
សកម្មភាពប្រកួតបើកឆាកព្រឹត្តិការណ៍ CamEd Women’s Futsal Tournament 2025 នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍។ រូបថត ឈន ណន
ក្រុមនិស្សិតជាស្រ្តីប្រមាណ១០០នាក់ បានយកព្រឹត្តិការណ៍ CamEd Women’s Futsal Tournament 2025 ជាវេទិការប្រកួតប្រជែងគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជាពិសេសពង្រឹងស្មារតី និងបង្កើនភាពអំណត់នៅក្នុងជីវិត ហើយពួកគេជឿថា ការលេងបាល់ទាត់នេះ បានជួយលាងជម្រះភាពធុញថប់ និងបានផ្តល់បទពិសោធន៍ជាច្រើនទៀត សម្រាប់យកទៅអនុវត្តនៅថ្ងៃអនាគត។
កីឡាការិនីជានិស្សិតឆ្នាំទី២ កែវ ជីងអ៊ី បានមើលឃើញថា ការបង្កើតឱ្យមានការប្រកួតហ្វុតសាលនារីនេះ ពិតជារឿងល្អ ព្រោះវាបានជួយឱ្យក្រុមនិស្សិត ដែលរៀនផ្នែកខុសៗគ្នា និងឆ្នាំផ្សេងគ្នា បានជួបជុំប្រកួតគ្នា ដើម្បីរឹតចំណងមិត្តភាព និងមានសាមគ្គីភាព កាន់តែល្អ នៅក្នុងសាលា។
ប្រធានក្រុម Supernova កែវ ជីងអ៊ី បាននិយាយថា៖ «ជាធម្មតាការសិក្សាតែងមានអារម្មណ៍ស្ត្រេសច្រើន អ៊ីចឹងការបង្កើតឱ្យមានកម្មវិធីប្រកួតបាល់ទាត់នេះ វាបានកាត់បន្ថយនូវភាពតានតឹងមួយផ្នែកធំរបស់សិស្ស ហើយគោលដៅរបស់ក្រុមយើង គឺយើងយកការប្រកួតនេះ ដើម្បីរឹតចំណងមិត្តភាពផង និងប្រជែងយកពានផង»។
ចំណែកកីឡាការិនី គឹម ហ៊ួយយូ បានបង្ហាញភាពសប្បាយរីករាយខ្លាំង បន្ទាប់ពីក្រុម SCG របស់ខ្លួន បានយកឈ្នះក្រុម Shining Stars ដោយលទ្ធផល ៣-១ ក្នុងពិធីបើកការប្រកួត CamEd Women’s Futsal Tournament 2025 នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ ហើយជ័យជម្នះនេះ បានធ្វើឱ្យក្រុម SCG កាន់តែមានទំនុកចិត្ត ក្នុងការប្រជែងយកកៅអីទៅវគ្គបន្ត។
គឹម ហ៊ួយយូ បាននិយាយក្រោយការប្រកួតថា៖ «ការទទួលបានជ័យជម្នះ ក្នុងថ្ងៃបើកឆាកនេះ ដោយសារក្រុមរបស់យើង មានការយល់ចិត្តគ្នា និងមានសាមគ្គីគ្នាល្អនៅក្នុងក្រុម ហើយជ័យជម្នះនេះ បានធ្វើឱ្យពួកយើងប្តូរទិសដៅ ពីការលេងកីឡាដើម្បីតែសុខភាព និងបង្កើតមិត្តភាព ទៅជាការប្រកួតប្រជែង ដើម្បីស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ»។

គួរបញ្ជាក់ថា ការប្រកួត CamEd Women’s Futsal Tournament 2025នេះ មានក្រុមនិស្សិតជាស្រ្តីប្រមាណ១០០នាក់ បានចូលរួម ដោយអ្នកទាំងអស់នេះ បានលេងតំណែងឱ្យក្រុមចំនួន១០។ ក្រុមទាំង១០នេះ ត្រូវបានចែកការប្រកួតជា២ពូល ដោយបានចាប់ផ្តើម កាលពីថ្ងៃទី២៦ មេសា និងគ្រោងបញ្ចប់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
នៅមុនការប្រកួតនេះ លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ បានរៀបចំឱ្យមានក្រុមគ្រូបង្វឹក សម្រាប់ហ្វឹកហាត់ពីរបៀបនៃការលេងបាល់ទាត់ហ្វុតសាល ដល់ក្រុមនិសិត្សជាស្រ្តីទាំងនេះ ប្រមាណ៥សប្តាហ៍ ព្រោះលោកចង់លើកទឹកចិត្ត និងជំរុញឱ្យនិស្សិតរបស់លោក ចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន។
លោក Casey ធ្លាប់បានឱ្យដឹងថា ការលេងកីឡាបាល់ទាត់ វាមិនត្រឹមតែជួយបង្កើតទំនាក់ទំនងល្អរវាងក្រុមនិស្សិត និងធ្វើឱ្យពួកគេមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែការលេងបាល់ទាត់នេះ បានបង្រៀនឱ្យក្រុមនិស្សិត ចេះធ្វើការងាជាក្រុម មានស្មារតីរឹងមាំ និងមានភាពអំណត់តស៊ូខ្ពស់ ក្នុងការជម្នះឧបសគ្គ ដែលទាំងអស់នេះ វាជាបទពិសោធន៍ជួយឱ្យពួកគេ ទទួលបានជោគជ័យ នៅពេលចេញទៅប្រកបការងារ ឬបើកអាជីវកម្មផ្ទាល់ខ្លួន ក្រោយពេលរៀនចប់។
កីឡាការិនី កែវ ជីងអ៊ី បានមើលឃើញថា ការលេងបាល់ទាត់ ពិតជាបានផ្តល់អត្តប្រយោជន៍ច្រើន ដូចទៅនឹងអ្វីដែលលោក Casey Barnett បានលើកឡើងនេះមែន។ ជីងអ៊ី បញ្ជាក់ថា៖ «អ្វីដែលលោកគ្រូ Casey បានលើកឡើង គឺជារឿងត្រឹមត្រូវ ព្រោះការលេងកីឡា ធ្វើឱ្យយើងមានភាពស្វាហាប់ មានស្មារតីមាំមួន អ៊ីចឹងខ្ញុំគិតថា វាជាប្រយោជន៍មួយ នៅពេលយើងចេញទៅធ្វើការងារ»។
ចំណែកនិស្សិតឆ្នាំទី៣ គឹម ហ៊ួយយូ ក៏យល់ឃើញបែបនេះដូចគ្នា។ ហ៊ួយយូ បាននិយាយថា៖ «ខ្ញុំយល់ស្របទាំងស្រុងជាមួយលោក Casey ព្រោះយើងមករៀន មិនមែនចេះតែចំណេះដឹងទេ គឺយើងត្រូវមានសុខភាពល្អ មានកម្លាំងមាំមួន និងត្រូវមានជំនាញក្នុងការទំនាក់ទំនងល្អហើយការលេងកីឡា បានផ្តល់នូវអត្ថប្រយោជន៍ទាំងអស់ហ្នឹងដល់និស្សិត ហេតុនេះខ្ញុំសង្ឃឹមថា សាលា នឹងរៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ឱ្យសាលាផ្សេងទៀតធ្វើអ៊ីចឹងដូចគ្នា»៕
