ភ្នំពេញៈ កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចំនួន៧នាក់ ត្រូវបានផ្គូផ្គងរួចហើយ ដើម្បីឱ្យប្រកួតជាមួយអ្នកប្រដាល់របស់ថៃ ដែលមានគ្នា៧នាក់ដូចគ្នា នៅលើសង្វៀនថោន នារសៀលម៉ោង ៣ថ្ងៃសុក្រនេះ ហើយក្រុមកីឡាតំណាងឱ្យប្រទេសណា ដែលទទួលបានជ័យជម្នះច្រើនជាង នឹងទទួលបានពានថ្នាក់ជាតិ ពីការប្រកួតគុនខ្មែរដណ្តើមពានខ្មែរ-ថៃ ឬហៅថា Kun Khmer War of Kingdoms។
Kun Khmer War of Kingdoms គឺជាព្រឹត្តិការណ៍ថ្មីសន្លាងមួយទៀត ដែលទើបត្រូវបានបង្កើតឱ្យមានឡើង ដើម្បីផ្តល់ឱកាសជាពិសេសដល់កីឡាករ កីឡាការិនីកម្ពុជា ដែលមិនសូវមានទីផ្សារប្រកួត ឱ្យបានប្រកួតគ្នាញឹកញាប់ ដើម្បីអភិវឌ្ឍសមត្ថភាពពីកម្រិតB និង C ឈានទៅកម្រិតA។
នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតនេះ កាលពីថ្ងៃទី២៨ ខែកុម្ភ កន្លងមកនេះ លោក ហ៊ុន ចាន់រាជ ប្រធានក្លិប Cambodia Top Team និងជាអ្នកគ្រប់គ្រងការប្រកួត Kun Khmer War of Kingdoms នេះ បាននិយាយថា៖ « ការប្រកួតនេះ ធ្វើឡើង ដើម្បីជួយដល់កីឡាករ កីឡាការិនី កម្រិតB និងC ដែលមានពុំសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមិនសូវមានឱកាសប្រកួត បានប្រកួតគ្នា ដើម្បីអភិវឌ្ឍសមត្ថភាព ឈានទៅកាន់ការប្រកួតស៊ីហ្គេម និងកម្មវិធីប្រកួតធំៗទៀត»។
សម្រាប់រូបមន្តនៃការប្រកួតនេះវិញ គឺកីឡាករ កីឡាការិនីកម្ពុជា ទាំង៧នាក់នេះ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃទាំង៧នាក់ ជាលក្ខណៈក្រុម និងក្រុម ហើយក្រុមណា ដែលទទួលបានជ័យជម្នះច្រើនជាង ឬក៏ឈ្នះក្នុងលទ្ធផល៤នាក់ ទល់នឹង៣នាក់ នឹងទទួលបានពានថ្នាក់ជាតិនេះ។
តាមការផ្គូផ្គងរួចហើយនោះ ក៏ការប្រកួតរវាងកីឡាករលំដាប់Aរបស់កម្ពុជា និងថៃ១គូផងដែរ គឺការជួបគ្នារវាង សូត្រ វាសនា និងថៃ OATTHAPHON NANAN ក្នុងទម្ងន់៦៣,៥គីឡូក្រាម ចំណែក៦គូទៀត គឺ រិន សារ័ត្ន ត្រូវប៉ះថៃ AUTTAWUT CHINDASRI ក្នុងទម្ងន់ ៦៣,៥គីឡូក្រាមដែរ រីឯ សូដា សូសែន ត្រូវប្រកួតជាមួយកីឡាករ NATHAWUT WIMONCHAN ក្នុងទម្ងន់៥៤គីឡូក្រាម។
ជាមួយគ្នានេះកីឡាករកម្ពុជា ឡុង អាឆើត ត្រូវប្រកួតជាមួយថៃ MONGKHUN HANRUK ក្នុងទម្ងន់៥៧គីឡូក្រាម ស្របពេលកីឡាករ គោរមៈ ចាន់រាជ ត្រូវជួប SUTHIPHON SARAKHAM ក្នុងទម្ងន់៥១គីឡូក្រាម ហើយកីឡាការិនី ចាគូរ៉ា ចាន់រាជ ប្រកួតជាមួយ PHATSARA POMSARAI ក្នុងទម្ងន់៥៣គីឡូគ្រាម និង សី វិច្ឆិកា ត្រូវប៉ះ កីឡាការិនី SUGANYACHANARIT ក្នុងទម្ងន់៥២គីឡូក្រាម។
លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ដែលជាប្រូម៉ូទ័រ ក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា៖ «យើងបានចិញ្ចឹមចិត្តជួយទៅដល់ប្អូន ដែលមានសមត្ថភាពក្នុងកម្រិត C និងB ឱ្យមានឱកាសប្រកួតកាន់តែច្រើន ហើយជាការចាប់ផ្តើមនេះ យើងក៏មានដាក់កីឡាករកម្រិតA ផងដែរ។ គោលបំណងធំ គឺយើងចង់ពាំនាំគុនខ្មែរ ទៅកាន់ពិភពលោក ព្រោះការប្រកួតនេះ យើងមិនមែនរៀបចំតែក្នុងប្រទេសកម្ពុជានោះទេ គឺអនាគត យើងនឹងទៅធ្វើនៅបរទេសទៀត»។
យ៉ាងណាក៏ដោយ លោក សំណព្វ បានអះអាងថា កម្មវិធីប្រកួតនេះ នឹងនៅតែរក្សាគោលជំហរដាក់កីឡាករកម្ពុជា៧នាក់ និងកីឡាករបរទេស៧នាក់បែបនេះ។ «លើកនេះ យើងដាក់ខ្មែរ៧ ទល់នឹងថៃ៧នាក់ ចំណែកថ្ងៃទៅខាងមុខ យើងអាចខ្មែរ៧នាក់ ឱ្យប្រកួតជាមួយបារាំង៧នាក់ វៀតណាម៧នាក់ មីយាន់ម៉ា៧នាក់ ម៉ាឡេស៊ី ៧នាក់ ឬក៏កម្ពុជា៧នាក់ ប៉ះឡាវ៧នាក់ ដោយយើងនឹងមានការផ្លាស់ប្តូរឈ្មោះកម្មវិធី ទៅជា Kun Khmer World Series វិញ»។
ទន្ទឹមនឹងនេះ លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានសម្តែងការគាំទ្រ សម្រាប់ការរៀបចំឱ្យមានការប្រកួត Kun Khmer War of Kingdoms នេះ ដើម្បីផ្តល់ឱកាសឱ្យកីឡាករបានប្រកួតពង្រឹងសមត្ថភាព និងផ្សព្វផ្សាយពីគុនខ្មែរផង។
លោក ទុយ ប៊ុនហឿន បាននិយាយថា៖ «ការប្រកួតនេះ មានគោលបំណងលើកកម្ពស់ដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ដើម្បីផ្តល់ឱកាសឱ្យប្អូនៗ បានចូលរួមប្រកួត ផ្លាស់ប្តូរបច្ចេកទេស លើកកម្ពស់សមត្ថភាព ក៏ដូចជាផ្សព្វផ្សាយប្រដាល់គុនខ្មែរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ ឱ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត។ ការប្រកួតនេះ ក៏ជាឱកាសមួយ ក្នុងការចូលរួមផ្សព្វផ្សាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ»៕


