ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែលទើបចូលខ្លួនមកដឹកនាំក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) បានអះអាងថា លោកនឹងព្យាយាមឱ្យអស់ពីលទ្ធផលភាព ដើម្បីដណ្តើមយកជ័យជម្នះ សម្រាប់ការជួបក្រុមបឹងកេត សម្រាប់ការវិលមកជួបគ្នាជាថ្មី នៅរសៀល ថ្ងៃអាទិត្យនេះ។
បើទោះបីជា គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon មិនចង់ព្យាករណ៍ពីលទ្ធផលទុកជាមុន សម្រាប់ការជួបក្រុមម្ចាស់ផ្ទះបឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នារសៀលម៉ោង ៣:៣០ ថ្ងៃនេះ ប៉ុន្តែអ្នកចាត់ការក្រុមទ័ពរូបនេះ បានអះអាងថា លោកនឹងខំប្រឹងប្រែដឹកនាំក្រុម ដើម្បីស្វែងរកការឈ្នះ។
តាមរយៈក្រុមទ័ព ផ្ទាល់ អ្នកចាត់ការក្រុម លោក គ្រូ Lee Tae Hoon បាននិយាយថា៖ «ការប្រកួតជាមួយ បឹងកេត ខ្ញុំមិនចង់ធ្វើការព្យាករទុកមុនឡើយ មិនថាឈ្នះ ឬចាញ់នោះទេ សំខាន់ខ្ញុំនឹងប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីឈ្នះការប្រកួតមួយនេះ»។
ចំណែកក្រុមកំពុងឈរនៅលេខ ២ មាន ១៥ ពិន្ទុ វិសាខា ក៏នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ដើម្បីទទួលក្រុមកំពុងឈរនៅបាតតារាង សូលទីឡូអង្គរ នៅរសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនេះ ផងដែរ ខណៈជំនួបនេះ ត្រូវបានគេមើលឃើញថា វិសាខា មានភាគរយខ្ពស់បំផុត ក្នុងការបន្តឈ្នះបាន ៣ ពិន្ទុ។

ជាមួយគ្នានេះខ្សែការពារជម្រើសដំបូងរបស់ក្រុមវិសាខា អ៊ុក សុវណ្ណ នៅតែផ្តល់ការគោរព ទៅដល់ក្រុមចាញ់ទាំង ៧ ប្រកួត សូលទីឡូអង្គរ ប៉ុន្តែកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបញ្ជាក់ជាចុងក្រោយថា ពួកគេ នឹងដណ្តើមយកឱ្យបាន ៣ ពិន្ទុ សម្រាប់ការប្រកួតនេះ។
តាមរយៈក្លិបវិសាខាផ្ទាល់ អ៊ុក សុវណ្ណ បាននិយាយថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំនៅតែគោរពក្រុមសូលទីឡូអង្គរ ទោះបីជា សូលទីឡូអង្គរ គាត់អត់ទាន់ទទួលបានលទ្ធផលល្អកន្លងមកក៏ដោយ ក៏យើងត្រៀមយ៉ាងម៉េច ធ្វើឱ្យបានល្អ សម្រាប់ការប្រកួតនេះ»។
អ៊ុក សុវណ្ណ បានបន្ថែមថា៖ «ជារួម មិនថា ប៉ះក្រុមសូលទីឡូអង្គរ ឬប៉ះក្រុមណាទេ គឺសុទ្ធតែជាក្រុមខ្លាំងក្នុងលីគ អ៊ីចឹងពួកយើង មិនអាចមើលស្រាល ឬធ្វេសប្រហែសបានឡើយ។ ដូច្នេះពួកយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ ហើយពួកយើងនឹងប្រឹងខំប្រែង ដណ្តើមយក ៣ ពិន្ទុឱ្យបាន»។
ចំណែកក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ក៏មានភាគរយខ្ពស់ ដណ្តើមបានជ័យជម្នះ នៅថ្ងៃអាទិត្យនេះដែរ ជាពិសេសក្រុមមិនទាន់ស្គាល់ការចាញ់សោះ ភ្នំពេញក្រោន ព្រោះលើកនេះពួកគេ ត្រូវជួបក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ដែលមានកម្រិតលេខទាបជាងខ្លួន នៅល្ងាចម៉ោង ៦ ថ្ងៃនេះ ចំណែកក្រុមស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះ មានបទពិសោធខ្ចីវស្សា ខេត្តព្រៃវែង នៅរសៀលម៉ោង ៣:៣០៕



