
កីឡាករ ឃីម បូរ៉ា បានទទួលប្រាក់ឧបត្ថម្ភបន្ថែមចំនួន២លានរៀល ពីការផ្តួលអ្នកប្រដាល់ថៃ ទីតូ ហយវ៉ានភុតឆាណា ឱ្យសន្លប់ក្នុងទឹកទី១។ រូបថត CTN
កីឡាករជើងខ្លាំង ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឃីម បូរ៉ា និង អ៊ូច ធារិទ្ធ សុទ្ធតែបានប្រើបច្ចេកទេសផ្ទាល់ខ្លួន ដើម្បីផ្តួលអ្នកប្រដាល់ថៃឱ្យសន្លប់ សម្រាប់ការបង្ហាញខ្លួនរួមគ្នា ក្នុងព្រឹត្តិការណ៍ប្រដាល់ថ្មី «Greet Kun Khmer Best Fight» របស់សង្វៀន CTN ចំណែក ធន់ សាក់ស៊ីន និង រិទ្ធី ភូលូ ក៏ដណ្តើមបានជ័យជម្នះលើកីឡាករបរទេស ដើម្បីទទួលបានប្រាក់ឧបត្ថម្ភចំនួន២លានរៀលស្មើៗគ្នា។
នៅក្នុងសន្និសីទកាសែត មុនការប្រកួត កាលពីព្រឹកថ្ងៃអាទិត្យនោះ លោក David Elliott Ulmer អគ្គនាយកក្រុមហ៊ុន CBS និងលោក សុខ បញ្ញារិទ្ធិ តំណាងក្រុមហ៊ុន ឆេមពានគ្រុប បានចាត់ទុកការរួមគ្នាបង្កើតឱ្យមានកម្មវិធីប្រដាល់ថ្មី «Greet Kun Khmer Best Fight» នេះថា ជាការរួមចំណែកមួយទៀត ក្នុងការលើកកម្ពស់វិស័យប្រដាល់គុនខ្មែរ ឱ្យកាន់តែមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ។
លោក David Elliott Ulmer បញ្ជាក់ថា៖ «ស្ថានីយ៍ទូរទស្សន៍ CTN និងក្រុមហ៊ុន Greet ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្កើតកម្មវិធី Greet Kun Khmer Best Fight នេះឡើង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញ ជាពិសេសដើម្បីផ្តល់ឱកាសដល់យុវជន យុវនារីជំនាន់ថ្មី បានបង្ហាញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន និងសម្រេចនូវក្តីសុបិនរបស់ពួកគេ ក្នុងវិស័យកីឡា ដែលខ្លួនស្រលាញ់»។
សម្រាប់ការប្រកួតបើកឆាក ព្រឹត្តិការណ៍ Greet Kun Khmer Best Fight នេះ CTN និងដៃគូសហការរបស់ខ្លួន បានដាក់កីឡាករកម្ពុជាចំនួន៥នាក់ ឱ្យប្រកួតជាមួយអ្នកប្រដាល់បរទេសមកពីប្រទេសថៃ អ៊ូសបេគីស្ថាន និងប្រទេសកាមេរូន ហើយជាលទ្ធផលអ្នកលេងគុនខ្មែរ ពិតជាធ្វើបានល្អ ដោយដណ្តើមបានលទ្ធផលដ៏ត្រចះត្រចង់ គឺឈ្នះ៤នាក់ និងស្មើ១នាក់។

កីឡាករ ឃីម បូរ៉ា បានទទួលប្រាក់ឧបត្ថម្ភបន្ថែមចំនួន២លានរៀល ពីការផ្តួលអ្នកប្រដាល់ថៃ ទីតូ ហយវ៉ានភុតឆាណា ឱ្យសន្លប់ក្នុងទឹកទី១។ រូបថត CTN
នៅក្នុងលទ្ធផលនេះ ម្ចាស់មេដាយមាស ឃីម បូរ៉ា ធ្វើបានល្អជាងគេ ដោយរូបគេបានប្រើពេលត្រឹម១ទឹកប៉ុណ្ណោះ ក្នុងការផ្តួលកីឡាករថៃ ទីតូ ហយវ៉ានភុតឆាណា តាមរយៈការទាត់ឱ្យខូចជើងក្រោម រហូតលោកអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី១ បន្ទាប់ពីបានធ្វើការរាប់ចំនួន២លើករួចមក។
យ៉ាងណាក៏ដោយ ការចាញ់យ៉ាងផុយស្រួយរបស់កីឡាករ ទីតូ ហយវ៉ានភុតឆាណា បានធ្វើឱ្យអ្នកទស្សនាមានការចម្លែកក្នុងចិត្ត ព្រោះកីឡាករថៃម្នាក់នេះ ធ្លាប់ធ្វើបានល្អ ពេលប្រកួតជាមួយ ឡុង សំណាង តែបែរជាមកចាញ់ ឃីម បូរ៉ា ដោយមិនបានតបតអ្វីបែបនេះ ប៉ុន្តែ ឃីម បូរ៉ា បានអះអាងថា រូបគេបានមើលឃើញពីចំណុចខ្សោយរបស់កីឡាករថៃម្នាក់នេះ ហើយក៏បន្តទាត់ឱ្យខូចជើងតែម្តង។
ឃីម បូរ៉ា បាននិយាយក្រោយការប្រកួតថា៖ «គាត់ (កីឡាករ ទីតូ) ធ្លាប់ចាញ់ ឡុង សំណាង ៣ដងហើយ តែខ្ញុំមិនបានដឹងថា សមត្ថភាពគាត់ស្ថិតក្នុងកម្រិតណាឱ្យប្រាកដទេ។ ខ្ញុំគ្រាន់តែចាប់អារម្មណ៍ថា ពេលខ្ញុំទាត់ត្រូវភ្លៅគាត់លើកទី១ គាត់បង្ហាញទឹកមុខមិនសូវល្អ អ៊ីចឹងខ្ញុំក៏ព្យាយាមទាត់ថែមទៀត ព្រោះបើមើលឃើញថា អាចស៊ីបាន យើងត្រូវតែស៊ី ដើម្បីកុំឱ្យឈឺខ្លួនទាន់»។
ចំណែកកីឡាករ អ៊ូច ធារិទ្ធ បានវាយកែងឱ្យកីឡាករថៃ ThepMangkorn សន្លប់នៅទឹកទី២ ហើយកីឡាករ ធន់ សាក់ស៊ីន បានយកឈ្នះកីឡាករថៃ សូរៈឆ័យ (Sorackchhai) ដោយពិន្ទុ រីឯកីឡាករ រិទ្ធី ភូលូ បានយកឈ្នះកីឡាករកាមេរូន Mbang Hen Eric ដោយពិន្ទុដូចគ្នា ប៉ុន្តែកីឡាករជើងចាស់ ឡុង សុភី បានត្រឹមស្មើពិន្ទុជាមួយកីឡាករអ៊ូបេគីស្ថាន Akobir Gadoev ទាំងលំបាកបំផុត៕