គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Pep Monuz បានចាត់ទុកការ​ជួប​ក្រុម Madura United FC របស់ឥណ្ឌូនេស៊ី នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ នា​យប់​ម៉ោង​៧ ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ ជា​ការ​ប្រកួតប្រវត្តិសាស្រ្តមួយ​សម្រាប់​ក្រុម​របស់​លោក ដែល​បាន​ប្រឹង​ប្រែង​ខ្លាំងបំផុត ទម្រាំឡើង​មកដល់​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League 2024-2025នេះ។

ជាមួយ​គ្នានេះ លោក​ Pep បានទទួលស្គាល់​ថា Madura ជា​ក្រុម​ខ្លាំង ដែល​សម្បូរទៅដោយ​ធនធាន​កីឡាករ ហើយ​ក៏​ធ្លាប់បាន​​ឈ្នះ​ក្រុម​ស្វាយរៀង ២-១ ក្នុង​វគ្គ​ចែកពូល នៃការ​ប្រកួត​ពាន​រង្វាន់ AFC Challenge League 2024-2025 នេះ នៅទឹក​ដី​ប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៤ផងដែរ ប៉ុន្តែ​លោក Pep បាន​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ទៅលើ​កូនក្រុម​របស់​លោក​ថា នឹងដណ្តើម​ជ័យជម្នះ សម្រាប់ការ​ប្រកួតនៅលើ​ទឹកដី​ខ្លួនឯង​ស្អែក​នេះ។

លោក Pep បាន​និយាយ ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​ពុធនេះ​​ថា៖ «ការ​ប្រកួតនៅ​ថ្ងៃ​ស្អែក ជាប្រវត្តិសាស្រ្តមួយ​សម្រាប់​​ក្រុម​របស់យើង ហើយនេះ​ជា​ការ​ប្រកួត​ដ៏​លំបាក និងតាង​តឹង ព្រោះ​ Madura ជា​ក្រុមមាន​គុណ​ភាព​កីឡាករ​ល្អ តែ​បើសិនជា​យើង​ធ្វើ​បានល្អ តាម​របៀប​លេង​របស់យើង គឺ​យើងនឹង​ទទួលបានលទ្ធផល​ល្អ»។ 

គ្រូ​បង្គោល​ក្រុមស្វាយរៀង​រូបនេះ បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនេះ វា​ខុស​ប្លែក​ពីការ​ប្រកួតជម្រុះ​ក្នុងពូល H ​នៅម៉ុងហ្គោលី ព្រោះមាន​​អាកាសធាតុ និង​បរិយាយកាសខុស​គ្នា ហើយ​ពេលនេះ Madura United ក៏​បានផ្លាស់ប្តូរ​គ្រូ​បង្វឹក និងនាំ​ចូលកីឡាករ​ថ្មីៗមួយចំនួន និងផ្លាស់ប្តូរ​របៀប​លេង។

តែ​ទោះ​យ៉ាងណា លោក Pep Monuz បញ្ជាក់ថា៖ «ការ​ប្រកួតជើង​ទី​១នេះ យើង​មាន​អាទិភាព​ជាង ព្រោះ​លេង​នៅលើ​ទឹក​ដី​របស់​យើង ដែល​មាន​អ្នកគាំ​ទ្រ​ច្រើន មកគាំ​ទ្រ និងលើកទឹកចិត្តដល់​ពួក​យើង ប៉ុន្តែ​នេះជា​ការ​ប្រកួត២​ជើង អ៊ីចឹង​នៅពេល​ទៅលេង​នៅ​ទឹក​ដីឥណ្ឌូនេស៊ី ក៏​យើង​នៅតែ​រក្សា​ផ្នត់គំនិត​នៃការ​លេង​របស់​យើង​ដដែល»។

លោក Pep Munoz គ្រូ​បង្គោល​ក្រុមស្វាយរៀង (ឆ្វេង) បានចាប់ដៃ​ស្វាគមន៍លោក Angel Afredo Vera នៅក្នុង​សន្និសីទ​កាសែត។ រូប​ថត ស្វាយរៀង

ទន្ទឹម​ជាមួយគ្នានេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ទាំង​២​នាក់គឺ Moresche និង Cristian ដែលជា​អ្នកនាំ​លេង​យ៉ាងសំខាន់ នៅ​ក្នុងក្រុមស្វាយរៀង​នោះ មិនអាច​​ជួយ​ក្រុម នាជំនួបជាមួយ​ក្រុម Madura នៅ​ថ្ងៃស្អែក​នេះទេ ដោយសារ​ពួក​គេ មានរបួស ប៉ុន្តែ​លោក Pep មិនបាន​ខ្វល់​ខ្វាយ​ទៅលើ​រឿង​នេះឡើយ។

លោក Pep បញ្ជាក់ថា៖ «កីឡាករ​ទាំង២នេះ ពិតជាសំខាន់ សម្រាប់​ក្រុម​របស់​យើង ប៉ុន្តែ​ខ្ញុំ​អត់​មានក្តី​បារម្ភ​អ្វីទាំង​អស់ ព្រោះ​យើង​មាន​សុទ្ធ​តែ​កីឡាករ​ល្អៗ​នៅ​ក្នុងក្រុម ហើយ​ពួកគាត់​​អាចលេងនៅ​ក្នុងការ​ប្រកួតនេះបាន អ៊ីចឹង​តាម​រយៈ​កីឡាករ​ដែល​មាន គឺ​យើង​អាច​រៀបចំតាម​របៀប​លេង​របស់​យើង ជាពិសេស​នៅពេល​យើង​រក្សា​បាល់ អ៊ីចឹង​​ការ​ប្រកួតនៅ​ថ្ងៃស្អែក យើង​អាច​នឹង​ឈ្នះការ​ប្រកួត​ នៅពេល​ដែល​យើង​មានបាល់»។

គ្រូ​បង្វឹកសញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បានបន្ថែម​ថា៖ «នេះជាការ​ប្រកួត​អន្តរជាតិ វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រដ៏​​ធំ ខណៈ Madura United ជា​ក្រុម​ដ៏​ល្អ ដែលសម្បូរ​ដោយ​កីឡាករ​មានគុណ​ភាព ទាំង​កីឡាករ​ក្នុងស្រុក និង​កីឡាករ​បរទេស អ៊ីចឹង​យើង​ត្រូវ​ព្យាយាម​លេង​ឱ្យ​បាន​ល្អ ដើម្បី​ឈ្នះការ​ប្រកួតនៅ​ក្នុង​ដី ហើយព្យាយាម​រក្សា​អ្វីដែល​យើងបានធ្វើ​នេះ ​បន្ត​ទៅ​លេង​​ជើង​ទី​២ នៅឥណ្ឌូនេស៊ី»។

ចំណែក​លោក Angel Afredo Vera គ្រូ​បង្គោល​ថ្មី​របស់​ក្រុម Madura United ក៏បានសរសើរ​ពីគុណ​ភាពលេង​របស់​ក្រុម​ស្វាយរៀង ផងដែរ។ «ខ្ញុំជឿជាក់ថា គុណ​ភាពកីឡាករ​ក្នុង​ក្រុម​​ស្វាយ​រៀង សុទ្ធតែជា​កីឡាករ​ល្អ រីឯ​យុទ្ធសាស្រ្តនៃ​ការ​លេង​របស់​​ក្រុមស្វាយរៀង រឹត​តែ​ល្អ ហេតុ​នេះ​ហើយ​ខ្ញុំបាន​ធ្វើការ​វិភាគ​ទៅលើ​ក្រុមនេះ និង​ព្យាយាម​កែ​ប្រែ​ចំណុចមួយចំនួន ដើម្បី​ត្រៀមជួប​ក្រុម​ស្វាយរៀង នៅ​ថ្ងៃស្អែក»។

តែទោះបីជា​យ៉ាង​ណា លោក Angel Afredo Vera ក៏បាន​ដាក់​ទិសដៅ ដណ្តើម​យក​លទ្ធផល​ល្អ។ លោក​បញ្ជាក់ថា៖​ «យើង​ត្រូវ​ព្យាយាម​លេងឱ្យ​មាន​​ភាពវៃ​ឆ្លាត ព្រោះជា​ការ​ប្រកួត២ជើង ហេតុនេះសង្ឃឹម​ថា ការ​ប្រកួតនៅក្រៅ​ទឹក​ដី​នេះ យើង​នឹង​ទទួលបាន​លទ្ធ​ផល​ល្អ ដើម្បីបង្កើត​ភាព​ខ្លាំង សម្រាប់ការ​ប្រកួត​ជើង​ទី​២ នៅ​ក្នុង​ទឹក​ដី​យើង​វិញ»៕