ក្រុងឡុងដ៍៖ ពហុកីឡដ្ឋាន Wembley ផ្ដើមមានជីវិតជីវ៉ាឡើងវិញ ជាមួយនឹងវត្តមានរបស់អ្នកគាំទ្រ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍ គិតតាំងពីមានការរាលដាលពីវីរុស ដោយអ្នកគាំទ្រ ២២ ០០០ នាក់ បានមកហ៊ោកញ្ជ្រៀវលើកទឹកចិត្តនៅកីឡដ្ឋានជាតិរបស់អង់គ្លេស អំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន FA Cup រវាងក្រុម Chelsea និង Leicester។
១ គ្រាប់ របស់ Youri Tielemans ដែលជួយឱ្យ Leicester យកឈ្នះ Chelsea ១-០ ដើម្បីលើកពាន FA Cup ជាលើកទី១ ត្រូវបានអបអរដោយរលកសំឡេងពីអ្នកគាំទ្រ ៦ ពាន់នាក់របស់ក្រុមកញ្ជ្រោងខៀវសម្រាប់ជោគជ័យប្រវត្តិសាស្ត្រនេះ។
អ្នកគាំទ្ររបស់ Leicester ឈ្មោះ Alan Edwards បាននិយាយថា៖ «វាជារឿងអស្ចារ្យណាស់សម្រាប់ក្លិប ហើយក៏ជារឿងវិសេសវិសាល ក្នុងការមានអ្នកគាំទ្រ សម្រាប់ការប្រកួត។ វាគួរឱ្យខ្មាសអៀន ដែលយើងមិនអាចមាន ៤ ម៉ឺននាក់នៅទីនេះ តែវាពិសេសណាស់ ដែលមានច្រើនគួរសមដែរ។ អ្នកអាចឮសំឡេងនោះក្នុងអាកាស»។
នេះជាការព្រឹត្តិការណ៍សាកល្បងទី៣ ដែលអនុញ្ញាតឱ្យមានអ្នកគាំទ្រ នៅ Wembley ដោយសារការចាក់វ៉ាក់សាំងចំនួនច្រើន ធ្វើឱ្យការរឹតបន្តឹងទប់ស្កាត់ការវីរុសកូរ៉ូណានៅចក្រភពអង់គ្លេសត្រូវបន្ធូរបន្ថយ។
មានទស្សនិកជនតែ ៤ នាក់ប៉ុណ្ណោះ ដែលមើលការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ នៅ FA Cup ពេល Leicester ឈ្នះ Southampton ខែមុន ហើយចំនួនត្រូវបានបង្កើនទ្វេដង ពេល Manchester City លើកពាន League Cup កាលពីថ្ងៃទី ២៥ ខែមេសា ក្រោយឈ្នះ Tottenham ១-០។
ចុងសប្ដាហ៍នេះ ចំនួនដល់ទៅ ១ ម៉ឺននាក់ នឹងវិលមកវិញ សម្រាប់ការប្រកួត ២ លើកចុងក្រោយនៅក្របខ័ណ្ឌ Premier League រដូវកាលនេះ ក្នុងនោះរួមទាំងជំនួបដ៏សំខាន់រវាង Chelsea និង Leicester ដែលត្រូវប្រជែងគ្នាដណ្ដើមសិទ្ធិទៅ Champions League រដូវកាលក្រោយផងដែរ។
Wembley នឹងត្រូវរៀបចំ ៨ ប្រកួត ក្នុងព្រឹត្តិការណ៍ Euro 2020 ដោយយ៉ាងហោចណាស់ ក៏មានចំនួន ២៥ ភាគរយដែរនៃចំណុះកន្លែង ៩ ម៉ឺនកៅអី ហើយសង្ឃឹមថា វគ្គ ១/២ ផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រអាចនឹងលេងនៅចំពោះមុខមនុស្សជាង ២២ ៥០០ នាក់៕ AFP/VN

