ប្រធានសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បាន​អះអាង​ សហហព័ន្ធ ​ត្រៀម​​នឹង​​បង្កើតឱ្យមាន​នូវក្រុម​មេធាវី ​ប្រចាំ​សហព័ន្ធ​ផ្ទាល់ ដើម្បី​ចាត់វិធាន​ការក្តៅ​ទៅ​លើ​អ្នក​រិះគន់​បែបអគតិ​មួយចំនួន ដែល​តែងតែជេរ​ប្រមាថ​ដល់​អាយុជីវិត និង​ឪពុក​ម្តាយ​របស់កីឡាករ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរសម្រាប់សង្គមជាតិ ជាពិសេស​ធ្វើ​ឱ្យ​កីឡាករ​មួយចំនួនបាក់ទឹក​ចិត្ត រហូត​បង់​បោះ​ចោល​អាជីព​របស់ខ្លួន។

នៅក្នុង​បទសម្ភាសផ្ទាល់​ជាមួយ​​អតីត​កីឡាករ​ជើងខ្លាំង នួន សូរិយា នៅសហរដ្ឋអាមេរិក កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ លោក ខូវ ឆាយ បានទម្លាយ​អារម្មណ៍​ពិត​របស់ខ្លួន​ថា លោក​ក៏មាន​ការ​ខឹង​ទៅនឹង​អ្នកគាំ​ទ្រ​មួយចំនួន​ ដែលតែងតែ​បានបញ្ចេញ​មតិយោបល់​(comment)រិះគន់​ដោយ​ប្រើពាក្យពេចន៍ជេរប្រមាថធ្ងន់ៗ​ដល់​កីឡាករ ហើយ​រូប​លោក​ផ្ទាល់ ក៏​ធ្លាប់​ទទួលរង​ការ​ជេរប្រមាថដូចគ្នា។

លោក ខូវ ឆាយ បានចាត់ទុក​ក្រុម​រិះគន់បែបជេរប្រមាថទាំងអស់​នោះ ថាជា «ជនអគតិ» ដែល​ត្រូវតែ​បង្កើត​ឱ្យមានក្រុមមេធាវី ដើម្បីចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅលើ​ជនទាំង​អស់នោះ ព្រោះ​បើបណ្តោយ​ទៀត វា​នឹង​ធ្វើ​ឱ្យមានការប៉ះពាល់​ដល់សេចក្តី​ថ្លៃថ្នូរ​របស់​សង្គមជាតិកាន់តែ​ធ្ងន់ ជាពិសេស​ធ្វើ​ឱ្យ​កីឡាករ​មួយចំនួនបាក់ទឹក​ចិត្ត រហូត​បង់​បោះ​ចោល​អាជីព​របស់ខ្លួន ព្រោះ​ទ្រាំ​លែងមាន ចំពោះការជេរប្រមាថ គ្មានសីលធម៌ទាំងអស់​នោះ។

លោក ខូវ ឆាយ បាន​និយាយ​ថា៖ ​«ពីមុនមក ខ្ញុំ​មិនសូវជា​យក​ចិត្ត​ទុកដាក់​ទេ អារឿងជេរ​កីឡាករ​ហ្នឹង ព្រោះ​សូម្បី​ខ្ញុំ​ក៏​គេជេរ​ច្រើន​ដែរ ប៉ុន្តពេលខ្លះ​វាជ្រុល​ហួសហេតុ​ពេក អ៊ីចឹង​យើង​ត្រូវតែ​លុបបំបាត់បញ្ហា​ជេរ​នេះ»។

លោកបន្ថែម​ថា៖ «សួរ​ថា ​ចូល​​មក commet ជេរ​ម្តាយឪពុក​របស់​គេ និងជេរ​ប្រមាថ​ដល់​អាយុ​ជីវិត​របស់​គេ តើ​វាមាន​ជួយ​អ្វី​ដល់ការ​ស្ថាប​នាគុនខ្មែរ​របស់យើងទេ? អ៊ីចឹងឥឡូវ​នេះ សហហព័ន្ធ មាន​វិធានការ​បង្កើតមេធាវី​ប្រចាំ​សហព័ន្ធ​តែម្តង។ ​ជន​ណា ដែល​ធ្វើ​លើសលប់​ពេក យើងប្តឹងតែម្តង»។

នៅត្រង់ចំណុចនេះ លោក ខូវ ឆាយ បានទទួលស្គាល់​ថា មានទស្សនិកជន​​ច្រើនណាស់ បានគាំ​ទ្រ និង​លើកទឹក​ចិត្តដល់​​កីឡាករ​គុនខ្មែរ ហើយថែម​ទាំង​បាន​ជួយឧបត្ថម្ភដល់​កីឡាករ​​ទៀត ចំណែក​អ្នក​ខ្លះ​ទៀត ក៏បាន​រិះគន់​ក្នុង​ន័យស្ថាបនា ធ្វើ​ឱ្យគុនខ្មែរ កាន់តែមានភាព​រីកចម្រើន​ទៅមុខ ប៉ុន្តែ​​អ្នកខ្លះទៀត ​បានចូល​មក​ commet ជេរ​ទាំង​ងងឹតងងុល មិន​​យល់​ពី​ការ​ប្រកួតផង ​​ហើយក្រុមជនអគតិទាំង​នេះ​ហើយ ដែលជា​មុខសញ្ញា​ សហព័ន្ធ ត្រូវចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

សកម្មភាព​គាំ​ទ្រ​របស់ទស្សនិកជន ចំពោះការ​ប្រកួតកីឡាប្រដាល់​គុនខ្មែរ ខណៈ​សហព័ន្ធកីឡាប្រដាល់​កម្ពុជា ត្រៀម​បង្កើត​ក្រុមមេធាវី ដើម្បីចាត់វិធានការក្តៅ​ដល់​អ្នក​រិះគន់បែបអគតិ។ រូប​ថត Krud Kun Khmer

លោក ខូវ ឆាយ បញ្ជាក់​ថា៖ «បើ​យើង​មិន​ធ្វើ​អ្វី​សោះ អត់​បាន​ទេ ហើយ​ការ​ធ្វើបែប​នេះ ដើម្បីការពារ​ផល​ប្រយោជន៍​ដល់​កីឡាករ​របស់យើង ព្រោះ​កីឡាករ​យើង​មួយចំនួន នៅមាន​ផ្លូវ​ចិត្តមិនទាន់​រឹងមាំ​ទេ អ៊ីចឹង​នៅពេល​ទទួល​ការជេរ​ប្រមាថ​ខ្លាំង គាត់​អាច​ឈប់ ធ្វើ​ឱ្យ​យើងបាត់បង់​ធនធាន​​មានសមត្ថ​ភាព និងមាន​ទេព​កោសល្យ ដោយសារតែ​​មនុស្ស​អគតិមួយចំនួននោះ»។

លោកបានសង្កត់​ធ្ងន់​ថា៖ «​យើង​ត្រូវតែ​ធ្វើ​ជាគំរូ​ដល់​មនុស្ស​អគតិ​មួយ​ចំនួន​ហ្នឹង ឱ្យ​មានការ​ជាប់ទោស​ទណ្ឌខ្លះ​ទៅ ថ្ងៃ​ក្រោយ​រាងចាល​​លែងហ៊ាន​ជេរ​ម្រាយ ជេរឪពុក​គេ​ទៀត​ហើយ។ អ៊ីចឹង​​ចំពោះ​​អ្នក​ណា​ដែលបាន​​ធ្វើ​ (ជេរ​ប្រមាថ)ជ្រុលហួសហេតុ​ យើង​នឹងរៀបចំ​កសាង​សំណុំ​រឿង​ អនុវត្តតាមច្បាប់។ យើង​ត្រូវ​ធ្វើកាច​បន្តិច​ហើយ ព្រោះបើ​ធ្វើ​ស្លូត​ពេក គេ​មើល​ងាយ និងជិះជន់»។

ជុំវិញប្រធានបទ​នៃ «ការជេរប្រមាថ»​នេះ វា​ពិតជា​បាន​កើតមាន​ នៅក្នុង​វិស័យ​កីឡា​នៅកម្ពុជា ជាពិសេស​កីឡា​ប្រដាល់គុនខ្មែរ ដែល​កំពុងមានប្រជា​ប្រិយភាព​ខ្លាំង​ជាង​គេ និង​មានការ​ប្រកួត​ជា​រៀងរាល់​សប្តាហ៍ ព្រោះ​អ្នកគាំទ្រ​មួយចំនួន តែង​តែ​ប្រើ​អារម្មណ៍ផ្ទាល់​ខ្លួន​ហួសហេតុ​ពេក គឺ​ទទួលយក​តែ​ពេល​ប្រកួត​ឈ្នះ ប៉ុន្តែពេល​ប្រកួត​ចាញ់ ពួកគេ​តែង​ជេរ​ប្រមាថ​ទៅដល់​កីឡាករ ហើយ​ក៏មានការ comment ជេរ​គ្នា នៅពេល​ផ្សាយ​ផ្ទាល់​ លែង​គិត​ពីសេចក្តី​ថ្លៃថ្នូរ​អ្វីទាំង​អស់ ហើយ​។

កីឡាករ​លំដាប់​ខ្លាំងៗ​​របស់​កម្ពុជា ដូចជា ធឿន ធារ៉ា, ឈឿង ល្វៃ, ឡៅ ចន្ទ្រា, បឺត សង្ឃឹម, ឈុត សេរីវ៉ាន់​ថង និង ធន់ រិទ្ធី ជា​ដើម សុទ្ធតែ​ធ្លាប់ទទួលរងការជេរប្រមាថ នៅពេលពួកគេ​ប្រកួតចាញ់ ឬធ្វើ​អ្វី​មួយ​ខុស ហើយ​កាលពី​ពេល​ថ្មីៗ​នេះ កីឡាករ ចំរើន គុនខ្មែរ និង សាន់ គុនខ្មែរ បាន​ទទួល​រង់​ការ​រិះគន់​បែបជេរ​ប្រមាថ​ខ្លាំង បន្ទាប់ពី​ពួកគេ​បានប្រកួតចាញ់​ដោយពិន្ទុ និង​ចាញ់​សន្លប់​ក្នុង​ទឹក​ទី​១ សម្រាប់​ការ​ប្រកួត​នៅប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៥។

ជុំវិញ​ប្រធានបទ «ជេរប្រមាថ» នេះ លោក Tommy Kim ទីប្រឹក្សា​ស្ថានីយទូរទស្សន៍​ថោន និងជា​ប្រធាន IPCC ប្រចាំ​នៅ​កម្ពុជា ដែលតែងតែរៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ ទាំង​នៅក្នុង​ស្រុក និងក្រៅ​ប្រទេស​នោះ បានស្នើ​សុំ​ឱ្យអ្នកគាំ​ទ្រ​បញ្ឈប់ការ​រិះគន់​ បែបមិនឱ្យ​តម្លៃ​ដល់កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​នេះ​ ព្រោះ​វា​បានប៉ះពាល់​ដល់​ការ​ខិតប្រឹងប្រែង​របស់​គ្រប់​ភាគីពាក់ព័ន្ធ ក្នុងការ​ផ្សព្វផ្សាយ​ «គុនខ្មែរ» ទៅកាន់​ឆាក​អន្តរជាតិ៕