុ​បន្ថែម ស្របពេល​ដៃគូ​ប្រជែងដ៏ស្វិតស្វាញ គឺ​ក្រុម​ភ្នំពេ​ញក្រោន និង​វិសាខា សុទ្ធតែ​ចាញ់​ទាំង​ឈឺចាប់នោះ។

តាម​រយៈការ​ប្រកួតនៅ​លើ​ទី​លាន​ផ្សេង​គ្នា កាលពី​យប់​ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមម្ចាស់​ផ្ទះ ​ព្រះខ័នរាជស្វាយរៀង បាន​បង្ហាញ​ទម្រង់លេង​កាន់តែ​ល្អ ដើម្បី​យក​ឈ្នះក្រុម​ភ្ញៀវ អង្គរ​ថាយហ្គឺរ ៦-១ គឺ​​​៤​គ្រាប់ កើតឡើង​​នៅតង់ទី​១ និង​​២​គ្រាប់​ទៀត កើត​មាន​ឡើង នៅតង់​ទី​២។

ជាមួយ​ជ័យជម្នះ​យ៉ាង​ធំធេងនេះ ខ្សែ​ប្រយុទ្ធ ញាណ សុស៊ីដាន រក​បាន​៣​គ្រាប់តែម្នាក់​ឯង ខណៈ មិន រតនៈ, Bounphachan Bounkong និង Celestino Moresche Rodrigus Matheus រក​បានម្នាក់​១​គ្រាប់ រីឯ​១​គ្រាប់របស់ក្រុម​​អង្គរ​ថាយហ្គឺរ រកបាន​ដោយ​ខ្សែ​ប្រយុទ្ធ Joao Pedro នៅនាទីទី​២៨។

លោក Pep Munoz គ្រូ​បង្គោលក្រុម​ស្វាយរៀង បាន​និយាយក្រោយការ​ប្រកួត​ថា៖​ «វាជា​ការ​ប្រកួត​ដ៏​ល្អ ជាពិសេស​នៅ​ក្នុងតង់​ទី​១ ដោយ​យើង​គ្រប់​គ្រង​ការ​ប្រកួត និង​គ្រប់គ្រង​បាល់​បានច្រើន និង​អាច​រក​បានគ្រាប់បាល់លឿន ហើយ​កីឡាករ​របស់យើង ដែល​បាន​ប្តូរ​ឱ្យចូល​លេង គឺ​សុទ្ធតែ​បានបំពេញតួនាទី​បាន​ល្អ អ៊ីចឹ​ង​ខ្ញុំ​សប្បាយ​ចិត្ត ដែលយើង​រក​បាន​​គ្រាប់បាល់​ច្រើន។ ​សង្ឃឹម​ថា អ្នកគាំ​ទ្រ​នឹងរីក​រាយជាមួយគ្រាប់បាល់​ទាំង​៦នេះ»។

តាម​រយៈការដណ្តើម​បាន​៣​ពិន្ទុ​បន្ថែមពី​ក្រុម​អង្គរ​ថាយហ្គឺរ​នេះ បាន​ធ្វើ​ឱ្យក្រុមស្វាយរៀង មាន​ឱកាស​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា ស្ទើរ​៩០​ភាគ​រយ​ទៅ​ហើយ គឺ​ពួកគេ ត្រូវការ​ឈ្នះ​ត្រឹម​១​ប្រកួត​ទៀត​ប៉ុណ្ណោះ នៅ​ក្នុង​​ការ​ប្រកួត​៣​លើក​ចុងក្រោយ ដើម្បី​​ក្លាយជា​ម្ចាស់​ជើងឯក​លីគកំពូល​កម្ពុជា នៅ​ឆ្នាំ​នេះ ព្រោះពេលនេះ ស្វាយរៀង មានពិន្ទុ​សរុប​៧០ ដាច់ឆ្ងាយពីក្រុមលេខ​២ ភ្នំពេញ​ក្រោន ចំនួន​៧ពិន្ទុ​ទៅ​ហើយ។

គម្លាតពិន្ទុនេះ ដោយ​សារក្រុម​ភ្នំពេញ​ក្រោន បានចាញ់​ក្រុមបឹងកេត ៤-៣ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ។ សម្រាប់ការ​ប្រកួត​ធ្វើ​នៅពហុកីឡដ្ឋានជាតិ​នេះ ខ្សែ​ប្រយុទ្ធ សៀង ចន្ធា រកបាន​គ្រាប់បាល់​បើក​ឆាក​ឱ្យក្រុម​ម្ចាស់​ផ្ទះ​បឹងកេត នៅនាទីទី​៨ តែ​ខ្សែ​ប្រយុទ្ធ Gayoso Javier Augustine ជួយ​ឱ្យ ភ្នំពេញ​ក្រោន​ បានស្មើ​វិញ នៅត្រឹមនាទីទី១៧ ហើយ យ៉ែម ដេវិត បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៥៨។

ក្រុម​ភ្នំពេញ​ក្រោន (ក្រហម) បានចាញ់​ក្រុមម្ចាស់​ផ្ទះ​បឹងកេត ៤-៣ កាលពី​ថ្ងៃអាទិត្យ។ រូប​ថត ភ្នំពេញ​ក្រោន

យ៉ាងណាក៏​ដោយ ជាមួយការ​នាំមុខ​ក្រុមបឹងកេត ២-១ នេះ ក្រុម​ភ្នំពេញ​ក្រោន បាន​ជួប​ភាព​ក្តៅក្រហាយ នៅពេល​ ឈុំ សុខហៃ ទទួលបានកាតលឿងជាលើក​ទី​២ ស្មើ​កាត​ក្រហម នៅនាទីទី​៥៣ ហើយ​បន្ទាប់មក ម៉ាត់ នូរុណ រក​បាន​១​គ្រាប់ ជួយ​ឱ្យបឹងកេត ស្មើ ២-២ វិញ នៅនាទីទី​៥៨។

ប៉ុន្តែ​ ភ្នំពេញ​ក្រោន ដែល​សល់​គ្នា​ត្រឹម​១០នាក់ នៅតែ​អាច​រកបាន​គ្រាប់​បាល់បន្ថែម ដែល​ស៊ុត​បញ្ចូលទី​យ៉ាងល្អបំផុតដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង បុង សាំយូអ៊េល នៅនាទីទី​៧៧។ តែទោះបីជា​យ៉ាង​ណា ម៉ាត់ នូរុណ បាន​ជួយ​ឱ្យ​ក្រុមបឹងកេត តាមស្មើ ៣-៣ ជាថ្មីម្តងទៀត នៅនាទីទី​​៨៤ ហើយ ទូច ម៉ាណុច បាន​បន្ថែម​គ្រាប់​បាល់​ជ័យជម្នះ នៅនាទីទី​​៨៦។

ជុំវិញការ​បរាជ័យនេះ លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន បាន​និយាយ​ថា៖ ​«​ការ​ទទួលបាន​កាត​ក្រហម​១ ធ្វើ​ឱ្យ​ហ្គេម មានការ​ខុស​ប្លែក​គ្នា​ខ្លាំង ព្រោះ​មុន​នេះ យើងបាន​នាំមុខ ២-១ តែ​ក្រុមបឹងកេត បានតាមស្មើ​យើង ២-២ វិញ»។ លោក​បន្ត​ថា៖ «ទោះ​នៅសល់​គ្នា​ត្រឹម​១០នាក់ តែ​យើងបាន​ព្យាយាម​លេង​ទៅតាម​របៀប​ និង​អ្វីដែល​យើង​មាន និង​រកបាន​គ្រាប់បាល់​ទី​៣ ប៉ុន្តែ​ពួកគេ​ក៏​ធ្វើបាន​ល្អ ចំពោះ​ឱកាស​ដែល​មាន ដើម្បី​យក​ឈ្នះលើ​ក្រុម​យើង ៤-៣»។​

ចំណែក​ក្រុម​ឈរ​នៅលេខ​៣ វិសាខា ក៏បានជួបការ​ខក​ចិត្ត​ដូចគ្នា ដោយពួក​គេ​បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ណាហ្គាវើលដ៏ ១-០ នៅកីឡដ្ឋាន​កំពង់ស្ពឺ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Minagawa Yusuke នៅនាទីទី​២២។ ការចាញ់នេះ បាន​ធ្វើ​ឱ្យ វិសាខា បន្ត​ឈរ​នៅ​លេខ​៣ មាន​៥៩ពិន្ទុ​ដដែល៕