ភ្នំពេញៈ កីឡាករជើងខ្លាំង មានរហស្សនាម «ជាងកាត់សក់» ព្រំ សំណាង បានក្លាយជាអ្នកប្រដាល់ដំបូងគេរបស់កម្ពុជា ដែលទទួលបានជ័យជម្នះចំនួន២លើកជាប់ៗគ្នា នៅលើសង្វៀន Thai Fight បន្ទាប់ពីរូបគេបានបន្តផ្តួលកីឡាកររុស្ស៊ី Firdavszhon Naiimov ឱ្យសន្លប់ត្រឹមទឹកទី១ ចំណែកអ្នកលេងពូថៅដៃ ធឿន ធារ៉ា ដែលជាកីឡាករកម្ពុជា ធ្លាប់ដណ្តើមបានខ្សែក្រវាត់មុនគេ នៅ Thai Fight នោះ ក៏បានវ៉ៃអ្នកប្រដាល់របស់ម៉ារ៉ុក Oussama El Kouche ឱ្យសន្លប់ធំដូចគ្នា។
ក្នុងនាមជាកីឡាករកម្ពុជា ដែលសុទ្ធតែធ្លាប់ដណ្តើមបានខ្សែក្រវាត់ នៅ Thai Fight នោះ ព្រំ សំណាង និង ធឿន ធារ៉ា បានពង្រីកភាពល្បីល្បាញកាន់តែខ្លាំង ហើយការផ្តួលកីឡាកររស្ស៊ី និងម៉ារ៉ុក ឱ្យសន្លប់ដូចគ្នា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ កន្លងមកនេះ បានក្លាយជាចំណុចវិជ្ជមានមួយទៀត ក្នុងការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ខណៈអ្នកជំនាញកីឡារបស់កម្ពុជា ក៏ស្នើឱ្យមានការបញ្ឈប់នូវការបញ្ឆេះកំហឹងដាក់គ្នា ជុំវិញបញ្ហាវិវាទរវាង គុនខ្មែរ និង Muay Thai បន្តទៅទៀតផងដែរ។
សម្រាប់ការប្រកួត ដែលមានអ្នកទស្សនាតាមការផ្សាយបន្តផ្ទាល់ជាង២០ម៉ឺននាក់នេះ ព្រំ សំណាង បានប្រើពេលមិនដល់២នាទីផង ក្នុងការផ្តួលកីឡាករ Firdavszhon Naiimov ឱ្យបោះបង់ការប្រកួត ខណៈការប្រកួតនៅលើសង្វៀន Thai Fight នេះដូចគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រំ សំណាង បានប្រើពេល២នាទី ក្នុងទឹកទី១ ដើម្បីផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឱ្យសន្លប់។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជាមួយ Firdavszhon Naiimov លើកនេះ មានភាពតានតឹងខ្លាំង ដោយកីឡាកររុស្ស៊ីរូបនេះ បានព្យាយាមប្រើកណ្តាប់ដៃវ៉ៃទៅលើ ព្រំ សំណាង ភ្លាមៗ ហើយការវាត់១ជើងចំផ្ទៃមុខរបស់គេ ក៏បានធ្វើឱ្យ ព្រំ សំណាង ចង់វង្វេងផងដែរ។
ប៉ុន្តែ ព្រំ សំណាង នៅតែអាចរក្សាជំហរបានរឹងមាំ ក្នុងការទាត់សង និងចូលចាប់រូសកែង ហើយនៅពេល Firdavszhon Naiimov ធ្លាក់កម្លាំងនោះ ព្រំ សំណាង បានចាប់ក្រៀកដៃគូម្នាក់នេះជាប់ រួចបុកជង្គង់ចូលដើមទ្រូង និងផ្ទៃមុខ បណ្តាលឱ្យដួលផ្ងារជើង ហើយត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកដំបូង។ ថ្វីបើកីឡាកររុស្ស៊ីម្នាក់នេះ បានព្យាយាមក្រោកឈរ ដើម្បីប្រកួតបន្ត ប៉ុន្តែភ្លាមនោះ សំណាង បានលោតធាក់១ជើង រួចចូលចាប់បុកថែម១ជង្គង់ឆ្វេងទៀត បណ្តាលឱ្យ Firdavszhon Naiimov អស់ខ្យល់ និងបោះបង់ចោលការប្រកួតតែម្តង។
ដោយឡែកកីឡាករជើងខ្លាំង ធឿន ធារ៉ា ដែលជាកីឡាករកម្ពុជាដំបូងគេ ធ្លាប់ដណ្តើមខ្សែក្រវាត់ និងពានរង្វាន់ស្តេចថៃ នៅលើសង្វៀន Thai Fight នេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក៏បានប្រើស្នៀតជង្គង់ ផ្តួលកីឡាករម៉ារ៉ុក Oussama El Kouche ឱ្យសន្លប់ធំ ត្រឹមទឹកទី២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនបាយ័ន កាលពីយប់ថ្ងៃអាទិត្យនោះដូចគ្នា។
ការផ្តួលកីឡាកររុស្ស៊ី Firdavszhon Naiimov ឱ្យសន្លប់ត្រឹមទឹកទី១ របស់ ព្រំ សំណាង នៅលើសង្វៀន Thai Fight និងការបុកជង្គង់ស្តាំ បណ្តាលឱ្យអ្នកប្រដាល់កម្ពស់ ១,៨៨ម៉ែត្ររបស់ម៉ារ៉ុក Oussama El Kouche ដួលដេកនៅទឹកទី២ របស់ ធឿន ធារ៉ា បានធ្វើឱ្យអ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា មានការពេញចិត្តខ្លាំង ព្រោះជ័យជម្នះនេះ ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក ខណៈ ព្រំ សំណាង និង ធឿន ធារ៉ា បានក្លាយជាកីឡាករ ដែលទទួលបានការគាំទ្រខ្លាំងបំផុត នៅកម្ពុជា និងមានទីផ្សារប្រកួតច្រើន ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
ទន្ទឹមជាមួយគ្នានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានទទូចសុំឱ្យឈប់ការបញ្ឆេះកំហឹងដាក់គ្នា លើបញ្ហាវិវាទលើរឿងកីឡាគុនខ្មែរ និងកីឡា Muay Thai ទៀតទៅ បើទោះបីជា ការសម្រេចដាក់ «គុនខ្មែរ ឬ Kun Khmer» ចូលទៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ភាគីថៃ មិនបានបញ្ជូនប្រតិភូកីឡា Muay Thai មកចូលរួមប្រកួតលើប្រភេទកីឡា Kun Khmer នេះក៏ដោយ។
លោក វ៉ាត់ ចំរើន បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ ខែកុម្ភៈថា៖ «បើសិនជាយើងរៀបចំជាហ្គេម ជាពហុកីឡា គឺយើងយកជាតិទាំងមូលទៅរៀបចំ ដោយយើងត្រូវមើលទៅលើអត្តសញ្ញាណឱ្យបានច្បាស់លាស់ ហើយអត្តសញ្ញាណរបស់យើង គឺ គុនខ្មែរ ហេតុនេះ ប្រទេសផ្សេងៗ គេយល់ព្រម គេលើកជាតិរបស់គេទាំងមូល មកប្រកួត ចំណែកប្រទេសណាមិនចូលរួម ក៏មិនជាបញ្ហាដែរ ប៉ុន្តែបើប្រទេសណាដាក់ឈ្មោះអ្វីមួយ ខុសពីគោលការណ៍របស់យើង នៅស៊ីហ្គេម ក្រោយៗ ក៏យើងអត់ទៅចូលរួមដូចគ្នា»។
លោកបានបន្ថែមថា៖ «បើក្រៅពីហ្គេម ដូចជាការប្រកួតជើងឯក ដណ្តើមពានរង្វាន់ ឬខ្សែក្រវាត់ របស់ Muay Thai ក្តី គឺអត់មានបញ្ហាអ្វីទេ ដោយយើងចូលរួមប្រកួតជាធម្មតា ដើម្បីបានឱកាសអភិវឌ្ឍសមត្ថភាពផង បានប្រកួតជាជើងឯកផង និងពានរង្វាន់ផង ហើយគេក៏អាចមកប្រកួតគុនខ្មែរ ដណ្តើមពាន ឬខ្សែក្រវាត់ពិភពលោកនៅយើងដូចគ្នា ដោយយើងមិនអាចយកបញ្ហាហ្នឹង ធ្វើជាលេសនយោបាយ ឬយកបញ្ហានេះជាការបញ្ឆេះកំហឹងរវាងជាតិសាសន៍របស់យើងទាំង២ ឱ្យមានបញ្ហាជាមួយគ្នានោះទេ។ យើងត្រូវតែស្ងប់ស្ងាត់ ហើយរបស់អ្នកណា អ្នកហ្នឹងអភិវឌ្ឍ និងរបស់អ្នកណា អ្នកហ្នឹងអភិរក្ស»៕


