ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហភាពសហព័ន្ធយុវជនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្វែងរកបេក្ខជនអ្នកនិយមលេងអុកចត្រង្គឲ្យមកដាក់ពាក្យចូលរួមប្រកួត ជម្រុះនៅភ្នំពេញ ដើម្បីស្វែងរកជើងខ្លាំងទៅប្រកួតបន្តក្នុងពិធីអង្គរមហាសង្រ្កាន្តឆ្នាំ ២០១៦ នៅខេត្តសៀមរាប ថ្ងៃចូលឆ្នាំប្រពៃណីខ្មែ។
លោក ឯម ហៀង នាយករដ្ឋបាល NOCC និងជាគណៈកម្មការបច្ចេកទេសរៀបចំកីឡាអុកចត្រង្គ ប្រាប់ថា៖«ការចុះឈ្មោះត្រូវបានបើកទូលាយដោយមិនប្រកាន់អាយុភេទ ឬមកពីតំបន់ណានោះទេ ដោយយើងនឹងទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការ NOCC»។
លោកបញ្ជាក់ថា៖«ស្តេចអុកឆ្នាំចាស់មហាសង្ក្រាន្តអង្គរ ទាំងឆ្នាំ ២០១៤ និង ២០១១៥ និងស្តេចប្រចាំទិសទាំងបី មានស្តេចអុកបុណ្យសមុទ្រ នៅខេត្តកោះកុងឆ្នាំ ២០១៤ ស្តេចអុកបុណ្យសមុទ្រនៅកំពត ឆ្នាំ ២០១៥ និងស្តេចអុកបុណ្យន្លេឆ្នាំ ២០១៦ នឹងត្រូវមកចុះឈ្មោះប្រកួតជម្រុះដូចគ្នាជាមួយបេក្ខជនដទៃទៀតគឺមានសិទ្ធិដូចគ្នា»។
ការចាប់គូឬចាប់ឆ្នោតប្រកួត នឹងធ្វើឡើងនៅទីស្នាក់ការ NOCC នាថ្ងៃទី ៤ ខែមេសា ហើយការប្រកួតវគ្គ ១ ជម្រុះយកតែ ៨ នាក់ ដើម្បីទៅប្រកួតវគ្គ ២ និងផ្តាច់ព្រ័ត្រ នៅខេត្តសៀមរាប ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា នៅមុខប្រាសាទអង្គរ ដើម្បីរកស្តេចអុកមហាសង្គ្រានលើកទី ៣ តែម្តង។
លោក ហៀង ថា៖«ប្រកួតជម្រុះនៅវគ្គ ១ នៅភ្នំពេញមានតែ ១ ក្តារទេគឺអ្នកចាញ់ធ្លាក់ ប៉ុន្តែការប្រកួតយកលេខ ១ ជុំផ្ដាច់ព្រ័ត្រនៅសៀមរាប តម្រូវឲ្យលេង ៣ ក្ដារ ហើយនរណាឈ្នះ ២ ក្ដារមុន ជាអ្នកឈ្នះ តែបើឈ្នះម្នាក់ ១ ក្តារត្រូវបន្តលេងនៅក្តារទី ៣ ក្តាចុងក្រោយ»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បង្ហើបឲ្យដឹងថា ការប្រកួតអុកចត្រង្គមហាសង្ក្រាន្តឆ្នាំនេះ មិនទាន់កំណត់ចំនួនប្រាក់រង្វាន់ទេ ចំណែកឯអ្នកឧបត្ថម្ភគាំទ្រផ្តាច់មុខនៅមិនទាន់ប្រជុំសម្រេចនៅឡើយ។ លោកថា ការកំណត់ឲ្យច្បាស់លាស់ និងប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃច័ន្ទ សប្តាហ៍ ប៉ុន្តែលក្ខណៈនិងរូបមន្តនៃការប្រកួតគឺមានដូចឆ្នាំមុនដដែល៕


