ក្រុមសិង្ហក្រហម ភ្នំពេញ​ក្រោន នៅ​សល់​ឱកាស​តិច​បំផុត ក្នុងការ​ប្រជែង​យកពាន​លីគកំពូល​កម្ពុជា បន្ទាប់ពី​ពួក​គេ បានចាញ់​ក្រុមបឹងកេត ៤-៣ និង​មាន​គម្លាតពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​​លេខ​១ ព្រះខ័នរាជស្វាយរៀង រហត​៧ពិន្ទុ គឺ​៧០​ទល់​នឹង​៦៣ពិន្ទុ​នោះ ប៉ុន្តែ​លោក Oleg Starynskyi នៅតែជំរុញ​ឱ្យ ភ្នំពេញ​ក្រោន ត្រូវដណ្តើមឱ្យ​បានជ័យជម្នះ សម្រាប់​៣ប្រកួត ដែល​នៅសល់។

ជាមួយគ្នានេះ​គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi ក៏​បានជំរុញ​ឱ្យ​កូន​ក្រុម ត្រូវផ្តោត​ទៅលើ​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥ ដោយពួកគេ ត្រូវ​ប្រកួត​ជើង​ទី​១ ជាមួយ​ក្រុម​​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក៣សម័យកាល វិសាខា នៅ​កីឡដ្ឋាន Smart RSN នា​ល្ងាច​ម៉ោង​៦ ថ្ងៃ​ពុធ​នេះ។

លោក Oleg ចង់​ទម្លាក់​ក្រុម​វិសាខា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ​​ម្តង​ទៀត ព្រោះ​កាលពី​ឆ្នាំ​២០២៤ ភ្នំពេញ​ក្រោន ធ្លាប់​ធ្វើ​បាន​សម្រេច​ម្តង​ហើយ ដោយ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​វិសាខា ​ទាំង​២ជើង ៦-៣ គឺ​ជើងទី​១ នៅលើដី​ក្រុម​វិសាខា ក្រុម​ទាំង​២ បាន​ស្មើ​គ្នា ២-២ តែ​ជើង​ទី​២ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ ៤-១ នៅលើ​ទឹក​ដី​របស់​ខ្លួន   ប៉ុន្តែ​ពួកគេ បាន​​ទៅ​ចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង ១-០ នៅវគ្គ​ផ្តាច់​ព្រ័ត្រ។

ជុំវិញការ​ប្រកួត​នៅចំពោះមុខ​នេះ លោក Oleg Starynskyi បាន​និយាយ បន្ទាប់ពី​ដឹកនាំ​ក្រុម​ភ្នំពេញក្រោន ចាញ់ បឹងកេត ៤-៣ កាលពី​ថ្ងៃអាទិត្យ​​ថា៖​ «យើង​ត្រូវ​ផ្តោត​ទៅលើការ​ប្រកួត​នៅ​ថ្ងៃពុធ (ថ្ងៃ​នេះ) ហើយ​យើង​ត្រូវ​ព្យាយាម​លេង​យ៉ាង​ណា​ឱ្យ​ឈ្នះការ​ប្រកួតរបស់​យើង ដោយ​យើង​ត្រូវ​ផ្តោត​លើ​ពាន​ទាំង​អស់​ដែល​មាន»​។

គ្រូ​បង្វឹកសញ្ជាតិ​អ៊ុយក្រែន​រូបនេះ បានបន្ថែម​ថា៖ «យើង​ត្រូវ​ឈ្នះ​គ្រប់ការប្រកួត ដែល​យើង​អាច​ធ្វើ​ទៅបាន។ ជាក់​ស្តែងកាលពី​ឆ្នាំ​មុន យើងបាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រពាន​រង្វាន់​សម្តេច ហ៊ុន សែន ហើយ​​នេះ​ជាពាន​ដ៏​ល្អមួយ​សម្រាប់​យើង ក្នុងការ​ប្រជែង និងត្រូវ​​ឈ្នះ​ផងដែរ»។

លោក Oleg Starynskyi ពេល​ដឹកនាំ​ក្រុម​ភ្នំពេញក្រោន ហើយ​នៅ​ថ្ងៃ​នេះ លោក​រំពឹង​ថា ភ្នំពេញ​ក្រោន នឹង​អាច​យក​ឈ្នះ​ក្រុម​វិសាខា។ រូប​ថត ភ្នំពេញក្រោន

យ៉ាង​ណា​ក៏​ដោយ គេ​នៅមិនទាន់ប្រាកដ​ថា ភ្នំពេ​ញក្រោន អាច​ទម្លាក់ក្រុម​វិសាខា នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ ដើម្បីបំពេញ​មហិច្ឆតា​ឡើង​ទៅ​កាន់វគ្គ​ផ្តាច់​ព្រ័ត្រដូច​ឆ្នាំ​២០២៤ ឬក៏​​ត្រូវ​ជួប​ការ​ខក​ចិត្ត​នោះ​ទេ! ព្រោះ​វិសាខា ក៏​ចង់​ទម្លាក់​ភ្នំពេញ​ក្រោន ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូចគ្នា។

ក្រុម​វិសាខា លែងមានឱកាស​ប្រជែង​យក​ពាន​លីគកំពូល​ទៀត​ហើយ ហេតុ​នេះការ​ប្រជែង​យក​​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​នេះ វាជា​ក្តីសង្ឃឹម​តែមួយគត់ សម្រាប់ពួកគេ ហើយ វិសាខា ក៏មិនចង់ជួបការ​ខក​ចិត្ត​ដូច​ឆ្នាំ​២០២៤នោះដែរ ដោយ​ពួកគេ បានចំណាត់​ថ្នាក់លេខ​៣ ទាំងការ​ប្រកួត​លីគកំពូល និង​ពាន​សម្តេច ហ៊ុន សែន។

ចំពោះ​ការ​ប្រកួត​ពាន​​សម្តេច ហ៊ុន សែន នេះ ក្រុម​វិសាខា ធ្លាប់​ឈ្នះ​តំណែង​ជើងឯក​៣​រដូវ​កាល​ជាប់ៗគ្នា​ គឺ​ឆ្នាំ​​២០២០ ២០២១ និង​ឆ្នាំ​២០២២ ហេតុនេះ​ពួកគេ ចង់​វិល​ទៅរក​ភាពត្រចះ​ត្រចង់ដូច​កាលពី​អតីតកាល ខណៈការជួបគ្នា​ចំនួន​៤​ដង នៅលីគកំពូល​កម្ពុជា រដូវ​កាល​នេះ គឺ​លើក​ទី​១ ភ្នំពេញក្រោន ឈ្នះ ៤-២ នៅក្នុងទឹកដី មុនពេល​ស្មើ ៣-៣ នៅលើ​ទឹក​ដី​វិសាខា រីឯ​២​លើក​ចុង​​ក្រោយ វិសាខា បានឈ្នះ ២-១ ក្នុង​ទឹក​ដី និងបានចាញ់​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន ១-០ វិញ កាលពី​ថ្ងៃទី​១៩ ខែមេសា៕