ក្រុងហ្សាការតា: អត្តពលិកកីឡាបាល់បោះ៤នាក់របស់ជប៉ុន ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅផ្ទះវិញពីព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games ទាំងអាម៉ាសមុខ សម្រាប់ការចំណាយប្រាក់ឲ្យស្ត្រីពេស្យាដើម្បីរួមភេត។ នេះបើយោងទៅតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិករបស់ជប៉ុន ហៅកាត់ថា JOC នៅថ្ងៃចន្ទនេះ។
កីឡាករទាំងនោះ ត្រូវបានគេឃើញស្ថិតក្នុងស្រុកភ្លើងពណ៌ក្រហមមួយក្នុងទីក្រុងហ្សាការតា ដោយពាក់អាវជម្រើសជាតិរបស់ខ្លួនកាលពីសប្តាហ៍មុន។ នេះបើយោងទៅតាមមន្ត្រីកីឡារបស់ JOC ក្នុងសន្និសីទសារព័ត៌មានមួយ ដោយបានបញ្ជាក់ថា អត្តពលិកទាំង៤នាក់ ត្រូវបានបញ្ជាឲ្យចាកចេញពីក្រុមភ្លាមៗ។
ព័ត៌មានដែលចេញផ្សាយថា កីឡាករ Yuya Nagayoshi, Takuya Hashimoto, Takuma Sato និង Keita Imamura ត្រូវបានលុបឈ្មោះចេញពីក្រុម នឹងក្លាយជារឿងដ៏អាម៉ាសមួយសម្រាប់ជប៉ុន ដែលបានបង្ខំចិត្តបញ្ជូនអត្តពលិកហែលទឹកម្នាក់ឲ្យវិលទៅផ្ទះវិញពីព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៤ សម្រាប់ការលួចកាមេរ៉ារបស់អ្នកកាសែតម្នាក់។
លោក Yasuhiro Yamashita នាយបេសកកម្មប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំពិតជាមានអារម្មណ៍ខ្មាស់អៀនណាស់។ យើងពិតជាសុំការអភ័យទោស និងមានបំណងក្នុងការធ្វើឲ្យអត្តពលិកគោរពតាមការណែនាំចាប់ពីពេលនេះទៅ»៕ IS


