ភ្នំពេញៈ ក្រសួងការពារជាតិបានឯកភាពផ្តល់នូវកម្លាំងកងអង្គរក្សជាង ១ ពាន់នាក់ ដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ដើម្បីចូលរួមសម្តែងនៅក្នុងពិធីបើក-បិទ ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២២ នេះ និងពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង។
ការសម្រេចផ្តល់កម្លាំងកងអង្គរក្សឱ្យចូលរួមសម្តែងនៅក្នុងពិធីបើក-បិទកីឡាជាតិ នាខែវិច្ឆិកា ឆ្នាំ ២០២២ និងពិធីបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ នេះ ត្រូវបានធ្វើឡើងក្រោមការអនុញ្ញាតរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ និងជាប្រធាន CAMSOC ផងនោះ បានជំរុញឱ្យភាគីពាក់ព័ន្ធបានជួបពិភាក្សាគ្នាដើម្បីលម្អិតទៅលើការងារនេះ។
ជាមួយការបើកភ្លើងខៀវនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងលោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទបានបើកកិច្ចប្រជុំជាមួយក្រុមការងារ និងអ្នកភាគីពាក់ព័ន្ធ នៅទីស្ដីការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ១០ ខែតុលា ដើម្បីសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទដែលត្រៀមចូលរួមសម្ដែងអបអរសាទរពិធីបើក-បិទការប្រកួតកីឡាជាតិ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ។
លោក វ៉ាត់ ចំរើន បានប្រាប់ក្រោយកិច្ចប្រជុំនេះថា គ្រប់ភាគីព័ន្ធពាក់បានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីដាក់ចេញនូវកម្លាំងពិត ទីកន្លែងច្បាស់លាស់ និងការរៀបចំដំណាក់កាលទី១ ថាតើយើងត្រូវការកម្លាំងប៉ុន្មាន ដើម្បីហ្វឹកហាត់ជាគ្រូបង្គោល និងហ្វឹកហាត់គុនល្បុក្កតោ។
ជាលទ្ធផលនៃកិច្ចប្រជុំនោះ លោក ប៊ុន លើត បានឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមការងារ CAMSOC ចំណែកនាយឧត្តមសេនីយ៍ មេបញ្ជាការតាមផែននីមួយៗ ទាំងមេបញ្ជាការអង្គរក្ស មេបញ្ជាការហ្វឹកហ្វឺនខាងកងកម្លាំងផ្សេងៗទៀតដែលត្រូវបានចាត់តាំងឱ្យចូលរួមលើការងារនេះ ត្រូវបានលោក វ៉ាត់ ចំរើន អះអាងថា សុទ្ធតែបានចូលរួមពិភាក្សាគ្នាក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ១០ ខែតុលា។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «នៅក្នុងដំណាក់កាលទី១ នេះ យើងត្រូវការជាជំហានដំបូងនូវកម្លាំងចំនួន ១ ០៥០ នាក់ ហើយយើងត្រូវការ ១ ពាន់នាក់ ចាប់ផ្តើមធ្វើការ។ ១ ពាន់នាក់នេះ ក្រសួងការពារជាតិឱ្យយកកងកម្លាំងអង្គរក្សតែម្តងដែលជាកម្លាំងមានការរៀបរយនិងកម្លាំងមានការហ្វឹកហាត់ក្បាច់គុណស្រេចមកធ្វើការងាររៀបចំ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា CAMSOC នឹងចុះទៅសម្តែងការគួរសមផ្ទាល់ជាមួយនាយឧត្តមសេនីយ៍ មេបញ្ជាការកងអង្គរក្ស នៅក្រុងតាខ្មៅនៅក្នុងសប្តាហ៍នេះដើម្បីធ្វើការចង្អុលបង្ហាញ និងផ្តល់ភាពកក់ក្តៅ ដល់ក្រុមការងារ ព្រោះកងកម្លាំងអង្គរក្សជាង ១ ពាន់នាក់នេះ នឹងត្រូវហ្វឹកហាត់នៅក្នុងកងអង្គរក្សតែម្តង ហើយគ្រូបង្គោល ៥០ នាក់ ក៏ខាងបញ្ជាការដ្ឋានកងទ័ពជាអ្នកចាត់ចែកផ្ទាល់ផងដែរសម្រាប់យកទៅបង្ហាត់ដើម្បីត្រៀមសម្តែងទស្សនីយភាព «ស្គរជ័យអរិយធម៌ខ្មែរ»។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការធ្វើការងារក្នុងពេលនេះ យើងមានស្មារតីរួបរួមគ្នាល្អណាស់ ដោយសារមានការយោគយល់គ្នា ក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដែលតែងតែជំរុញយើងធ្វើការងារឱ្យបានហ្មត់ចត់ និងមានរបៀបរៀបរយ ហើយឥឡូវនេះ យើងទៅជាគំនិតតែមួយ ការចុះសម្រុងគ្នាតែមួយដើម្បីផលប្រយោជន៍នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ»។
ទន្ទឹមនឹងនេះ អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានទទួលស្គាល់ថា មានតែកងយោធពលខេមរភូមិន្ទទេ ដែលជាកម្លាំងមានវិន័យ មានសមត្ថភាព មានការថែទាំងសុខភាព ទាំងការបំពាក់បំប៉ននូវក្រមសីលធម៌ វិន័យ និងគុណធម៌ល្អនៅក្នុងការបំពេញការងារបានល្អ សម្រាប់ការឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ក្រុមកម្លាំងកងយោធពលខេមរភូមិន្ទ ចំនួន ៥ ២៧០ នាក់ ដែលសម្តេចសេនាពិជ័យ ទៀ បាញ់ បានផ្តល់មកឱ្យយើងរៀបចំនេះគឺពួកគាត់បានធ្វើលំហាត់កងទ័ពពីរបៀបរៀបរយ និងលំហាត់ផ្សេងៗដែលពាក់ព័ន្ធនឹងវិន័យ ស្មារតី និងផ្នែកការងារចលនាវិន័យរបស់កងទ័ពបានរៀបរយអស់ហើយ ហេតុនេះពួកយើងទៅដល់បញ្ចូលតែរបៀបរបបបច្ចេកទេសទៅនឹងទទួលបានជោគជ័យហើយ។ ដូច្នេះយើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យមានភាពអស្ចារ្យនៅក្នុងពិធីបើក-បិទរបស់យើង»៕


