លោក Casey Barnett អនុ​ប្រធានសហព័ន្ធ​កីឡាចំបាប់​កម្ពុជា បាន​អះអាង​ថា ការ​បង្កើតឱ្យ​មាន​យុទ្ធនាការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ ដែល​ធ្វើ​នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ កាលពី​ថ្ងៃអាទិត្យ ​វាជាចំណុចដ៏សំខាន់ ក្នុងការ​អភិវឌ្ឍ​​ធនធាន​យុវជន ដើម្បី​ឈាន​ទៅ​រកការ​ឈ្នះ​បានមេដាយមាស នៅ​ពេលកម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩។

ការ​លើក​ឡើង​បែបនេះ ដោយសារ​លោក​មើល​ឃើញ​​ថា ​ការ​ប្រកួតកីឡាចំបាប់យុវជនលើក​​នេះ មានក្មេងៗ​ចូលរួមច្រើន មកពី​តាម​ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តតាកែវ ពោធិ៍សាត់ កំពង់ឆ្នាំង និងរាជធានី​ភ្នំពេញ ហើយពួកគេ បាន​ប្រកួត​​ប្រជែង​គ្នា​ដោយ​ភាពសប្បាយរីក​រាយ ហើយសកម្ម​ភាពនេះ នឹងក្លាយជា​ចលករ​ដ៏សំខាន់ ក្នុងការជំរុញ​ឱ្យ​ពួកគេ បន្ត​អភិវឌ្ឍសមត្ថ​ភាព ក្លាយជា​អត្តពលិក​កម្រិតខ្ពស់ ដែលអាច​នឹង​ដណ្តើម​បានមេដាយជូនជាតិបាន។

លោក Casey Barnett បាន​​ថ្លែង​​ថា៖ ​«​ខ្ញុំពិតជាសប្បាយ​ចិត្តណាស់ នៅពេល​ឃើញ​ក្មេងៗ​​ បង្ហាញ​ភាពរីក​រាយ ក្នុងការ​ចូលរួម​ហ្វឹកហាត់ និងប្រកួត​ចំបាប់យ៉ាងច្រើន​បែប​​នេះ។ ពួកគេ បាន​បង្ហាញពីមោទនភាព ក្នុងការ​ប្រកួត​ប្រជែង ដណ្តើម​យក​មេដាយ ក៏ដូចជា​​បង្កើត​បាន​នូវចំណង​មិត្ត​ភាពជាមួយ​ក្មេងៗមកពីតាម​បណ្តាខេត្តផ្សេងៗ​ទៀត»។

លោក Casey បន្ថែម​ថា៖ «នេះជាចំណុច​សំខាន់ ​​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាចំបាប់របស់​យើង គឺ​បើ​យើង​អភិវឌ្ឍ​កីឡា​ឈាន​ទៅរក​​ភាពជោគ​ជ័យ​ក្នុង​កម្រិត​​អន្តរជាតិ យើង​ត្រូវចាប់​ផ្តើម​ពី​ក្មេង។ ​យើងធ្វើ​ឱ្យ​ពួកគេ មាន​ភាពរីក​រាយ ក្នុងការ​ចូលរួម ហើយ​ពួកគេនឹង​បន្តអភិវឌ្ឍ​សមត្ថ​ភាព​ទៅជាជំនាញ»។

ជាមួយ​គ្នានេះ ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ លោក Casey Barnett បាន​មើលឃើញ​ថា ក្មេងៗ​ជា​ច្រើន ដែលបានចូលរួមការ​ប្រកួតកីឡាចំបាប់យុវជន​ថ្នាល​ ឆ្នាំ​២០២៥នេះ គឺ​មានគុណ​ភាពកើន​ឡើងខ្លាំង បើធៀប​នឹងការ​ប្រកួត​យុវជនកន្លងមក ហើយ​ការកើន​ឡើងនេះ ក៏​ដោយ​សារ​គ្រូ​បង្វឹក​មានគុណ​ភាពខ្ពស់ ហើយ​សហព័ន្ធ ក៏បាន​ឧបត្ថម្ភ​សម្ភារ និងទី​កន្លែង​ហ្វឹកហាត់​ដល់​បណ្តា​ក្លិបនៅតាមខេត្ត​មួយចំនួន ដែល​ជួយសម្រួល​ដល់​ការ​ហ្វឹកហាត់ចំបាប់​នៅ​​តាម​ភូមិ។

លោក Casey Barnett ពេល​​ចូលរួម​នៅក្នុងពិធីបិទការ​ប្រកួតកីឡាចំបាប់​យុវជន ឆ្នាំ​២០២៥ កាលពី​ថ្ងៃអាទិត្យ។ រូប​ថត សហការី

ចំពោះ​អត្ថប្រយោជន៍​ទាំង​នេះ លោក Casey យល់​ថា វាជាការបោះជំហាន​ទៅមុខ​យ៉ាង​ល្អ ក្នុងការ​អភិវឌ្ឍ​ធនធាន​យុវជន​កីឡាចំបាប់កម្ពុជា ដោយ​លោករំពឹងថា នៅក្នុងចំណោម​ក្មេងៗ​ទាំងអស់នេះ នឹង​មាន​អ្នកមានសមត្ថ​ភាព​លេចធ្លោ អាចឈាន​ទៅ​ដណ្តើម​​បានមេដាយមាស ក្នុង​ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ​២០២៩ ដែល​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ជាប្រវត្តិសាស្រ្ត​លើក​ដំបូង។

លោក Casey ដែលជាអ្នកឧបត្ថម្ភ សម្រាប់រៀបចំការ​ប្រកួតកីឡាចំបាប់​យុវជននេះ បាន​បញ្ជាក់ថា៖ «​ក្រុម​អត្តពលិក​វ័យក្មេង​របស់យើង​នៅពេលនេះ អាច​នឹង​ក្លាយជា​ម្ចាស់មេដាយមាស ក្នុង​ការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ អ៊ីចឹង​យើងនឹងបន្ត​គាំ​ទ្រ​រៀបចំ​ការ​ប្រកួត​ចំបាប់យុវជននេះ ហើយ​សង្ឃឹម​ថា ៥​ឆ្នាំ​នេះ យើងនឹងឃើញ​មានយុវជន​មានជំនាញ​កម្រិត​ខ្ពស់  អាច​ប្រកួត​ប្រជែង​យក​ឈ្នះ​ប្រទេស​ជិត​ខាង​យើងបាន»។

ចំពោះ​ការប្រកួតកីឡាចំបាប់យុវជន ឆ្នាំ២០២៥ កាលពី​ថ្ងៃអាទិត្យ កន្លងមក​នេះ មាន​អ្នក​ចូលរួមចំនួន​​១៩៥​នាក់ ក្នុងនោះមានកីឡាការិនី ៥៣ នាក់ កីឡាករ ១០៨ នាក់ គ្រូបង្វឹក គ្រូជំនួយ និងគណ:កម្មការ ៣៤នាក់។ អ្នកទាំងអស់នេះ ប្រកួត​តំណាង​ឱ្យ​ក្លិប​ចំនួន​១៧ ហើយជា​លទ្ធផល ​ក្រុម​អត្តពលិក​មក​ពី​ក្លិប​ព្រះធាតុខេត្តពោធិ៍សាត់ ជាប់លេខ​១ ដោយ​ឈ្នះ​បានមេដាយមាស៣ និងសំរឹទ្ធ​១។

ចំណែក​ក្លិបកីឡាចំបាប់​ចំនួន​៧​ទៀត រួមមាន Kiri Jiu-Jisu Wrestling, CamEd Wrestling, ចំបាប់ឃ្លាំងមឿង​ខេត្តពោធិ៍សាត់, Judo Club, ចំបាប់​បារមីមេទ័ពម៉ឺនឯក​វិហារសួគ៌, ចំបាប់​យាយ​ព្រីង​មានរិទ្ធិ និង​ក្លិប Project Aokas Wrestling ក៏ដណ្តើមបានមេដាយមាស ពីការ​ប្រកួតនេះ​ដែរ ខណៈ​ក្លិបចំនួន២ទៀត បាន​ឈ្នះ​មេដាយប្រាក់ និង​ក្លិប​ចំនួន៥​ទៀត បាន​ត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែ​ក្លិបកីឡាចំបាប់ក្រសួង​មហាផ្ទៃ និង​ចំបាប់​រិទ្ធីសែន​ មិន​ដណ្តើម​បានមេដាយ​ទេ៕