សហព័ន្ធ​កីឡាប្រដាល់​ឃីកបុកស៊ីងកម្ពុជា ​បានបញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​១៣​នាក់ ទៅ​ចូលរួមប្រជែង​រកមេដាយ ក្នុង​ការ​ប្រកួតកីឡាឃីកបុកស៊ីងកម្រិតពិភពលោក «Kickboxing World Cup 2025» ជាលើកដំបូង ​នៅទីក្រុងបាងកក ប្រទេសថៃ ដោយ​ព្រឹត្តិការណ៍នេះ មានអត្តពលិក​ជាង​១ពាន់នាក់ មកពី​៥២​ប្រទេស​ចូលរួម។

លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាប្រធានប្រតិភូកីឡាឃីកបុកស៊ីង​កម្ពុជា បានឱ្យ​ដឹង​ថា ​ការចេញ​ទៅ​ប្រកួត Kickboxing World Cup នៅប្រទេស​ថៃ​នេះ ត្រូវបាន​ធ្វើ​ឡើង​​ក្រោម​ការ​អនុញ្ញាត និងជួយ​ជ្រោម​ជ្រែង​របស់ក្រសួងអប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) ដោយ​ក្នុង​នោះ​ក្រុមឃីកបុកស៊ីងកម្ពុជា ទាំង​១៣​នាក់ ត្រូវ​ប្រកួតប្រជែង​នៅលើ​វិញ្ញាសាចំនួន​៣ ដែលនឹង​ធ្វើរហូត​ដល់​ថ្ងៃទី​១២ ខែមេសា។

ជាមួយ​គ្នានេះ លោក សុឃន បានចាត់ទុក​ការចេញ​ទៅ​ប្រកួត​កម្រិត​ពិភពលោក នៅ​ប្រទេស​ថៃ​លើកនេះ ជា​ឱកាស​ដ៏សំខាន់ សម្រាប់កីឡាករ​កីឡាការិនី​ឃីកបុកស៊ីង​កម្ពុជា បាន​ដក​ស្រង់បទពិសោធន៍ និងច្ចេក​ទេស​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​​ត្រៀម​ខ្លួនឱ្យបានកាន់តែ​ប្រសើរ សម្រាប់​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ ចុង​ឆ្នាំ​២០២៥​នេះ។

លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ពេល​ផ្តល់បទសម្ភាស​ឱ្យប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ។ រូប​ថត សហការី

លោក​បានបញ្ជាក់ នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ​ថា៖ ​«ការ​ចូលរួម​ប្រកួត Kickboxing World Cup នេះ ជា​ការ​ដកស្រង់បទពិសោធន៍ និង​ផ្លាស់ប្តូរ​បច្ចេក​ទេស​គ្នា ដើម្បី​ត្រៀម​លក្ខណៈសម្បត្តិ​ចូលរួមការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​ថៃ។ នេះជា​ការ​បង្កើនគុណវុឌ្ឍិដើម្បី​វាស់ស្ទង់​សមត្ថ​ភាព​ពិត​របស់​អត្តពលិក​យើង ថា ស្ថិត​នៅចំណុចណា​ឱ្យប្រាកដ មុនស៊ីហ្គេម មក​ដល់»។

លោក​បន្ថែម​ថា៖ «អត្តពលិក ដែល​យើងបញ្ជួនទៅ​ប្រកួត​ Kickboxing World Cup នេះសុទ្ធតែជាបេក្ខភាព​ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៥ ហើយ​សង្ឃឹម​ថា ពួកគាត់នឹង​ធ្វើ​បានល្អ ព្រោះ​យើង​ធ្លាប់ទទួលបានជោគ​ជ័យ សម្រាប់​ការ​ម្ចាស់ផ្ទះ​ការ​ប្រកួតកីឡាឃីកបុកស៊ីង​ជើងអាស៊ី ឆ្នាំ​២០២៤​ម្តង​ហើយ»។

គួររំឭក​​ថា ការ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួតកីឡាឃីកបុកស៊ីង​ជើង​ឯក​អាស៊ី (Asian Kickboxing Championships) កាលពី​ខែ​តុលា ឆ្នាំ​២០២៤នោះ ក្រុម​កីឡាឃីកបុកស៊ីង​កម្ពុជា ​​ដណ្តើម​​​បានមេដាយ​​​មាស​៩ ប្រាក់៤ សំរឹទ្ធ​​២៨ និង​ឈរ​នៅ​លេខ​៤ បន្ទាប់​ពី​អ៊ូសបេគីស្ថាន​ ដែល​ឈ្នះ​បានមេដាយមាស ២០ ប្រាក់ ៥ ​សំរឹទ្ធ ៣ ហើយ​កាហ្សាក់ស្ថាន ឈ​រលេខ​២ ​​ឈ្នះ​បានមេដាយ​មាស ១៨ ប្រាក់ ១២ និង​សំរឹទ្ធ៧ រីឯ​​វៀតណាម ឈរ​លេខ៣ ដោយ​ឈ្នះ​មេដាយមាស ១០ ប្រាក់ ១១ និង​សំរឹទ្ធ ១១។

ចំណែក​ការ​ប្រកួត Kickboxing World Cup នេះ លោក ហេង សុឃន ក៏មានការ​បារម្ភ​ទៅ​ដល់ប្រទេស​ទាំង​៣នេះ​។ លោក​បញ្ជាក់​ថា៖ «យើងមានការបារម្ភ​ទៅលើ​ប្រទេស​ដែលមាន​ធនធាន​ខ្លាំង ជាពិសេស​ប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដែលមានគុណវុឌ្ឍិ​ខ្លាំង​ជាង​យើង​ ប៉ុន្តែ​យើង​ក៏មិន​ខ្លាច​ ក្នុងការ​ប្រកួតប្រជែង​ជាមួយពួកគេ​នោះ​ដែរ»៕