ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) និងតំណាងប្រទេសនៅក្នុងតំបន់អាស៊ានជាសមាជិករបស់ស្ថាប័នមួយនេះ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមជួយដល់ម្ចាស់ផ្ទះកម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជា អាចរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣បានល្អប្រសើរ និងទទួលបានជោគជ័យ។
លោក Osoth Bhavilai ប្រធានAPSF បានអះអាងថា ការចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងគណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) និងAPSFបានធ្វើឱ្យគណៈកម្មការរបស់ APSF តំណាងឱ្យប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ាន កាន់តែមានការជឿជាក់ថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងត្រូវធ្វើទៅតាមកាលកំណត់ និងធ្វើបានល្អទៀត ដោយមិនមានការលុបចោល ដូចការប្រកួតនៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការលើកពេលប្រកួតម្តងហើយម្តងទៀត ដូចនៅប្រទេសវៀតណាម នោះទេ។
លោកបានបញ្ជាក់ថា៖«កិច្ចប្រជុំនេះ ទទួលបានលទ្ធផលល្អប្រសើរ ដែលយើងបានមកដល់កម្ពុជា ហើយយើងសង្ឃឹមថា APSF អាចធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រកម្ពុជា តាមលទ្ធភាពដែលយើងអាចធ្វើបាន ដើម្បីទទួលបានជោគជ័យ។ យើងមិនចង់ឃើញមានការលុបចោល ឬក៏លើកពេលទៀតនោះទេ ព្រោះយើងមានបទពិសោធន៍រួចហើយពីការលើកពេល នៅហ្វីលីពីន និងវៀតណាម។ ដូច្នេះយើងមិនចង់ឃើញរឿងនេះកើតឡើងម្ដងទៀតនៅកម្ពុជា ហើយប្រាកដថា កម្ពុជា អាចរៀបចំការប្រកួតដោយជោគជ័យ»។
ការលើកឡើងរបស់លោក Osoth Bhavilai ត្រូវបានធ្វើឡើងបន្ទាប់ពីសហព័ន្ធកីឡាជនពិការអាស៊ាន បានចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់គ្នា ជាមួយគណៈកម្មាធិការជាតិ CAMAPGOC ក្រោមអធិបតីភាពលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOCនិង CAMAPGOC នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១៦ ខែធ្នូ។
ជុំវិញការចុះ MoUនេះ លោក Osoth Bhavilaiបានបញ្ជាក់បន្ថែមថា៖ «រឿងដែលសំខាន់នៅក្នុង MoUនេះ យើងនឹងចាប់ផ្ដើមការសហការរវាងAPSF ជាមួយ CAMAPGOC ហើយនេះជាលើកដំបូងនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល។ វាក៏ជាឱកាសដែលយើងអាចជួបគណៈកម្មការនីមួយៗ ដើម្បីបង្ហាញពីការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ប្រកួតដូច្នេះយើងជឿថា កិច្ចប្រជុំលើកទី២ យើងនឹងឈានទៅដល់ការសម្រេចរឿងជាច្រើនទៀត ដើម្បីប្រាកដថា គ្រប់យ៉ាងនឹងឈានទៅរួចរាល់សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម»។
បន្ថែមទៅលើការចុះ MoUនេះ គណៈកម្មាធិការ CAMAPGOC និង APSF ក៏បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ ដោយក្នុងនោះ កម្ពុជាបានបង្ហាញអំពីវឌ្ឍនភាពការងារ នៃការរៀបចំប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ របស់ខ្លួនយ៉ាងលម្អិត ដែលធ្វើឱ្យគណៈកម្មការទាំងអស់របស់ APSF មានការភ្ញាក់ផ្អើល និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC និង CAMAPGOCបានថ្លែងក្រោយកិច្ចប្រជុំថ្ងៃដំបូង កាលពីថ្ងៃទី១៥ ខែធ្នូនោះថា៖«យើងបានបង្ហាញទៅសហព័ន្ធកីឡាជនពិការអាស៊ាន ឱ្យគេមើលឃើញច្បាស់អំពីអ្វីទៅដែលហៅថា ការខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះក្នុងការត្រៀមរៀបចំនេះ។ យើងត្រៀមរៀបចំបានល្អប្រសើរខ្លាំងមែនទែន ហើយAPSF បានកោតសរសើរកម្ពុជា ថាមានការរៀបចំបានល្អគ្រប់ជ្រុងជ្រោយ គឺហាក់ដូចជារួចរាល់១០០ភាគរយ។ និយាយរួមពេលយើងបង្ហាញទៅហាក់បីដូចជាយើងរួចរាល់ហើយស្រេច»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងក៏បានបង្ហាញទៅ APSF ថា កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម មុនពេលធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះពេលយើងធ្វើស៊ីហ្គេម មានលក្ខណៈល្អប្រសើរ គឺដល់ពេលយើងធ្វើអាស៊ានប៉ារ៉ាហ្គេមក៏កាន់តែល្អប្រសើរបន្ថែមទៀត ព្រោះអាស៊ានប៉ារ៉ាហ្គេម មានប្រភេទកីឡាតិចជាងស៊ីហ្គេម ដូច្នេះអាចបង្កលក្ខណៈងាយស្រួលឱ្យយើងបានមួយកម្រិតបន្ថែមទៀត ដោយយើងនឹងយកធនធានដែលមានពេលស៊ីហ្គេម ទៅធ្វើអាស៊ានប៉ារ៉ាហ្គេមបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យកម្រិតខ្ពស់»។
យ៉ាងណាមិញ តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៥ ដល់ទី១៧ ខែធ្នូ នៅកម្ពុជានេះ សហព័ន្ធកីឡាជនពិការកម្ពុជា និងម្ចាស់ផ្ទះកម្ពុជា ក៏បានអនុម័តលើប្រភេទកីឡាទាំង១៣ ដែលត្រូវដាក់ឱ្យប្រកួតនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ហើយនេះជាការអនុម័តលើកចុងក្រោយ។
លោក យី វាសនា អគ្គលេខាធិការរង CAMAPGOC បានថ្លែងថា៖ «១៣ប្រភេទកីឡានេះ បានសម្រេចរួចហើយ ក្នុងនោះយើងកំពុងតែត្រៀមលក្ខណៈជាក់ស្ដែង ហើយយើងក៏បានប្រជុំ ដើម្បីរៀបចំឱ្យចេញជាព្រឹត្តិការណ៍កីឡា ឬជាវិញ្ញាសាតាមប្រភេទកីឡានីមួយៗផងដែរ។ កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី មាន១៤ប្រភេទកីឡា ហើយនៅកម្ពុជាមាន១៣ប្រភេទកីឡាអ៊ីចឹងវិញ្ញាសាដែលយើងគ្រោងរៀបចំ មិនទាន់កំណត់ជាក់លាក់នោះទេ ប៉ុន្ដែប្រហាក់ប្រហែលជាង៤០០វិញ្ញាសា»។
សម្រាប់ប្រភេទកីឡាទាំង១៣ ដែលត្រូវបានអនុម័តរួចរាល់នោះ រួមមានកីឡាអត្តពលកម្មជនពិការ កីឡាហែលទឹកជនពិការ កីឡាវាយសីជនពិការ កីឡាបាល់ទាត់៥ម្ខាង កីឡាបាល់ទាត់៧ម្ខាង កីឡាលើកទម្ងន់ជនពិការ កីឡាបូស្យាជនពិការ កីឡាវាយកូនឃ្លីលើតុជនពិការ កីឡាយូដូជនពិការ កីឡាបាល់បោះជិះរទេះជនពិការ កីឡាបាល់បោះជនពិការភ្នែក កីឡាបាល់ទះអង្គុយ និងកីឡាអុកបូកទាំងកីឡាសម្ដែង១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (Esports) តែមិនរាប់បញ្ចូលមេដាយនោះទេ។
ចំពោះដំណើរការចុះឈ្មោះចូលរួមវិញ លោក យី វាសនា បានប្រាប់ថា មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ បានបញ្ចប់ហើយ គឺជាការចុះឈ្មោះប្រទេស ទៅតាមប្រភេទកីឡានីមួយៗ។ រីឯដំណាក់កាលទី២ គឺជាការចុះឈ្មោះចំនួនប្រតិភូ មន្ដ្រី និងកីឡាករកីឡាការិនីសរុបប៉ុន្មាននាក់ ដែលត្រូវបញ្ចប់ត្រឹមខែមករា ឆ្នាំ២០២៣ ហើយដំណាក់កាលទី៣ ដែលជាការចុះឈ្មោះតាមឯកត្តបុគ្គលនីមួយៗ គឺការបញ្ជាក់ឈ្មោះប្រតិភូដឹកនាំ និងឈ្មោះកីឡាករកីឡាការិនីច្បាស់ៗ ទៅតាមប្រភេទវិញ្ញាសាដែលខ្លួនចូលរួមប្រកួតនោះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកុម្ភៈ មុនឈានដល់ការប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕


