ក្រុងឌូអាឡា: ក្រុមជម្រើសជាតិកាមេរូន និងប៊ួគីណាហ្វាសូ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ Africa Cup of Nations (AFCON) ដូចគ្នា បន្ទាប់ពីឈ្នះគូបដិបក្ខរៀងៗខ្លួន ពីការប្រកួត ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៅទីក្រុងឌូអាឡា (Douala) និងក្រុងហ្គូរ៉ូអា (Garoua) កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធ ដែលមានដើមកំណើតបារាំង Karl Toko-Ekambi ស៊ុត ២ គ្រាប់ម្នាក់ឯង នៅដើមវគ្គទី២ ដែលជួយឱ្យក្រុមម្ចាស់ផ្ទះកាមេរូន ឈ្នះក្រុមហ្គំប៊ី ២-០ ពោលគឺជាជ័យជម្នះ ក្នុងប្រកួតដំបូង ក្នុងព្រឹត្តិការណ៍នេះ គិតតាំងពីមានចលាចលជាន់គ្នា ដែលបណ្ដាលឱ្យមានអ្នកបាត់បង់ជីវីត នៅក្រុងយុនដេ។
ការស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Toko-Ekambi បាននាំឱ្យកើតមាននូវទិដ្ឋភាពនៃការអបអរដ៏រីករាយ ហើយគ្រាប់បាល់នេះ គ្រាន់តែជារង្វាន់សម្រាប់ក្រុមកាមេរូន ដែលមានប្រៀបទាំងស្រុង សម្រាប់ការលេងទល់នឹងក្រុមហ្គំប៊ី ដែលទើបបានមកបង្ហាញខ្លួន នៅក្នុង AFCON នេះ ជាលើកដំបូង។
«យើងមានមោទនភាព ក្នុងការបានទៅបង្ហាញខ្លួន នៅវគ្គ ៤ ក្រុម»។ នេះជាសម្ដីរបស់កីឡាករ Toko-Ekambi ដែលក្រុមកាមេរូនរបស់គេ នៅវគ្គ ៤ ក្រុម ត្រូវប្រឈមនឹងក្រុមឈ្នះ រវាងគូអេហ្ស៊ីប និងម៉ារ៉ុក ខណៈពួកគេ កំពុងស្វែងរកជើងឯកលើកទី៦ ប្រចាំទ្វីបអាហ្វ្រិកនេះ។
ក្រុមកាមេរូន អត់មានសកម្មភាពនៅលើទីលាននោះឡើយ ចាប់ពីមានការជាន់គា្នដ៏គួរឱ្យសោកសៅ នៅមុនហ្គេមរបស់ពួកគេ ទល់នឹងក្រុមកូម័រ នៅក្រុងយុនដេ ដែលបណ្ដាលឱ្យមានអ្នកបាត់ជីវិត ៨ នាក់ និងរបួស ៣៨ នាក់។
ចំណែកការប្រកួត ក្នុងក្រុងហ្គូរ៉ូអា ភាគខាងជើងប្រទេសឯណោះវិញ ១ គ្រាប់របស់ខ្សែបម្រើប្រយុទ្ធ Dango Ouattara គ្រប់គ្រាន់ល្មមជួយឱ្យក្រុមប៊ួគីណាហ្វាសូ ទម្លាក់ក្រុមទុយនីស៊ី ជាមួយនឹងជ័យជម្នះ ១-០ រួចឡើងទៅជួបក្រុម ១ រវាងក្រុមសេណេហ្គាល់ និងអេក្វាទ័រហ្គីណេ ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ។
ជោគជ័យ សម្រាប់ក្រុមប៊ួគីណាហ្វាសូនេះ បានកើតឡើងត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងលិច ដែលគ្មានព្រំដែនសមុទ្រនេះ ត្រូវបានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ខាងនយោបាយ នៅពេលដែលប្រធានាធិបតី លោក Roch Marc Christian Kabore ត្រូវបណ្តេញចេញពីអំណាច ដោយរដ្ឋប្រហារយោធា។
ក្រោយការប្រកួតបញ្ចប់ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ួគីណាហ្វាសូ លោក Kamou Malo បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំជួលចិត្តណាស់។ សូមអនុញ្ញាតឱ្យខ្ញុំបានប្រគល់នូវជ័យជម្នះនេះ ដល់ប្រជាជនរបស់យើង ដែលកំពុងជួបនូវព្រឹត្តិការណ៍ថ្មីៗនេះ។ ប្រជាជនប៊ួគីណាហ្វាសូ នឹងតែងតែក្រោកឈរជានិច្ច ពោលគឺដូចជាក្រុម ១ អ៊ីចឹង។ យើងបានចំណាយពេល និងប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការប្រកួតនៅថ្ងៃនេះ ហើយពួកយើងតែងតែចង់ធ្វើដំណើរទៅមុខជានិច្ច ក្នុងការប្រកួតប្រជែងនេះ»៕ AFP/VN


