ភ្នំពេញៈ កីឡាករជើងខ្លាំងវ័យក្មេង បឺត សង្ឃឹម និង ម៉ឺន មេឃា សុទ្ធតែទទួលបានជោគជ័យធំ សម្រាប់ការប្រកួតនៅលើសង្វៀន CNC ដើម្បីបន្តដំណើរឡើងទៅប្រកួតយកខ្សែក្រវាត់ និងប្រាក់រង្វាន់យ៉ាងច្រើននៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចំពោះអ្នកប្រយុទ្ធគុនចម្រុះលេខ ១ របស់កម្ពុជា ចាន់ រតនា បាន បន្សល់ទុកត្រឹមពាក្យ «សុំទោស» ចំពោះអ្នកគាំទ្រ ក្រោយរូបគេបានចាញ់ក្រោមកណ្តាប់ដៃកីឡាករចិន Xie Wei នាការប្រកួត ONE Championship នៅលើទឹកដីប្រទេសសិង្ហបុរី។
សម្រាប់ការប្រកួត NOE: Collision Course នៅឯកីឡដ្ឋាន Singapore Indoor Stadium កាលពីយប់ថ្ងៃសុក្រនោះ ចាន់ រតនា បានគ្រប់គ្រងការប្រកួតបានល្អ សម្រាប់ ២ ទឹកដំបូង ដោយរូបគេបានជម្នះការគាបសង្កត់របស់ Xie Wei បានយ៉ាងជោគជ័យនៅទឹកទី ១ និងបានស្វែងរកការមានប្រៀបត្រឡប់មកវិញ នៅទឹកទី ២ តាមរយៈការម៉ាត់ និងទាត់ចូលពេញធ្វើឱ្យ Xie Wei ស្រុតជំហរ។
យ៉ាងណាក៏ដោយ សម្រាប់ការវាយប្តូរគ្នានៅទឹកទី ៣ ចាន់ រតនា ត្រូវបានកីឡាករពោរពេញដោយកម្លាំងវ័យ ២៤ ឆ្នាំរបស់ចិន Xie Wei ម៉ាត់ចូលថ្គាមពេញ បណ្តាលឱ្យដួល ហើយភ្លាមនោះ Xie Wei បានស្ទុះទៅវាយសង្គ្រប់ថែមផ្ទួនៗនាំឱ្យ រតនា អស់លទ្ធភាពតបត និងត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ដ៏គួរឱ្យសោកស្តាយបំផុត។
ការចាញ់ក្រោមទម្ងន់ដៃរបស់ Xie Wei នេះ បានបំផ្លាញនូវកំណត់ត្រាដ៏ល្អ គឺការឈ្នះទាំង ៣ លើកជាប់ៗគ្នារបស់ ចាន់ រតនា ហើយការចាញ់នេះទៀតសោតបានបង្ហាញថា រតនា នៅតែមិនអាចយកឈ្នះចិន បន្ទាប់ពីរូបគេចាញ់កីឡាករចិន Xie Bin និង Ma Hao Bin ក្នុងការប្រកួតនៅលើសង្វៀន ONE នេះដែរនាពេលកន្លងមក។
ជាមួយការចាញ់នេះដែរ ក៏បានបំផ្លាញនូវក្តីសុបិនសម្រាប់ការស្វែងរកឱកាស ប្រកួតដណ្តើមខ្សែក្រវាត់ នៅ ONE របស់ ចាន់ រតនា ផងដែរ។ យ៉ាងណាក៏ដោយ ចាន់ រតនា នៅតែទទួលបានការគាំទ្រខ្លាំងពីជនរួមជាតិដែលបានទស្សនាការប្រកួតកាលពីយប់ថ្ងៃសុក្រនោះ ព្រោះ រតនា ព្យាយាមធ្វើបានល្អហើយ គ្រាន់តែភ្លាត់ចូលមួយដៃរបស់ Xie Wei នាំឱ្យរូបគេបាត់បង់ឱកាស។ ជាមួយការបរាជ័យនេះ ចាន់ រតនា បានសុំទោសដល់ជនរួមជាតិ ដោយបានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួនយ៉ាងខ្លីថា៖ «សុំទោសបងប្អូន»។
ដោយឡែកកីឡាករ បឺត សង្ឃឹម បានយកឈ្នះលើម្ចាស់មេដាយ សំរឹទ្ធ វ៉ាន់ វឿន ដោយពិន្ទុដាច់ក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុម ១ នៃព្រឹត្តិការណ៍ «កម្ពុជា សង្វៀនគុនខ្មែរ» ហើយនៅក្នុងការប្រកួតយ៉ាងស្វិតស្វាញ កាលពីព្រឹកថ្ងៃសៅរ៍នោះសង្ឃឹមក៏បានម៉ាត់ឱ្យ វឿន វង្វេងវង្វាន់ នៅទឹកទី ៣ និងត្រូវ អាជ្ញាកណ្តាលរាប់ផងដែរ។ ការឈ្នះនេះ បឺត សង្ឃឹម មិនត្រឹមតែបានប្រាក់រង្វាន់ ១០ លានរៀលប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏បានឡើងទៅអង្គុយចាំ អ្នកឈ្នះប្រចាំក្រុម ២ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។
ដូចគ្នានេះ កីឡាករជើងខ្លាំង ម៉ឺន មេឃា បានយកឈ្នះលើអ្នកលេងស្នៀតជើង អេលីត ចំរើន ដោយពិន្ទុដាច់ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុម ២ នៅសង្វៀន CNC កាលពីព្រលប់ថ្ងៃសៅរ៍នោះដែរ ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់» ទម្ងន់ ៦០ គ.ក្រនេះជាមួយជើងខ្លាំង ឃីម បូរ៉ា ដែលទទួលបានលេខ ១ ប្រចាំក្រុម ១៕


