ភ្នំពេញ: កីឡាករឃីម ឌីម៉ា មកពីខេត្តបន្ទាយមានជ័យ ដែលមួយរយៈខ្លីចុងក្រោយនេះ ហាក់ដូចជាធ្លាក់ចុះនូវវិជ្ជាគុននោះ បានស្តារមុខមាត់បានវិញ ក្រោយពីផ្តួលកីឡាករថៃចំណូលថ្មី Lom Leng ឲ្យសន្លប់កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញនៅសង្វៀនអាស៊ីអាគ្នេយ៍។ ផ្ទុយទៅវិញកីឡាករតក់ សោភ័ណ្ឌ ដែលក៏ត្រៀមខ្លួនស្តារមុខមាត់ឡើងវិញផងដែរ ត្រូវបានកីឡាកររឿម វណ្ណៈ បោះជង្គង់ចូលពោះទឹកសន្លប់ក្នុងទឹកទី២ ក្នុងការប្រកួតកម្មវិធីពេលយប់ថ្ងៃអាទិត្យ លើសង្វៀនអាស៊ីអាគ្នេយ៍តែមួយនេះ។
កីឡាករជើងចាស់ឃីម ឌីម៉ា របស់កម្ពុជា បានព្យាយាមវាយសម្រុកបានល្អ នៅក្នុងទឹកទី១ និងទឹកទី២ ហើយស្នៀតទាត់ កណ្តាប់ដៃ ព្រមទាំងក្បាច់ជង្គង់ ក៏មានប្រៀបលើកីឡាករថៃ Lom Leng ផងដែរ។ ខណៈការប្រកួតឈានចូលដល់នាទីចុងក្រោយក្នុងទឹកទី៣ ឃីម ឌីម៉ា បានបង្កើនការវាយលុកបន្ថែមកាន់តែច្រើន ហើយជាមួយគ្នានោះ ស្នៀតទាត់ឆ្វេងរបស់គេ បានចូលចំគោលដៅយ៉ាងល្អ ដែលបានធ្វើឲ្យ Lom Leng ចុករមួលមិនអាចបន្តការប្រកួតបាន និងសុំចុះចាញ់តែម្តងក្នុងទឹកទី៣។
សម្រាប់គូអន្តរជាតិក្នុងពេលជាមួយគ្នានេះដែរ កីឡាករជើងចាស់ចាន់ ប៊ុនលាភ មកពីក្លិបនិរោធមានជ័យ បានឈ្នះកីឡាករថៃ Yort Phith ក្រោយពីបានទាត់យ៉ាងសន្ធាប់ឲ្យខូចជើងក្នុងទឹកទី៤។ កីឡាករថៃ Yort Phith ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើក ប៉ុន្តែភាគច្រើនចាញ់ច្រើនជាងឈ្នះ។
Yort Phith ធ្លាប់ចាញ់រឿម វណ្ណៈ ចាញ់ ឆៃ សារ៉ា ចាញ់ ឌុម កែវដា និងចាញ់ ធី តុងហ៊ី។ ទោះបីជាយ៉ាងណា ចាន់ ប៊ុនលាភ មិនបានយកឈ្នះលើ Yort Phith ដោយងាយស្រួលឡើយពីព្រោះក្បាច់កណ្តាប់ដៃ ការប្រើកែង និងជង្គង់ របស់កីឡាករទាំងពីរ អាចតទល់ជាមួយគ្នាបាន តាមរយៈការវាយប្តូរគ្នាទៅវិញទៅមក ប៉ុន្តែចាប់ពីទឹកទី៣មក Yort Phith បានចាប់ផ្តើមមានបញ្ហាឈឺជើងលំបាកទប់ទល់។
នៅទឹកទី៣ អាជ្ញាកណ្តាលបានរាប់ទៅលើ Yort Phith ចំនួន៨មួយលើក ហើយចូលដល់ទឹកទី៤ ចាន់ ប៊ុនលាភ នៅតែព្យាយាមទាត់បន្ថែមលើកន្លែងឈឺដែលធ្វើឲ្យកីឡាករថៃរូបនេះដួលលែងងើបរួចតែម្តង។
ផ្ទុយទៅវិញ តក់ សោភ័ណ្ឌ មកពីមកុដរាជសីហ៍ បានប្រឹងប្រែងហ្វឹកហាត់ខ្លាំងត្រៀមកសាងកេរិ៍្តឈ្មោះត្រឡប់មកវិញនោះ បានទទួលបរាជ័យយ៉ាងខកចិត្ត ពីព្រោះសន្លប់ក្រោមស្នៀតជង្គង់របស់រឿម វណ្ណៈ នៅទឹកទី៣។
នៅពីរទឹកដំបូង ស្នៀតទាត់ និងជង្គង់របស់តក់ សោភ័ណ្ឌ មានប្រៀបលើដៃគូផងដែរ ប៉ុន្តែការភ្លាត់ស្នៀតរបស់គេ តាមរយៈការទទួលរងនូងជង្គង់ពេញចំពោះទឹក បណ្តាលឲ្យសន្លប់តែម្តង។
ស្របពេលជាមួយគ្នានោះដែរ កីឡាករសោម តឿទី មកពីក្លិបខ្លារខិន ដែលបាត់មុខជាង៣ឆ្នាំនោះ បានរងបរាជ័យក្រោមស្នៀតកែងរបស់កីឡាករចៅ ផលឌឿ មកពីខេត្តបាត់ដំបង តាមរយៈការចាញ់ដោយសន្លប់ក្រោមការប្រើស្នៀតកែង ក្នុងទឹកទី៤៕


