ភ្នំពេញៈ ពិធីបើកកីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ កាលពីយប់ថ្ងៃសុក្រ បានធ្វើឲ្យមានការកោតសរសើរពីមហាជន និងស្ថាប័នកីឡាអន្តរជាតិថា ដំណើរការទៅបានរលូន និងមានភាពទាក់ទាញខ្លាំង ប៉ុន្តែលោក វ៉ាត់ ចំរើន អ្នកជំនាញ និងអ្នកគ្រប់គ្រងដោយផ្ទាល់ទៅលើពិធីបើកបិទ កីឡាជាតិនេះ ហាក់មិនទាន់ស្កប់ចិត្ត និងមានមោទនភាពខ្លាំង ទៅនឹងភាពអស្ចារ្យនេះនៅឡើយទេ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ទាំងភ្ញៀវជាតិ អន្តរជាតិ និងអ្នកទស្សនាជាពលរដ្ឋសរុបជាង ៦ ម៉ឺននាក់ មានការសប្បាយរីករាយ និងរំភើប។ គាត់និយាយថា យើងបានធ្វើក្នុងលក្ខណៈមួយដ៏សមរម្យ និងមានភាពគគ្រឹកគគ្រេង បានទាក់ទាញគាត់ ឲ្យគាត់មើលឃើញពីអ្វីមួយ ដែលបានដក់ក្នុងអារម្មណ៍ ជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់ពួកគាត់ និងជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិយើង អ៊ីចឹងយើងទាំងអស់គ្នា ត្រូវខំប្រឹងបន្តទៀត»។
អ្នកជំនាញកីឡារូបនេះ បានបន្តថា៖ «យើងនៅមានពេលធ្វើឲ្យមានភាពអស្ចារ្យជាងនេះទៀត នៅពេលក្រោយៗ ជាពិសេសនៅក្នុងពិធីបិទការប្រកួតកីឡាជាតិ នាថ្ងៃទី ៤ ខែមិថុនា យើងត្រូវតែមានលក្ខណពិសេសផ្សេងៗទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងការធ្វើឲ្យមានឧត្តមភាព ក្នុងការរៀបចំ គឺធ្វើយ៉ាងណាឲ្យមានបទពិសោធ ក្នុង ការរៀបចំនេះ ហើយត្រូវការការកែលម្អ ដុសខាត់ឲ្យកាន់តែមានភាពប្រសើរឡើង»។
ការផ្គុំមនុស្សរាប់ពាន់នាក់ ឲ្យចេញជារូបភាពផ្សេងៗ និងការសម្តែងចលនាកាយសមស្របរបស់ក្រុមអត្តពលិក រួមទាំងការបង្ហាញនូវទស្សនីយភាពជាច្រើនទៀត អមជាមួយនឹងការបង្ហើរសំនៀងដ៏ពីរោះរបស់តារាចម្រៀងល្បីៗប្រចាំនៅកម្ពុជា ពិសេសការបាញ់កាំជ្រួចតាមបច្ចេកទេសទំនើប ធ្វើឲ្យពិធីបើកការប្រកួតកីឡាជាតិ កាលពីយប់ថ្ងៃសុក្រ ដោយបានចំណាយអស់ជិត ៤០ ម៉ឺនដុល្លារ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានដំណើរការទៅយ៉ាងរលូន និងប្លែកអស្ចារ្យបំផុត។
បន្ថែមលើនេះ ការទទួលបានការព្រះរាជទានភ្លើងគប់ដោយផ្ទាល់ ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង បានក្លាយជាប្រវត្តិសាស្ត្រ លើកដំបូង ក្នុងវិស័យកីឡានៅកម្ពុជា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំស្ថាប័នកីឡាអន្តរជាតិធំៗ មានការកោតសរសើរ ចំពោះការរៀបចំពិធីបើកកីឡាជាតិ លើកទី ២ ដ៏ល្អនេះ ប៉ុន្តែលោក វ៉ាត់ ចំរើន លើកឡើងថា វាមិនមែនជាមោទនភាពនោះទេ គឺយើងត្រូវខំប្រឹងបន្ថែមទៀត។
នៅត្រង់ចំណុចនេះ លោក ចំរើន ថ្លែងថា៖ «ខ្ញុំបានជួបគណៈកម្មាធិការក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏ដូចជានៅក្នុងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលគាត់បានមកសង្កេតការណ៍នេះ ហើយពួកគាត់បានមើលឃើញថា យើងធ្វើបានកម្រិតស្រដៀងទៅនឹងស៊ីហ្គេមហើយ គឺពិធីបើករបស់យើង អាចធ្វើជាស៊ីហ្គេម បានទៅហើយ ប៉ុន្តែយើងមិនមានមោទនភាពទេ គឺយើងត្រូវការការដុសខាត់បន្ថែមទៀត»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ថ្វីដ្បិតតែយើងធ្វើបានកម្រិត នេះ ប៉ុន្តែយើងត្រូវមានបទពិសោធ បន្ថែម ព្រោះយើងនៅមានកន្លែងខ្វះខាតខ្លះដែរ។ ពួកគាត់សប្បាយចិត្ត ដោយបានឃើញកីឡាករ កីឡាការិនីរបស់យើងប្រមូលកម្លាំងគ្នា ធ្វើកីឡាជាតិនេះ ព្រោះនេះជាចលនាមួយជួយជំរុញឲ្យមាន ការរីកចម្រើននូវចលនាកីឡា នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាចលនាជួយរុញចលនាកីឡានៅក្នុងតំបន់នេះ ឲ្យមានការរីកចម្រើនទៅក្នុងពិភពលោកផងដែរ»។
ផ្តោតទៅលើថ្នាក់ដឹកស្ថាប័នកីឡាអន្តរជាតិខាងលើដដែលនេះ លោក ចំរើន បានបញ្ជាក់ថា៖ «អ៊ីចឹងហើយបានជាពួកគាត់សុចិត្តចូលរួមគាំទ្រ និងវាយតម្លៃដល់ការរៀបចំកីឡាជាតិរបស់យើង។ គាត់បាននិយាយថា គ្មានអីប្រសើរ ជាងធ្វើ Games នោះទេ ព្រោះការធ្វើ Games ជាឱកាសដ៏កម្រ សម្រាប់យុវជន ក្នុងការធ្វើបុណ្យជាមួយគ្នា ប្រកួតប្រជែងសមត្ថភាពគ្នា ក្នុងការរៀបចំឲ្យស្គាល់ពីបំណិនជីវិត និងសមត្ថភាពរបស់មនុស្សម្នាក់ៗផ្ទាល់ខ្លួន»៕


