ក្រុមព្រះខ័នរាជស្វាយរៀង ហាក់មាន​ការ​អន្ទះសា ចង់​​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២៤-២០២៥ ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​​មាន​ទឹក​ចិត្តកាន់តែ​ខ្លាំងក្នុងការ​ផ្តោត​ទៅលើការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ AFC Challenge League ដោយ​ក្រុម​ស្វាយរៀង ត្រូវ​ជួប​ក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃទី​១០ ខែឧសភា។

       លោក Pep Munoz គ្រូ​បង្គោល​ក្រុមព្រះខ័នរាជស្វាយរៀង បានដាក់​គោលដៅ​ដណ្តើម​ឱ្យ​បាន​៣ពិន្ទុ​ សម្រាប់​ការ​ស្វាគមន៍​ក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋាន​ស្វាយ​រៀង នា​ល្ងាច​ម៉ោង​៦ ថ្ងៃពុធ​ស្អែក​នេះ ដើម្បី​ឈ្នះពាន​លីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិ​តែម្តង ទោះនៅសល់​២​ប្រកួត​ជាបន្ត​ទៀត ខណៈការជួបគ្នា​ចុងក្រោយ កាលពី​ថ្ងៃទី​២៩ ខែមីនា ក្រុមស្វាយរៀង បាន​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​ណាហ្គាវើលដ៍ ៤-០។

       លោក Pep បានបញ្ជាក់ថា៖​ «មួយ​រយៈ​ចុងក្រោយ​នេះ យើង​បានឈ្នះការ​ប្រកួត​រហូត ហើយយើង​ត្រូវ​រក្សា​លទ្ធផល​របៀបនេះ​ទៀត។ បើ​យើង​ឈ្នះការ​ប្រកួត​នៅថ្ងៃពុធ មានន័យ​ថា យើង​ឈ្នះ​ពាន​កាន់​តែលឿន គឺ​រឹត​តែល្អ អ៊ីចឹង​ការ​ប្រកួត​នៅ​ថ្ងៃពុធ (ជាមួយណាហ្គាវើលដ៏) យើង​ចង់​បង្ហាញ​គុណ​ភាព​ក្រុមលេង​ឱ្យបាន​ល្អ ក៏ដូចជា​ដណ្តើម​យក​៣ពិន្ទុ»។

       គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ លោក Pep Munoz បាន​និយាយ​បែបនេះ បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​ស្វាយរៀង យក​ឈ្នះ​ក្រុមអង្គរ​ថាយហ្គឺរ ៦-១ កាលពី​ថ្ងៃអាទិត្យ ហើយការដណ្តើម​​បាន​៣ពិន្ទុ​នោះ បានជួយ​ឱ្យ​ក្រុមឈរនៅលេខរៀង​ទី​១ ពប្រក្ហបុរស្វាយរៀង មាន​៧០ពិន្ទុ ដាញ់​ឆ្ងាយ​ពី​ក្រុម​ឈរ​នៅលេខ​២ ភ្នំពេញ​ក្រោន ចំនួន​​៧ពិន្ទុ ខណៈ ភ្នំពេញ​ក្រោន បានចាញ់​ក្រុមម្ចាស់​ផ្ទះ បឹងកេត ៤-៣ ទាំង​ឈឺចាប់​ កាលពី​ថ្ងៃអាទិត្យ​នោះ។

       យោងតាម​លទ្ធផល​​ និងការ​ប្រកួត​ដែល​នៅ​សល់​ចំនួន​៣​ដង​ដូចគ្នា​នោះ ក្រុមស្វាយរៀង នឹង​ឈ្នះ​ពាន​លីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិតែម្តង បើ​សិនជា​ពួកគេ អាច​ដណ្តើម​បាន​៣ពិន្ទុ​ពី​ក្រុមណាហ្គាវើលដ៍ នៅ​ថ្ងៃពុធ ហើយ​លោក Pep Munoz ចង់​ឃើញ​ហេតុការណ៍​ដ៏រំភើបនេះ កើតមាន​ឡើង​ នៅចំពោះមុខ​អ្នកគាំ​ទ្រ ក្នុង​​កីឡដ្ឋាន​ស្វាយរៀង នា​យប់ថ្ងៃ​ពុធ​ស្អែក​នេះ​តែម្តង។

ការ​ប្រកួត​រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង (ពណ៌ស) និងក្រុមណាហ្គាវើលដ៏ កាលពី​ថ្ងៃទី​២៩ ខែមីនា ដោយ​ស្វាយរៀង បាន​យក​ឈ្នះ ៤-០។ រូប​ថត ស្វាយរៀង

       បើ​សិនជា​គ្រប់យ៉ាងបាន​កើត​មាន​ឡើង ទៅតាមការ​ចង់​បាន​របស់លោក​ Pep មែន​នោះ គឺ​ក្រុមស្វាយរៀង នឹងមានកម្លាំង​ចិត្តកាន់តែ​ខ្លាំង ក្នុងការ​ផ្តោត​អារម្មណ៍​​ទៅលើ​​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ជាមួយ​​ក្រុម FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃទី​១០ ខែឧសភា ហើយនេះជា​ការ​ប្រកួត​បាល់​ទាត់​អន្តរជាតិ​ដ៏​ធំ មិន​ធ្លាប់មាន​នៅ​កម្ពុជា។

       មហាគ្រួសារ​បាល់​ទាត់​នៅ​កម្ពុជា ជាពិសេស​អ្នកគាំ​ទ្រ បានកំពុង​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​ប្រកួតនេះ ដោយពួកគេ​រំពឹង​ថា ក្រុមស្វាយរៀង នឹង​អាច​យក​ឈ្នះក្រុម FK Arkadag របស់​ប្រទេស​តួកមេនីស្ថានមួយនេះ ដើម្បីក្លាយជា​ក្លិបតំណាង​ឱ្យ​កម្ពុជាដំបូងគេ ដែល​បាន​លើក​ពាន AFC Challenge League នេះ។

       ជាមួយគ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ត្រៀម​រួច​រាល់ ក្នុងការ​ទៅ​ផ្តិតយក​​រូប​ភាព និង​យកព័ត៌មាន​នៃ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្ររវាង​ក្រុម​ស្វាយរៀង និង​ក្រុម FK Arkadag ហើយជាមួយគ្នានេះ លោក ឌី វិជ្ជា ប្រធាន​ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ប្រាប់ឱ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ទៅ​ចុះឈ្មោះជាមួយក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ដើម្បីទទួលបានសំបុត្រ​ទស្សនា និង​វត្ថុអនុស្សាវរីយ៍។

       លោក ឌី វិជ្ជា បាន​​បង្ហោះសារបញ្ជាក់ នៅលើ​ផេចហ្វេសប៊ុក​របស់លោក កាល​ពី​​ថ្ងៃ​ចន្ទ​ថា៖ «សូមជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ ខ្ញុំនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន​២សំបុត្រ រួមទាំងកន្សែងក្លិប​បាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ​នេះ»៕