
ក្រុមវិសាខា របស់កម្ពុជា បានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ៣-០ ក្នុងការប្រកួតបើកឆាកពាន WSVI Tournament 2025 នៅតៃវ៉ាន់។ រូបថត សហព័ន្ធ
ក្រុមបាល់ទះវិសាខា ធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតបើកឆាកបាល់ទះពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅតៃវ៉ាន់ ដោយពួកគេបានយកឈ្នះ MBSA Pelican របស់ម៉ាឡេស៊ី ៣សិតដាច់ (៣-០) ដើម្បីបំពេញមហិច្ឆតា ឈានទៅរកការការពារតំណែងជើងឯក ក្នុងពានរង្វាន់មួយនេះជាថ្មីម្តងទៀត។
សម្រាប់ការប្រកួតបើកឆាកប្រចាំពូលA ដែលបានធ្វើឡើង កាលពីព្រឹកម៉ោង១០ ថ្ងៃពុធនេះ គ្រូបង្គោលក្រុមវិសាខា លោក Khomkrich Pranyooncharn បានដាក់កីឡាករបរទេសទាំង៤នាក់ រួមមានកីឡាករបារាំង Francois Rebeyrol, Titouan Halle, Thomas Gill និងកីឡាករអាល្លឺម៉ង់ Sebastian Rosler ឱ្យចូលលេងក្នុងជម្រើស៦នាក់ដំបូងជាមួយកីឡាករកម្ពុជា គួន មុំ, ផុល រតនៈ និង សេង គីមហាប់។
អ្នកទាំង៦នាក់នេះ ពិតជាសហការគ្នាលេងបានយ៉ាងល្អ ដើម្បីយកឈ្នះក្រុម MBSA Pelican ក្នុងលទ្ធផល ៣-០ ដោយក្នុងនោះក្រុមវិសាខា បានយកឈ្នះជាមួយគ្រាប់បាល់ ២៥-២០ នៅសិតទី១ រួចបន្តយកឈ្នះ ២៥-១៧ នៅសិតទី២ ហើយនៅសិតទី៣ វិសាខា បានយកឈ្នះជាមួយគ្រាប់បាល់ ២៥-១៩។

លោក អាំង សិរីពិសិដ្ឋ និងក្រុមកីឡាកររបស់វិសាខា បានអបអរជ័យជម្នះ ក្រោយយកឈ្នះក្រុម MBSA Pelican ៣-០ កាលពីព្រឹកថ្ងៃពុធនេះ។ រូបថត សហព័ន្ធ
ការទទួលបាន៣ពិន្ទុពេញ សម្រាប់ការប្រកួតបើកឆាក លើក្រុម MBSA Pelican របស់ម៉ាឡេស៊ីនេះ បានធ្វើឱ្យក្រុមវិសាខា កាន់តែមានទំនុកចិត្ត ក្នុងការឈានទៅប្រកួតជម្រុះសន្សំពិន្ទុជាមួយក្រុម Taichung Bank របស់តៃវ៉ាន់ ដែលនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក និងចុងក្រោយត្រូវជួបក្រុម Hyundai Capital Skywalkers របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ វេលាម៉ោង៦ល្ងាច។
ចំណែកពូល B មានក្រុម Win+Streak របស់តៃវ៉ាន់ ក្រុម Jakarta Garuda របស់ឥណ្ឌូណេស៊ី ក្រុម Nakhon Ratchasima របស់ថៃ និងក្រុម Armed Forces របស់កូរ៉េខាងត្បូង ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលទាំង២នេះ ត្រូវឡើងទៅប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចយកក្រុមឈ្នះទៅប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី៤ ខែឧសភា។
សម្រាប់ការចេញទៅប្រកួតការពារតំណែងជើងឯកបាល់ទះ ពានរង្វាន់ WSVI Tournament 2025 នៅតៃវ៉ាន់នេះ ក្រុមវិសាខា បានដាក់គោលដៅ ត្រូវឈ្នះតំណែងជើងឯក ជាលើកទី២ ហើយនេះជាអ្វីដែលក្លិបមួយនេះ បាននាំយកកីឡាករបារាំង និងអាល្លឺម៉ង់ទាំង៤នាក់ មករួមចំណែកជួយដល់ក្រុមវិសាខា ក្នុងការឈានទៅសម្រេចគោលដៅនេះ ដើម្បីលើកកម្ពស់វិស័យបាល់ទះកម្ពុជា នៅក្នុងតំបន់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានក្លិបបាល់ទះវិសាខា ក៏បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ២ម៉ឺនដុល្លារ ដើម្បីទិញសិទ្ធិផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួត WSVI Tournament 2025នេះ ដើម្បីឱ្យអ្នកគាំទ្របានទស្សនា និងចូលរួមលើកទឹកចិត្តដល់ក្រុមវិសាខា។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមវិសាខា ចេញទៅប្រកួតនៅតៃវ៉ាន់ លើកនេះ បានថ្លែងថា៖ «ក្រុមវិសាខា មានការប្តូរផ្តាច់ហើយថា ធ្វើម៉េចការពារតំណែងជើងឯកឱ្យខានតែបាន! ទោះបីជាឧបសគ្គមានភាពខ្លាំងក្លាក៏ពិតមែន ប៉ុន្តែយើងនៅតែមានមហិច្ឆតារបស់យើង ដោយត្រូវការពារជើងឯករបស់យើង សម្រាប់ឆ្នាំទី២នេះ»៕