ភ្នំពេញ: ការប្រកួតប្រណាំងកង់ស្វែងរកប្រាក់ជួយកុមារងាយរងគ្រោះ និងស្ត្រីមានវិបត្តិ ត្រូវបានគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៣ ខែធ្នូ ឆ្នាំ ២០១៦ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចុងសប្តាហ៍នេះ ខណៈការចុះឈ្មោះ នៅតែបន្តរហូតដល់ថ្ងៃសុក្រ ទី ២ ខែធ្នូ ឆ្នាំ ២០១៦។
ព្រឹត្តិការណ៍កីឡា និងទេសចរណ៍មួយនេះ ត្រូវរៀបចំឡើងដោយអង្គការដើម្បីមនុស្សធម៌ក្នុងការជួយកុមារ និងស្ត្រី ហើយវាត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបអស់រយៈពេល ១០ ឆ្នាំមកហើយ។
តាមការអះអាងពីគណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍មួយនេះ ត្រូវបានគាំទ្រដោយក្រុមហ៊ុនវិស័យឯកជនចំនួន ៥ ហើយការចុះឈ្មោះនៅតែបន្តរហូតដល់ថ្ងៃទី ២ ខែធ្នូ បើទោះបីការប្រកួតនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៦ ក៏ដោយ។
កញ្ញាសូ កានីកា អ្នកគ្រប់គ្រងកម្មវិធី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «គិតត្រឹមថ្ងៃម្សិលមិញ អ្នកជិះកង់បានមកចុះឈ្មោះជាបណ្តើរបានចំនួន ៤៧០ នាក់ហើយ ប៉ុន្តែ ការទទួលពាក្យនៅតែបន្តជានិច្ចរហូតជិតដល់ថ្ងៃប្រកួតតែម្តង»។
ចំនួនជាង ៣០០ នាក់ និងអ្នកជិះកង់មកពីបរទេសមានចំនួន ១៧០ នាក់ មកពី ១៥ ប្រទេស»។
អ្នកស្រី ហង្ស ពិផល ប្រធានអង្គការមនុស្សធម៌សម្រាប់កុមារ បានឲ្យដឹងថា៖ «សកម្មភាពប្រកួតកន្លងមករយៈពេល ១០ ឆ្នាំមកនេះ គឺទទួលបានការសហការ និង គាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជិះកង់កម្ពុជា និងអាជ្ញាធរអប្សរា ព្រមទាំងអង្គការ Angkor Wat Bike 4 Kids ផងដែរ»។
អ្នកស្រីបានប្រាប់បន្តថា៖ «សម្រាប់ឆ្នាំ ២០១៦ នេះ យើងទទួលបានការគាំទ្រពីក្រុមហ៊ុនធំៗជាវិស័យឯកជនចំនួន ៥ ដែលរួមមានស្រាបៀរកម្ពុជា (Khmer Brewery) ក្រុមហ៊ុនធានារ៉ាប់រង Manulife Cambodia PLC ភេសជ្ជៈស្ពនស័រ និងហាងលក់កង់ Giant (Giant Bicycle Cambodia ) Helo King Co. Ltd និង Unique Adventure The Cycle Tour»។
ស្របពេលជាមួយគ្នានេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា នេះគ្រាន់តែព្រឹត្តិការណ៍កីឡាប្រណាំងកង់បែបកម្សាន្តប៉ុណ្ណោះ ដោយមិនសំដៅលើការប្រជែងយកពានរង្វាន់ឡើយ។
អគ្គលេខាធិការរូបនេះ ដែលក៏ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះ បានឲ្យដឹងថា៖ «ប្រណាំងនេះជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍កម្សាន្ត ដែលមិនផ្តោតទៅលើចំណាត់ថ្នាក់ ឬ ប្រាក់រង្វាន់ឡើយ ប៉ុន្តែ ជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌សម្រាប់សង្គម ចំណែកកង់ប្រភេទណាក៏អាចចូលរួមប្រកួតដោយសេរី មិនប្រកាន់អាយុឡើយ»។
លោកបន្តថា៖ «នេះជាឱកាសកម្សាន្តមួយសម្រាប់ជូនឲ្យអ្នកជិះកង់នានានៅជុំវិញពិភពលោកចូលរួម ដើម្បីជិះកង់តាមតំបន់ព្រៃវាលស្រែ ដែលទេសភាពធម្មជាតិ និងតំបន់អង្គរដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ឬអាចឈប់សម្រាកថតរូបជាលក្ខណៈគ្រួសារផងដែរ»។
គណៈកម្មការរៀបចំការប្រកួតបានត្រៀមកង់ចំនួន ១០០ គ្រឿងដើម្បីយកទៅផ្ដល់ឲ្យសិស្សក្រីក្រចំនួន ១០០ នាក់ក្នុងខេត្តសៀមរាប និងខេត្តតាកែវ។
អាសយដ្ឋានដើម្បីចុះឈ្មោះចូលរួមប្រកួតនៅខេត្ត សៀមរាប គឺស្ថិតនៅ Angkor Fashion Plaza ផ្លូវលេខ ២០ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឬក៏អាចទាក់ទងតាមទូរស័ព្ទលេខ ០៦៣ ៩៦៩ ៦៦៧ ឬ ០១២ ០១៨ ២៨៩៕


