ភ្នំពេញៈ កម្មវិធីប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍មួយចំនួន ចុងសប្តាហ៍នេះ នឹងត្រូវផ្អាកនូវកម្មវិធីប្រដាល់ខ្លះ ដោយសារតែជាន់ម៉ោងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ នាថ្ងៃអាទិត្យ នៅមុខព្រះបរមរាជវាំង ប៉ុន្តែចំពោះសង្វៀនប៉ុស្តិ៍លេខ ៥ ផ្អាកទាំងស្រុងតែម្តង ឬបិទទ្វារជាថ្មី ហើយក៏មិនដឹងថា អាចមានលទ្ធភាពបើកវិញ ឬក្ស័យធនយ៉ាងណានោះឡើយ។ នេះតាមការឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាប្រដាល់កម្ពុជា កាលពីម្សិលមិញ។
លោក និន វណ្ណដា មន្ត្រីកាន់កម្មវិធីប្រកួតប្រដាល់របស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា៖ «នៅចុងសប្តាហ៍នេះ ការប្រកួតប្រដាល់ មាននៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដូចធម្មតាចំណែកនៅថ្ងៃអាទិត្យវិញ បានផ្អាក លើកលែងតែសង្វៀនអាស៊ីអាគ្នេយ៍ គឺមានការប្រកួតព្រឹកថ្ងៃអាទិត្យ ខណៈដែលថ្ងៃអាទិត្យពេលរសៀល និងយប់បានផ្អាកសិន។ ចំណែកការប្រកួតនៅល្ងាចថ្ងៃសុក្រ និងសៅរ៍របស់សង្វៀនអាស៊ីអាគ្នេយ៍នៅប្រកួតធម្មតា ហើយសង្វៀន CNC និង CTN ថ្ងៃសៅរ៍ក៏នៅធម្មតាដែរ»។
ដោយឡែកការផ្អាកការប្រកួតជាថ្មីរបស់សង្វៀនប៉ុស្តិ៍លេខ ៥ ត្រូវបានមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា មួយចំនួនបានបង្ហើបឲ្យដឹងថា ការផ្អាកការប្រកួតរបស់សង្វៀនប៉ុស្តិ៍លេខ ៥ ជាថ្មីទៀតនេះ ដោយសារការប្រកួតគ្មានការទាក់ទាញ ព្រោះកីឡាករដែលមានសមត្ថភាពប្រកួតល្អ មិនចង់ចូលប្រកួតទៀតទេ ដោយសារតែការដឹកនាំរបស់មន្ត្រីគ្រប់គ្រងការប្រកួតនៅសង្វៀននេះគ្មានសមត្ថភាពទប់ស្កាត់ភាពអនាធិបតេយ្យ ក្នុងការផ្គូផ្គង និងផ្តល់ជ័យជម្នះគ្មានតម្លាភាព ព្រមទាំងមានអំពើឃុបឃិតពីរឿងភ្នាល់លុយជ្រាបចូលបាន។
គួរំឭកថា សង្វៀនប៉ុស្តិ៍លេខ ៥ បានបង្កើតកម្មវិធីប្រកួតប្រដាល់ ដោយមានការផ្សាយផ្ទាល់មុនគេ គឺតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ប៉ុន្តែការដឹកនាំគ្រប់គ្រងដោយលោក សេង កដិកា ដែលបច្ចុប្បន្នបានឡើងទៅជាអគ្គនាយករងប្រចាំប៉ុស្តិ៍លេខ ៥ នោះ គឺលទ្ធផលការប្រកួតត្រូវបានមហាជនដាក់លេខនៅក្រោមបាតតារាង ខណៈសង្វៀនប្រដាល់របស់ប៉ុស្តិ៍ដទៃទៀត ដែលបង្កើតក្រោយៗ មានភាពជឿនលឿន មានតម្លាភាព មានប្រិយមិត្ត និងមានក្រុមហ៊ុនគាំទ្រច្រើនលើសលុប។
បុគ្គលិកធ្វើការនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ខាងក្រុមហ៊ុនស្ពនស័រកម្មវិធី គេលែងចង់ជួយប៉ុស្តិ៍លេខ ៥ ហើយ ព្រោះខ្សត់អ្នកទស្សនា ហើយកីឡាករល្បីៗមួយចំនួន មិនចង់មកប្រកួតទេ ដោយសារកាត់ក្តីតាមបក្ខពួក»។
ប្រភពដដែលបានអះអាងថា៖ «លោក សេង កដិកា បានដឹកនាំការប្រកួតប្រដាល់នេះ ២០ ឆ្នាំហើយ តែលទ្ធផលចំណាត់ថ្នាក់ឥឡូវគឺនៅបាតតារាង! បើប្រៀបធៀបទៅនឹងប៉ុស្តិ៍ទូរទស្សន៍ដទៃ រួមមានសង្វៀនទូរទស្សន៍ PNN, CNC, CTN បាយ័ន អប្សរា អាស៊ីអាគ្មេយ៍ ដែលបានបង្កើតក្រោយ គឺគេមានអ្នកទស្សនាចូលមើលណែនតាន់តាប់ ខណៈសង្វៀនប៉ុស្តិ៍លេខ ៥ មានទីតាំង និងកន្លែងអង្គុយល្អ មិនគិតលុយ ហើយមានការចាប់ឆ្នោតយករង្វាន់ទៀត ប៉ុន្តែនៅតែខ្សត់អ្នកទស្សនា»៕


