គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន លោក Oleg Starynskyi បាន​​ប្រាប់​​ក្រុម​របស់​លោក ឱ្យ​ឈប់​គិតពី​ភាពហ្មងសៅ ចំពោះការចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង ដោយត្រូវ​​យក​ចិត្តទុក​ដាក់​ឱ្យបានកាន់តែខ្លាំង សម្រាប់ការ​ប្រកួត​៥លើក​ចុង​ក្រោយ នៅក្នុង​លីគកំពូលកម្ពុជា ដើម្បីអាច​ស្រោចស្រង់ឱកាស​បាន​មក​វិញ ក្នុងការ​ឈាន​ទៅ​រកការ​ឈ្នះ​ពាន ទោះ​មានការ​ពិបាក។

ការជំរុញ​បែបនេះ ព្រោះ​លោក Oleg បាន​មើល​ឃើញ​ថា ការ​បរាជ័យ​ក្រោមស្នាដៃ​ក្រុម​ព្រះខ័នរាជស្វាយរៀង ២-០ នៅលើ​ទឹក​ដី​ខ្លួន​ឯង កាលពី​យប់​ថ្ងៃសៅរ៍​កន្លងមក​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ខកចិត្តខ្លាំង ហើយវាក៏ជា​លទ្ធផល ដែល​ធ្វើ​ឱ្យ ភ្នំពេញ​ក្រោន កាន់តែ​បាត់​បង់​ភាគ​រយ ក្នុងការ​ប្រជែង​យក​ពាន​ពី​ក្រុមស្វាយរៀង ហើយទីតាំង​លេខ​២​របស់ពួកគេ ក៏​បានធ្លាក់ទៅ​ក្នុងក្តីបារម្ភ​ពីការ​តាម​ប្រជែងរបស់​ក្រុមវិសាខា ផងដែរ។

លោក Oleg បាន​និយាយ​ក្នុងសន្និសីទ​កាសែត ក្រោយការ​ប្រកួត កាលពីយប់​ថ្ងៃសៅរ៍​នោះ​ថា៖ «អ្នកគាំទ្រ ខកចិត្តចំពោះយើង។ យើង ត្រូវតែប្រឹងប្រែងឱ្យ​ខ្លាំងជាងនេះ ដើម្បីធ្វើឱ្យ​ពួកគាត់​សប្បាយចិត្ត និងមកគាំទ្រយើងបន្ដទៀត នៅក្នុង​ការ​ប្រកួត​បន្ទាប់ ហើយយើងក៏ត្រូវ​ប្រឹងយក ៣ពិន្ទុ ដើម្បីធ្វើឱ្យ​ពួកយើងសប្បាយចិត្តផងដែរ»។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែនរូបនេះ ក៏​បានប្រាប់កូនក្រុម​ឱ្យបំភ្លេច​ចោល​ភាព​ឈឺចាប់ ចំពោះការចាញ់​ក្រុម​ស្វាយរៀង នៅលើ​ទឹក​ដី​​ខ្លួនឯង​លើក​នេះ ដើម្បី​អាច​​ប្រមូល​អារម្មណ៍បាន​ល្អ ត្រៀមការ​ប្រកួត ដែល​នៅ​សល់។ លោក Oleg បញ្ជាក់​ថា៖​ «យើង មិនចាំបាច់គិតច្រើនទេ យើងគ្រាន់តែផ្ដោតលើការប្រកួត ដែលនៅសល់៥ប្រកួតចុងក្រោយទៅបានហើយ។ យើង គ្រាន់តែផ្ដោតទៅលើការប្រកួតទៀត»។

សម្រាប់ការ​ប្រកួតរវាង​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអអេសអ៊ិន កាលពីយប់ថ្ងៃសៅរ៍​នោះ ពិតជា​មាន​ភាពស្វិតស្វាញ​ និងតានតឹង​ខ្លាំង ដោយ​លោក​អាជ្ញាកណ្តាល វីរៈ ដារ៉ា បានចំណាយ​កាត​ក្រហម​១ និងកាត​លឿងចំនួន​១០ ទៅ​ឱ្យក្រុមទាំង​២ គឺ​ខាង​ភ្នំពេញ​ក្រោន បាន​កាត​ក្រហម​១ និង​កាតលឿង​៤ ចំណែក​ស្វាយរៀង បានកាត​លឿងចំនួន​៦។

នៅក្នុង​ការចំណាយកាត​ដ៏​ច្រើននេះ កីឡាករ​ពាក់ស្លាក​ជាប្រធាន​ក្រុម Yudai Ogawa របស់​ភ្នំពេញ​ក្រោន ទទួលបាន​កាត​លឿង​២ ស្មើ​កាត​ក្រហម នៅនាទីទី​៧៨ បន្ទាប់ពី​ក្រុមស្វាយរៀង រក​បាន​គ្រាប់បាល់​នាមុខ ២-០ ដែល​គ្រាប់បាល់​ទី១​រក​បានដោយ ញាណ សុស៊ីដាន នៅនាទីទី ៤៥+២ និង​គ្រាប់បាល់​ទី​២​រក​បានដោយខ្សែ​ប្រយុទ្ធ​របស់ឡាវ Bounphachan Bounkong នៅនាទីទី​៥៩ ហើយ​វា​ក៏ជា​លទ្ធផល​ផ្លូវការ សម្រាប់ជំនួន​ដ៏ធំនេះ​ផងដែរ។

ការ​ប្រកួត​រវាង​ក្រុម​វិសាខា (ខៀវ) និង​ក្រុម​អង្គរថាយហ្គឺរ កាលពី​ថ្ងៃអាទិត្យ ដោយ​ វិសាខា យក​ឈ្នះ ៣-២។ រូប​ថត CPL

លោក Pep Munoz គ្រូ​បង្គោល​ក្រុម​ស្វាយរៀង បានទទួលស្គាល់ថា ការ​ប្រកួត​នេះ ពិតជា​មានតានតឹង​ខ្លាំង។ លោក​និយាយ ក្រោយការ​ប្រកួត​ថា៖ ​«តាំងពីចាប់ផ្តើម​ដំបូងមក គឺ​ការ​ប្រកួតនេះ​មាន​អាំងតង់ស៊ីតេកម្រិតខ្ពស់ និងក្តៅមែនទែន​នៅលើទីលាន  ជាពិសេសចរន្តបាល់ មានការ​លេងរហូត ឥតមានឈប់​ទេ ហើយ​មិន​ថា នៅក្នុងទីលាន​ទេ សូម្បី​នៅក្នុងតំបន់បច្ចេក​ទេស​​​គ្រូ​បង្វឹក ក៏​ក្តៅ​ដូចគ្នា»។

លោក Pep បាន​ទទួលស្គាល់​ថា ក្រុម​ភ្នំពេ​ញក្រោន ធ្វើបាន​ល្អ នៅក្នុងតង់ទី​១ ដោយបាន​បង្កើតឱកាស​ច្រើន ប៉ុន្តែ​ ស្វាយរៀង រកបានគ្រាប់បាល់មុន នៅចង់តង់ទី​១ និងបានបន្ថែម​១​គ្រាប់​ទៀត នៅតង់ទី​២ ធ្វើ​ឱ្យគ្រប់​យ៉ាង កាន់តែ​មាន​ភាពប្រសើរ។

តែទោះបីជា​យ៉ាងណា លោក Pep បាន​បង្ហើប​ថា លោក​នឹង​កែ​ប្រែចំណុចខ្វះខាត ដើម្បី​អភិវឌ្ឍ​ការ​លេង​របស់​ក្រុម​ទាំង​មូលឱ្យកាន់តែ​ប្រសើរ​ថែម​ទៀត។

សម្រាប់ការ​ដណ្តើម​បាន៣ពិន្ទុ​ដ៏មានន័យ ពី​ក្រុម​ភ្នំពេញក្រោន នេះ បានជួយ​ឱ្យក្រុមព្រះខ័នរាជស្វាយរៀង បានបន្ត​ឈរ​នៅកំពូល​តារាង ដោយមាន៦៤ពិន្ទុ ខណៈភ្នំពេញ​ក្រោន បន្ត​ឈរ​នៅលេខ​២ ដោយមាន​៦០ពិន្ទុដដែល ហើយ​តាមពី​ក្រោយ​ដោយក្រុម​វិសាខា ដែលមាន​៥៩ពិន្ទុ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ ៣-២ កាលពី​ថ្ងៃអាទិត្យ រីឯ​ក្រុមបឹងកេត បានស្មើ ០-០ ជាមួយ​ក្រុមណាហ្គាវើលដ៍។

យោង​តាម​លទ្ធផលនេះ បានបង្ហាញ​ថា ការ​ប្រកួតប្រជែង​ដណ្តើម​យក​ពានលីគកំពូល​កម្ពុជា រវាងក្រុមទាំង​៣នេះ គឺ​ក្រុមស្វាយរៀង មានឱកាស​ខ្ពស់ជាង​គេ ប៉ុន្តែនៅតែ​មិនអាច​មើល​រំលងលើ​ក្រុម​ភ្នំពេញក្រោន និង វិសាខា ដដែល ព្រោះការ​ប្រកួត​ក្នុង​តំបន់ Top6 នេះ នៅសល់​៥​លើក​ទៀត ហេតុនេះអ្វីៗ​​នឹង​​មានការ​ប្រែ​ប្រួល​វិញ បើ​សិនជា ស្វាយរៀង មិនអាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន រហូត​ដល់ចប់រដូវកាលទេ​នោះ៕