ក្រុងអាប៊ូដាប៊ី: Nico Rosberg បានឈ្នះពានពិភពលោកជាលើកទី ១ របស់គេកាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Abu Dhabi Grand Prix បើទោះបីកីឡាករ Lewis Hamilton បានព្រងើយកន្តើយទៅនឹងការបញ្ជារបស់ក្រុមដើម្បីព្យាយាមរារាំងកីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះ ក៏ដោយ។
Rosberg វ័យ ៣១ ឆ្នាំ បានបញ្ចប់រដូវកាលដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កីឡាប្រណាំងរថយន្ត F1 ជាមួយការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្រោមសម្ពាធយ៉ាងស្វិតស្វាញ ក្រោយពីរូបគេ និង Hamilton បានធ្វើការប្រជែងគ្នាយ៉ាងស្វិតស្វាញ។
Hamilton បានកត់ត្រាជ័យជម្នះជាលើកទី ១០ នៅរដូវកាលនេះ និងជាលើកទី ៥៣ ក្នុងអាជីពរបស់គេ ប៉ុន្តែ នៅតែមិនអាចឈ្នះពានពិភពលោក ដោយសារតែមានពិន្ទុសរុបតិចជាង ខណៈការរក្សាការប្រជែងរបស់គេបានផ្តល់ការខកចិត្តដល់ក្រុម និងមិត្តរួមក្រុមរបស់គេនៅជិតបញ្ចប់ការប្រកួត។
ការប្រើថេរវេលារបស់គេគឺមានរយៈពេល ៩ វិនាទីយឺតជាងថេរវេលាដែលរូបគេបានប្រើប្រាស់ក្នុងពេលប្រកួតជម្រុះ ហើយ Hamilton បានព្យាយាមផ្តល់ការលំបាកដល់ Rosberg ស្របពេលដែលកីឡាករ Sebastian Vettel បានដេញតាមពីក្រោយយ៉ាងប្រកៀកជាមួយក្រុម Ferrari របស់គេ។

Hamilton បានព្រងើយកន្តើយទៅនឹងការណែនាំចំនួនពីរលើកពីសំណាក់ក្រុមរបស់ខ្លួន ដើម្បីបង្កើនល្បឿន និងការនាំមុខរបស់គេ ប៉ុន្តែ មិនអាចបង្កើតស្ថានភាពមួយ ដែលអាចធ្វើឲ្យ Rosberg រងនូវការជែង និងវ៉ានាំមុខឡើយ។
Rosberg បានចូលរួមបង្កើតកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់មួយ តាមរយៈការក្លាយជាកូនប្រុសទី ២ របស់អតីតម្ចាស់ជើងឯកម្នាក់ ក្នុងការឈ្នះពានពិភពលោក ក្រោយពីឪពុករបស់គេគឺលោក Keke បានឈ្នះពានជើងឯកកាលពី ៣៤ ឆ្នាំមុនជាមួយក្រុម Williams។
កីឡាករចក្រភព អង់គ្លេស Damon Hill បានបង្កើតប្រវត្តិសាស្ត្រដូចគ្នានេះ នៅពេលរូបគេបានឈ្នះពានពិភពលោកជាមួយក្រុម Williams ក្រោយពីឪពុករបស់គេគឺលោក Graham បានឈ្នះកាលពីឆ្នាំ ១៩៩៦។
Rosberg ក៏បានក្លាយជាម្ចាស់ជើងឯកពិភពលោកទី៣ដែលមានសញ្ជាតិអាល្លឺម៉ង់ ផងដែរ។
ភាពតានតឹងផ្សេងៗបានធូរស្រាលវិញ នៅពេលដែលកីឡាករទាំង ៣ ឡើងទៅឈរនៅលើឆាក ក្រោយពីការប្រណាំងនេះ ដោយកីឡាករ Vettel បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ សម្រាប់ក្រុម Ferrari ក្រោយពីបាននាំមុខលើកីឡាករហូឡង់ Max Verstappen និងមិត្តរួមក្រុម Red Bull របស់គេគឺ Daniel Ricciardo។
Rosberg បានធ្វើការអបអរតាមរយៈការឱបលោក Bernie Ecclestone ប្រធានកីឡា F1 ខណៈដែល Hamilton សម្លឹងចុះក្រោមក្នុងទឹកមុខយ៉ាងខកចិត្ត។
Rosberg ដែលបានសង្គ្រោះក្នុងការប្រកួតលើជុំចុងក្រោយយ៉ាងស្វិតស្វាញនោះ បានឲ្យដឹងថា៖ «ស្របពេលដែលកីឡាករ Vettel និង Verstappen កំពុងដេញតាមពីក្រោយខ្ញុំ ការបញ្ចប់មិនបានស្ថិតក្នុងកម្រិតដ៏រីករាយបំផុតឡើយ។ ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការទទួលបានសមិទ្ធិផលដូចទៅនឹងឪពុករបស់ខ្ញុំដែរ»។
នៅឆាក Hamilton បានចូលរួមអបអរមិត្តរួមក្រុមរបស់ខ្លួន និងបានឱប ក៏ដូចជាចាប់ដៃរលាក់ផងដែរ។
Hamilton បាននិយាយថា៖ «សូមធ្វើការអបអរសាទរដល់ Nico។ គេពិតជាធ្វើបានល្អមែន»៕ AFP/IS


