ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានបង្ហាញការជឿជាក់ខ្លាំងទៅលើក្រុមកីឡាករ កីឡាការិនីរបស់ខ្លួន ដោយលោករំពឹងថា ពួកគេនឹងអាចដណ្តើមបានមេដាយមាសច្រើន សម្រាប់ការបង្ហាញវត្តមានជាលើកដំបូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
លោក កែវ រ៉េមី បានអះអាងថា លោកនឹងលាឈប់ពីតួនាទីជាប្រធានសហព័ន្ធ បើសិនជាក្រុមអត្តពលិកតេក្វាន់ដូ ITF មិនអាចដណ្តើមបានមេដាយមាសច្រើននៅស៊ីហ្គេម ឆ្នាំ ២០២៣ នោះ។ «ខ្ញុំក្នុងនាមជាប្រធានធ្លាប់បានជម្រាបជូនដល់ថ្នាក់ដឹកនាំដែរថា បើ ITF ប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ មិនបានមេដាយមាសច្រើនទេ គឺនិយាយឱ្យច្បាស់តែម្តង ខ្ញុំសុំលាឈប់ពីប្រធានហើយ គឺទុកឱ្យថ្នាក់ដឹកនាំក្រោយគេធ្វើប្រធានម្តងទៅ»។
ពាក្យសម្តីដែលពោលចេញប្រកបដោយភាពជឿជាក់នេះ ត្រូវបានលោក កែវ រ៉េមី ថ្លែងនៅចំពោះមុខក្រុមអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ កាលពីល្ងាចថ្ងៃអាទិត្យ ហើយក៏ជាពេលដែលលោកបានជំរុញឱ្យអត្តពលិកវ័យក្មេង កំពុងមានសក្តានុពល ខំប្រឹងហ្វឹកហាត់ឱ្យបានកាន់តែខ្លាំង ដើម្បីឈានទៅសម្រេចក្តីសង្ឃឹម ក្នុងការដណ្តើមមេដាយមាសឱ្យបានច្រើនជូនជាតិមាតុភូមិ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។
បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់សម្ទុះឱ្យក្រុម ITF ដណ្តើមមេដាយមាសឱ្យបានចំនួន ១៥ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ប៉ុន្តែលោក កែវ រ៉េមី មានការជឿជាក់ថា ក្រុម ITF របស់លោកអាចនឹងបំពេញទៅតាមសម្ទុះមេដាយនេះបាន ហើយក៏នឹងខំប្រឹងដណ្តើមមេដាយមាសឱ្យបានលើសចំនួន ១៥ ផងដែរ។
លោក កែវ រ៉េមី បានបញ្ជាក់ថា៖ «យើងហ៊ានដល់ស្នើឱ្យប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានអាជ្ញាកណ្តាលចៅក្រមទៅទៀត ដើម្បីធ្វើឱ្យការប្រកួតមានយុត្តិធម៌ ហើយជឿខ្ញុំទៅ គឺយើងដឹងតែយកបានមេដាយមាសហើយ គ្រាន់តែថា អា ១៥ មេដាយមាសហ្នឹង យើងត្រូវខិតខំប្រឹងប្រែងយកឱ្យបាន ១៥»។
ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖ «រឿងមេដាយមាសគ្មាន ២ ឬ ៣ នោះទេ គឺមានតែបានច្រើនជាងហ្នឹង ប៉ុន្តែយើងត្រូវយកឱ្យបានលើស ១៥ នេះទៀត អ៊ីចឹងបានថា យើងត្រូវខំប្រឹងសម្បើមណាស់ ហេតុនេះសូមឱ្យក្មួយៗបន្តហាត់ហ្វឹកហ្វឺនឱ្យបានខ្លាំងមែនទែន ជាទីសង្ឃឹមថា យើងនឹងយកបានមេដាយមាសច្រើន ពីការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣»។
ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏នឹងធ្វើការស្នើសុំទៅកាន់ CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ឱ្យប្រភេទកីឡាតេក្វាន់ដូ ITF ធ្វើការប្រកួតមុនគេផងដែរ។
លោកបានថ្លែងថា៖ «សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ខ្ញុំនឹងស្នើឱ្យដាក់ ITF មុនគេ ដើម្បីនាំមុខតែម្តង ព្រោះកាលណាយកមេដាយមាសបានមុនគេហើយ គឺកីឡាផ្សេងៗទៀត គាត់នឹងខំប្រឹងដែរ។ តែបើនាំមុខចាញ់ អាហ្នឹងអត់ស្រួលទេ គឺអាអ្នកតាមផ្សេងៗទៀត វារាងដូចល្វើយៗ ប៉ុន្តែបើអាទៅមុនដំបូងគេ ហ៊ោទះដៃ បានមេដាយមាសហើយ អាផ្សេងទៀត ដូចជាក្រុមហែលទឹក អី ហែលដាច់ជើងចោល»៕


