ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និង​​ក្រុម​ហ៊ុន T.Y Media ​បានឈាន​ដល់ការ​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ក្នុងការបង្កើតព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក (Esports) ​អន្តរជាតិ​​ថ្មី​មួយ​ទៀត គឺ​ការ​ប្រកួត Vikingz Warrior Mekong Invitations 2025 បន្ថែម​ទៅលើការ​ប្រកួត Queen Legends រដូវកាលទី១ ដែល​ទើបបានបញ្ចប់​ដោយ​ជោគ​ជ័យ កាលពី​ថ្ងៃទី​២៧ ខែមេសា។

លោក លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ​ប៊ែវើរីជីស (Khmer Beverages) បាន​​បង្ហាញ​ភាព​​រីក​រាយ​ ដែលបានសហប្រតិបត្តិការ​ជាមួយ T.Y Media ក្នុងការ​បង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​ Esports អន្តរជាតិនៅ​កម្ពុជា ហើយ​លោក​បាន​ចាត់​ទុក​ការ​ចុះ MoU នេះ​ថា ជា​ការ​​ចាប់​ផ្តើម​ចូលរួមចំណែក​មួយយ៉ាងសំខាន់ ដែល​នឹង​ក្លាយជា​មូល​ដ្ឋាន​គ្រឹះ​​ក្នុង​ការអភិវឌ្ឍ​​កីឡា Esports នៅ​កម្ពុជា ឱ្យ​បោះជំហ៊ានទៅ​​មុខ​កាន់តែ​ប្រសើរ​ឡើងមួយកម្រិតទៀត។

លោកបញ្ជាក់​ថា៖ «កិច្ចសហប្រតិបត្តិការ​របស់​ Khmer Beverages និង​​T.Y Media នឹង​ក្លាយជា​មូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡាអេឡិចត្រូនិក​កម្ពុជា ឱ្យកាន់តែ​រីកចម្រើនឥតឈប់​ឈរ ព្រមទាំង​បានក្លាយជា​ស្ពាន​មួយ​ក្នុងការ​នាំ​យក​ព្រឹត្តិការណ៍​​ថ្មីៗ និង​ទាក់​ទាញ​ មក​កម្ពុជា ដើម្បី​ពង្រីក​វិសាល​ភាព​ឧស្សាហកម្ម​កីឡា​អេឡិច​ត្រូនិក ក្នុង​ស្រុក​កាន់តែ​ទូលំទូលាយទ្វេ​ដង»។

តាម​រយៈ​ការចុះ MoU នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center (ផ្លូវ ៦០ម៉ែត្រ) កាលពី​ថ្ងៃទី​២៧ ខែមេសា​នោះ លោក ឈុន សំណាង អគ្គនាយក​ក្រុម​ហ៊ុន T.Y Media បាន​ឱ្យ​ដឹងថា ​ការ​ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Vikingz Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legends: Bang Bang នេះ ​មាន៤ប្រទេសចូលរួម គឺម្ចាស់​ផ្ទះ​កម្ពុជា វៀតណាម ថៃ និងឡាវ។

លោក ឈុន សំណាង បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ថ្មីនេះ ជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់វិស័យ Esports នៅ​កម្ពុជា ហើយ​ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់កីឡាករ បាន​បង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធន៍​បន្ថែម ដើម្បីជាដើមទុនក្នុងការចូលរួមប្រកួតតំណាងជាតិ នៅក្នុងការ​ប្រកួត​អន្តរជាតិនានា នាពេលខាងមុខ។

ជាមួយគ្នានេះ ក្នុងនាមជា​អ្នក​រៀបចំ​​ព្រឹត្តិការណ៍កីឡា​អេឡិចត្រូនិក​អន្តរជាតិ នាពេល​ខាង​មុខ​នេះ លោក ឈុន សំណាង បានបញ្ជាក់​ថា៖ «ក្នុងនាមជាអគ្គនាយក​ក្រុម​ហ៊ុន T.Y Media និងអ្នក​រៀបចំ​ការ​ប្រកួត ខ្ញុំសូមសន្យា​ថា ក្រុមហ៊ុន​យើង​ខ្ញុំ នឹង​រៀបចំការ​ប្រកួត Vikingz Warrior Mekong Invitations 2025 នេះ​ឱ្យមាន​លក្ខណៈស្តង់ដា​អន្តរជាតិ ប្រកប​ដោយ​ភាពសុក្រឹត និង​យុត្តិធម៌»។

ចំណែក​លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក បានគាំ​ទ្រ​ពេញទំហឹង​ទៅដល់​ក្រុមហ៊ុន​ខ្មែរប៊ែវើរីជីស និង​​ T.Y Media ដែលបាន​​រួមគ្នា​រៀបចំ​ឱ្យមានព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ Vikingz Warrior Mekong Invitations 2025 នេះឡើង ដែល​ស្របទៅតាមផែនការអភិវឌ្ឍន៍របស់សហព័ន្ធ គឺ​ចង់ឱ្យ​មានការប្រកួតលក្ខណៈអន្តរជាតិ កាន់តែច្រើន ដើម្បីអភិវឌ្ឍ​ធន​ធាន​មនុស្ស រួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល។

លោក លន់ សាមឌី បាន​បន្ថែម​​ថា៖ ​«​​២០២៥ ជា​ឆ្នាំ​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ អ៊ីចឹង​ព្រឹត្តិការណ៍​នេះ បានរួមចំណែក​ដល់​ការ​ហ្វឹក​ហាត់ ក៏ដូចជា​ផ្លាស់ប្តូរបទពិសោធន៍ និង​តេស្ត​សមត្ថ​ភាព​ដល់​អត្តពលិក​យើង ព្រោះ​បើមានតែ​ការ​ហ្វឹក​ហាត់ ​អត់​មានការ​ប្រកួត ធ្វើម៉េចដឹង​ថា យើង​ខ្លាំង​កម្រិត​ណា! ហើយបើ​មានការ​ប្រកួត​តែ​ក្នុងស្រុក​ជាមួយកីឡាករខ្មែរ​គ្នាឯង ក៏​អត់​ដឹ​ង​ថា យើងខ្លាំង​កម្រិតណា​នោះ​ដែរ ​តែ​ Vikingz Warrior Mekong Invitations ជា​ការ​ប្រកួត​​អន្តរជាតិ ដែលខ្ញុំជឿ​ថា អ្នកគាំទ្រ ក៏នឹង​មក​ទស្សនា​ផ្ទាល់​យ៉ាងច្រើន​កុះករ​​ដែរ»៕