ក្រុងហ្គារ៉ូ: ខ្សែប្រយុទ្ធ Kelechi Iheanacho ដែលលេងឱ្យក្លិបនៅអង់គ្លេស Leicester City ជាអ្នកស៊ុតបញ្ចូលទី ខណៈដែលក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានទុកបញ្ហាចំពោះការរៀបចំក្រុម ក្នុងព្រឹត្តិការណ៍ Africa Cup of Nations (AFCON) នៅក្នុងប្រទេសកាមេរូន ដោយឡែកសិន ហើយយកឈ្នះក្រុមអេហ្ស៊ីប ក្នុងលទ្ធផល ១-០ អំឡុងការប្រកួត កាលពីថ្ងៃអង្គារ ក្នុងទីក្រុងហ្គារ៉ូ (Garoua)។
កីឡាករ Iheanacho បានស៊ុតបញ្ចូលទី ក្រោយការប្រកួតដំណើរការទៅ ៣០ នាទី ដើម្បីឱ្យក្រុមនីហ្សេរីយ៉ា ដែលមានរហស្សនាមថា «Super Eagles» (កំពូលសត្វឥន្ទ្រី) ឈរលេខ ១ ក្នុងពូល D ដែលរួមមាន ២ ក្រុមផ្សេងទៀត នោះគឺហ្គីណេប៊ីស៊ូ និងស៊ូដង់ ដែលបានស្មើគ្នាដោយគ្រាប់បាល់ ពីការប្រកួតបើកឆាក ក្នុងវគ្គសន្សំពិន្ទុតាមពូលនេះ។
ក្រុមនីហ្សេរីយ៉ា បានផ្ដល់តួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នដល់អតីតកីឡាករក្រុមជម្រើសជាតិ លោក Augustine Eguavoen បន្ទាប់ពីបានបញ្ចប់តួនាទីរបស់លោក Gernot Rohr កាលពីខែធ្នូ ឆ្នាំកន្លងទៅ ដោយសារការធ្វើយុទ្ធនាការ សម្រាប់វគ្គជម្រុះ World Cup មិនទទួលបានផលជាទីគាប់ចិត្ត។
ក្រុមរបស់លោក Eguavoen មិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមទាំង ៣ Victor Osimhen, Emmanuel Dennis និង Odion Ighalo នោះឡើយ ដោយសារហេតុផលផ្សេងៗ តែកីឡាកររបស់លោក បានធ្វើឱ្យលោកមានមោទនភាពជាខ្លាំង ក្នុងដណ្ដើមបានលទ្ធផលល្អ ពីក្រុមអេហ្ស៊ីប ដែលប្រធានក្រុម គឺខ្សែប្រយុទ្ធដ៏ល្បីល្បាញ Mohamed Salah។
កីឡាករ Salah ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមហង្សក្រហម Liverpool ស្ទើរតែមិនបានប៉ះបាល់ ហើយមានឱកាសល្អតែម្ដងគត់ នៅចុងវគ្គទី២ ក្នុងការដែលអាចរកជួយឱ្យក្រុមអេហ្ស៊ីបតាមស្មើវិញ។
ក្រុមនីហ្សេរីយ៉ា ប៊ិះនឹងមានគ្រាប់បាល់នាំមុខ តាំងពីនាទីទី២៦ ម្ល៉េះ នៅពេលដែលខ្សែបម្រើស្លាប Moses Simon រត់ទៅពីក្រោយខ្សែការពាររបស់ក្រុមអេហ្ស៊ីប ហើយស៊ុតយ៉ាងពេញជើង តែបាល់នៅក្រៅសំណាញ់ទី ដោយសារមុំតូចពេក។
កីឡាករ Simon នៅតែមានការរួមចំណែកយ៉ាងសំខាន់ ពេលក្រុមកំពូលសត្វឥន្ទ្រី មានគ្រាប់បាល់នាំមុខនៅ ៤ នាទីបន្ទាប់ ក្នុងការប្រកួត នាកីឡដ្ឋាន Roumde Adjia ដែលអាចផ្ទុកអ្នកគាំទ្រចំនួន ៣ ម៉ឺននាក់នេះ។
ការលើកបាល់កាត់ចូលតំបន់គ្រោះថ្នាក់របស់កីឡាករវ័យ ២៦ ឆ្នាំ Simon ត្រូវបានតែតមកវិញដោយខ្សែការពារ Ahmed Hegazy របស់ក្រុមអេហ្ស៊ីប ហើយខ្សែបម្រើ Joseph Aribo ដក់បាល់ដោយទ្រូងទម្លាក់ឱ្យទៅខ្សែប្រយុទ្ធ Iheanacho ដែលស៊ុតបាល់ក្នុងលម្ហយ៉ាងពេញជើងផុតដៃអ្នកចាំទី Mohamed Elshenawy បំប៉ោងសំណាញ់យ៉ាងស្អាត ពោលគឺជាគ្រាប់ជ័យជម្នះតែម្ដង៕ AFP/VN


