ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យក្រុមអត្តពលិកកម្ពុជា កុំបំពានវិធានការនៃការប្រកួត និងចៀសឲ្យបានដាច់ខាតចំពោះការប្រើប្រាស់សារធាតុហាមឃាត់ គឺធ្វើយ៉ាងម៉េចកុំឲ្យកម្ពុជា ជាប់ឈ្មោះថា មានកីឡាករ កីឡាការិនី បានប្រើសារធាតុលើកកម្លាំង នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី ១៨ ឆ្នាំ ២០១៨ (Asian Games 2018) នៅឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៨ ខែសីហា រហូតដល់ថ្ងៃទី ២ ខែកញ្ញា ខាងមុខ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡាអាស៊ីនៅវិមានសន្តិភាព កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «ការចាញ់ ឬឈ្នះ ជារឿងធម្មតារបស់កីឡា ប៉ុន្តែអ្វីដែលសំខាន់ គឺទី ១ សុំកុំបំពានវិធាននៃការប្រកួត គឺគេហាមឃាត់កន្លែងណា ត្រូវចៀសវាងឲ្យបាន ហើយទី ២ សុំកីឡាករ កីឡាការិនីរបស់យើង កុំប្រើសារធាតុលើកកម្លាំង គឺសារធាតុ ដែលគេហាមឃាត់ឲ្យសោះ»។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «កីឡាកម្ពុជា បើទោះបីជា មិនបានមេដាយអីទាំងអស់ ក៏យើងនៅតែជាកីឡាថ្លៃថ្នូរ ប៉ុន្តែប្រសិនជាយើងបានមេដាយមក ដោយការប្រើប្រាស់នូវសារធាតុ ដែលគេហាមឃាត់នោះ គឺមិនមែនជាប្រភេទ ដែលកីឡាករគួរជាមោទនភាពនោះទេ។ យើងត្រូវយកចិត្តទុកដាក់ពីចំណុចនេះ គឺធ្វើម៉េចកុំឲ្យកម្ពុជា ជាប់ឈ្មោះថា មានកីឡាករ កីឡាការិនី ដែលប្រើសារធាតុលើកកម្លាំង គឺខ្ញុំសុំតែ ២ ចំណុចនេះទេ»។
ទាក់ទងទៅនឹងប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំប្រទេស ទៅកាន់ប្រតិភូកីឡាកម្ពុជានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មការប្រកួតកីឡាអាស៊ីនេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ជារៀងរាល់ពេល ការពង្រឹងស្មារតី ខាងផ្នែកសីលធម៌ និងខាងផ្នែកច្បាប់ផ្សេងៗទៀត ដែលពាក់ព័ន្ធ គឺប្រទេសផ្សេងៗទៀត ក៏គេធ្វើបែបនេះដែរ អ៊ីចឹងប្រសាសន៍របស់សម្តេច ពិតជាត្រឹមត្រូវហើយ»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«តាមពិតរឿងសារធាតុហាមឃាត់ និងច្បាប់នៃការប្រកួតផ្សេងៗនេះ យើងបានធ្វើជាប្រចាំ ក្នុងការដាស់តឿនក្រុមអត្តពលិកយើង ប៉ុន្តែថា ចុងក្រោយបំផុត បានសម្តេច មានប្រសាសន៍ទៅ វាកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការជំរុញឲ្យក្រុមអត្តពលិករបស់យើងអនុវត្ត។ អ៊ីចឹងការចូលជួបសំណេះសំណាលជាមួយសម្តេច មុនការប្រកួតនេះ ជាពិធីដ៏ល្អ ក្នុងការដាស់ស្មារតីកីឡាករ កីឡាការិនីរបស់យើង ព្រោះបើម្នាក់ៗមិនយកកិត្តិយសជាតិជាធំទេ ការប្រកួតក៏ពិបាកនឹងទទួលយក ជោគជ័យដែរ»។
នៅក្នុងពិធីសំណេះសំណាល កាលពីម្សិលមិញនោះ ប្រតិភូកីឡាកម្ពុជា រួមមានថ្នាក់ដឹកនាំ ១២ នាក់ គ្រូបង្វឹក ១៦ នាក់ អត្តពលិក ៤៣ នាក់ សរុបចំនួន ៧១ នាក់ មកពីប្រភេទកីឡាចំនួន ១៣ រួមមានអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជី តស៊ូ សូហ្វតិន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និង កីឡាទូកក្ដោង គឺសុទ្ធតែទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោកនាយករដ្ឋមន្ត្រីក្នុងម្នាក់ៗចំនួន ៥០០ ដុល្លារដូចគ្នា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមអត្តពលិកកម្ពុជា ប្រឹងប្រែងប្រកួត ដើម្បីដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួតកីឡាអាស៊ី លើកនេះ ខណៈការប្រកួតកីឡាអាស៊ី លើកទី ១៧ នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៤ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ជាប្រវត្តិសាស្ត្រឲ្យកម្ពុជា បន្ទាប់ពីកម្ពុជា បានរង់ចាំអស់រយៈពេលជាង ៦០ ឆ្នាំមក៕


