ភ្នំពេញៈ អង្គការ Operation ASHA ដែលកំពុងអនុវត្តសកម្មភាពការងារផ្នែកសុខាមាលភាពក្នុងស្រុកប្រតិបត្តិចំនួន ១៥ នៃខេត្តចំនួន ៨ នៅកម្ពុជា បានរួមសហការជាមួយដៃគូឧបត្ថម្ភជាច្រើនទៀត រៀបចំការប្រកួតបាល់ទាត់ហ្វុតសាល OpASHA Charity Futsal Tournament 2016 ដើម្បីកៀរគររកជំនួយជួយដល់អ្នកជំងឺរបេងចំនួន ៣៥០ នាក់ ដែលត្រូវការការព្យាបាលជាចាំបាច់។
ក្រុមបាល់ទាត់ចំនួន ១៦ ដែលភាគច្រើនជាអ្នកឧបត្ថម្ភក្នុងការប្រកួតនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតគ្នា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១ រសៀលថ្ងៃអាទិត្យ ទី ១០ ខែកក្កដា នៅទីលានសិប្បនិម្មិត Central Park Sports Complex ក្នុងខណ្ឌទួលគោក។
ក្រុមទាំង ១៦ នឹងត្រូវចែកជា ៤ ពូល ហើយបានលេខ ១ និងលេខ ២ នៃពូលនីមួយៗ ត្រូវឡើងទៅវគ្គ ៨ ក្រុម រួចយកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈក្រុមម្ចាស់ជើងឯក នឹងទទួលបានឱកាសប្រកួតមិត្តភាពជាមួយក្រុមភ្នំពេញក្រោន។
ក្នុងសន្និសីទកាសែត ដែលនៅ Himawari Hotel កាលពីថ្ងៃពុធ ម្សិលមិញ តំណាងរបស់អង្គការ Operation ASHA ថ្លែងថា៖ «គោលបំណងសំខាន់នៃការបង្កើតការប្រកួតនេះ គឺដើម្បីរៃអង្គាសថវិកាឲ្យបាន ២ ម៉ឺនដុល្លារ ដើម្បីបន្តការគាំទ្រ និងជួយដល់អ្នកជំងឺរបេងចំនួន ៣៥០ នាក់ នៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី និងស្រុកដូនកែវ ខេត្តតាកែវ ដែលកំពុងត្រូវការព្យាបាលជាចំាបាច់ ហើយយើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ ដែលមានបំណងរួមគ្នាធ្វើឲ្យប្រសើរឡើងនូវសុខាមាលភាពនៅក្នុង សង្គម នឹងចូលរួមឧបត្ថម្ភ ដល់ពួកយើង»។
ជុំវិញបញ្ហនេះ តំណាងរបស់អង្គការ Operation ASHA បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ យើងកំពុងប្រឈមមុខនូវការខ្វះខាតថវិកា ដើម្បីបន្តសកម្មភាពនៅស្រុកមនោរម្យ និងស្រុកដូនកែវ ស្របពេលជំនួយដ៏សំខាន់ នឹងអាចបញ្ចប់នៅខែធ្នូ ឆ្នាំ ២០១៦។
បើសិនជាមិនមានជំនួយទេនោះ អ្នកជំងឺរបេងទាំង ៣៥០ នាក់នោះ នឹងបាត់បង់ ឱកាសបន្តការព្យាបាល ហើយ ការខកខានព្យាបាលនោះ នឹងអាចធ្វើឲ្យអ្នកទាំងនោះ ក្លាយជាអ្នកជំងឺរបេងស៊ាំថ្នាំ ដែលទាមទារការព្យាបាលយូរ ព្រមទាំងប្រឈមមុខនឹងផលរំខាននៃថ្នាំធ្ងន់ធ្ងរ ហើយឱកាសនៃការចម្លងមេរោគនេះទៅកាន់អ្នកជាទីស្រឡាញ់នៅជុំវិញខ្លួនរបស់ពួកគេ ក៏កាន់តែខ្ពស់»។
ចំណែក លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានថ្លែងថា៖ «ASHA បានចូលរួមយ៉ាងឧត្តុង្គឧត្តមក្នុងការទប់ស្កាត់ និងព្យាបាលជំងឺរបេងនៅកម្ពុជា ហេតុនេះក្នុងនាមឲ្យ FFC គឺយើងមានមោទនភាព ក្នុងការចូលរួមលើបច្ចេកទេស សម្ភារ និងមន្រ្តីរៀបចំការប្រកួតនេះ ហើយយើងមើលឃើញថា សកម្មភាព ASHA មិនត្រឹមតែបានជួយលើកស្ទួយវិស័យបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់បាល់ទាត់ ដើម្បីប្រមូលកៀងគរថវិកា សម្របា់លើកកម្ពស់ផ្នែកសុខាមាលភាពជាសាធារណៈនៅកម្ពុជា ទៀតផង។ដូច្នោះហើយ FFC សូមប្រកាសគាំទ្រនៅសកម្មភាពនេះ និងសូមអរគុណដល់ ASHA ដែលបានប្រឹងប្រែងជួយដល់កម្ពុជាយើង»៕


