ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំង និងកំពុងតែមានប្រជាប្រិយ ពុទ្ធ ហ៊ុច និង រឿង សោភ័ណ្ឌ ដែលជាមិត្តសម្លាញ់នឹងគ្នានោះ ត្រូវបានគណៈកម្មការផ្គូផ្គូងប្រចាំសង្វៀនប៉ុស្តិ៍លេខ៣ ដាក់ឲ្យពួកគេប្រកួតមិត្តភាពអន្តរជាតិ ជាមួយកីឡាករបរទេសខុសសញ្ជាតិ ក្នុងពេលតែមួយគឺនៅល្ងាចថ្ងៃអាទិត្យ ខាងមុខនេះ។
នៅក្នុងការប្រកួត ដែលត្រូវបានគេរំពឹងថា នឹងមានភាពស្វិតស្វាញមួយនេះអ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍ ត្រូវដាក់ឲ្យប្រកួតជាមួយអ្នកប្រយុទ្ធរបស់ថៃ Thanawut Paosupab ក្នុងទម្ងន់៦៧គីឡូក្រាម ឯអ្នកលេងស្នៀតជើង ពុទ្ធ ហ៊ុច ត្រូវប្រកួតជាមួយកីឡាករមកពីអ៊ីតាលី Davin Parentt ក្នុងទម្ងន់៦៩គីឡូក្រាម។
សម្រាប់ការប្រកួតអន្តរជាតិមួយរយៈចុងក្រោយនេះទាំង រឿង សោភ័ណ្ឌ និង ពុទ្ធ ហ៊ុច សុទ្ធតែទទួលបានលទ្ធផលល្អ ហើយបច្ចេកទេសប្រកួតដ៏មានប្រសិទ្ធភាពរបស់គេ តែងតែធ្វើឲ្យអ្នកទស្សនាសរសើរមិនដាច់ពីមាត់ ពិសេស រឿង សោភ័ណ្ឌ តែម្តង។ ប៉ុន្តែកីឡាករបរទេសទាំង២នាក់ ដែលពួកគេត្រូវជួបលើកនេះ មិនធ្លាប់មកប្រកួតនៅកម្ពុជាទេ ហើយក៏មិនដឹងថា ពួកគេមានសមត្ថភាពប្រកួតដល់កម្រិតណានោះដែរ ខណៈអ្នកដឹកនាំកីឡាករបរទេសមកប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៣ មិនទាន់បង្ហាញពីប្រវត្តិប្រកួតមកនោះ។
តែទោះបីជាយ៉ាងណា លោក ទី រ៉ាណាត នាយកផ្នែកផលិតកម្មវិធីប៉ុស្តិ៍លេខ៣ ហាក់មានការជឿជាក់ទៅលើដៃគូសហការ ដែលបាននាំកីឡាករបរទេសមកប្រកួតនៅលើសង្វៀនរបស់ខ្លួន ដោយលោកបានបញ្ជាក់ថា៖«អ្នកនាំកីឡាករមកប្រកួតលើកនេះអាចទុកចិត្តបាន មិនមែនអ្នកដឹកនាំកីឡាករមកកាលពីសប្តាហ៍កន្លងទៅ ដែលយកកីឡាករបរទេសខ្សោយៗមកប្រកួតនោះទេ។ កីឡាករបរទេស ដែលខាងដៃគូសហការក្រោយនេះយកមកប្រកួតចំនួន៣ទៅ៤លើកកន្លងមក គឺសុទ្ធតែមានសមត្ថភាពប្រកួតល្អៗ ដោយបានធ្វើឲ្យកីឡាករកម្ពុជារបស់យើងមួយចំនួនបានចាញ់ទៀតផង ហេតុនេះខ្ញុំមានការជឿជាក់ថា កីឡាករបរទេសដែលយកមកប្រកួតលើកនេះក៏មិនអន់នោះដែរ ព្រោះពួកគេបានដឹងច្បាស់ពីសមត្ថភាពប្រកួតរបស់ ពុទ្ធ ហ៊ុច នឹង រឿង សោភ័ណ្ឌ ហើយ»។
គួររំឭកថា កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមកនេះ ម្ចាស់សង្វៀនប៉ុស្តិ៍លេខ៣ បានសម្រេចផ្តាច់ទំនាក់ទំនងជាមួយអ្នកនាំកីឡាករបរទេសមកប្រកួត នៅលើសង្វៀនរបស់ខ្លួនបន្ទាប់ពីដៃគូសហការចាស់ឈ្មោះ«សាសា»នេះ នៅតែបន្តនាំយកកីឡាករបរទេសបែបទេសចរណ៍គឺកីឡាករជនជាតិរុស្ស៊ី Mario Vidolov Todorov ឲ្យអ្នកប្រដាល់កម្ពុជា ឡុង សុភី បុកជង្គង់បណ្តាលឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១យ៉ាងងាយស្រួលបំផុតនោះ។
ចំណែកដៃគូសហការក្រោយឈ្មោះ«ណយ»នេះ តែងតែនាំយកកីឡាករល្អមកប្រកួតដូចការបញ្ជាក់របស់លោក ទី រ៉ាណាត មែន ព្រោះការនាំយកកីឡាករបរទេសមកប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៣កន្លងមកនេះគឺយ៉ាងហោចណាស់ ក្នុងចំណោមកីឡាករបរទេស២នាក់ ក៏មានឈ្នះកីឡាករកម្ពុជាម្នាក់ដែរ។ ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតនៅសប្តាហ៍នេះ មិនដឹងថា កីឡាករបរទេសដែលនាំមកដោយដៃគូសហការឈ្មោះណយនេះ អាចឈ្នះបានម្នាក់ ឬត្រូវចាញ់ទាំង២នាក់នោះទេ ព្រោះ រឿង សោភ័ណ្ឌ និង ពុទ្ធ ហ៊ុច សុទ្ធតែមានក្បាច់ពិសេសក្នុងការផ្តួលដៃគូឲ្យសន្លប់។
ទាក់ទងទៅនឹងការប្រកួតនេះលោក ឈិន ក្វាន់ចៃ គ្រូបង្វឹករបស់ រឿង សោភ័ណ្ឌ បានប្រាប់កាលពីម្សិលមិញថា៖«រឿង សោភ័ណ្ឌ បានមកហ្វឹកហាត់ជាប់លាប់បាន៤ថ្ងៃហើយ ហេតុនេះគេមានកម្លាំងស៊ុហ្វគ្រប់គ្រាន់ក្នុងការប្រកួត ព្រោះយើងក៏មានកីឡាករល្អៗមួយចំនួនទៀតនៅក្នុងក្លិបដើម្បីឲ្យឡាំជាមួយ សោភ័ណ្ឌ ដែរ ប៉ុន្តែដោយសារតែយើងមិនទាន់ដឹងពីសមាសភាពគូប្រកួតរបស់យើងថា គេខ្លាំងប៉ុន្មាន មានកម្ពស់ខ្ពស់លើសយើងឬក៏អត់នោះ យើងមិនអាចព្យាករទុកមុនបានឡើយ តែខ្ញុំជឿថា សោភ័ណ្ឌ មិនភ្លាត់ទេ»៕


